ក្រុមប្រឹក្សាធម្មនុញ្ញនឹងសម្រេចលើអនាគតចូលរួមបោះឆ្នោតសកលលើគណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ (Video Inside)

គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ នឹងដឹងលទ្ធផលចុងក្រោយរបស់ខ្លួនក្នុងសប្តាហ៍នេះ ពាក់ព័ន្ធនឹងការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញជុំវិញអនាគតចួលរួម ឬមិនបានចូលរួមក្នុងការបោះឆ្នោតសកលខែកក្កដាខាងមុខនេះ។

សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាធម្មនុញ្ញនៅថ្ងៃអង្គារនេះ បានឱ្យដឹងថាក្រុមប្រឹក្សាធម្មនុញ្ញនឹងពិនិត្យបើកកិច្ចប្រជុំ ដើម្បីសម្រេចលើបណ្តឹងតវ៉ារបស់គណបក្សប្រឆាំងទាំង២នេះ នៅថ្ងៃទី២៥ ឧសភាខាងមុខនេះ។

គណបក្សភ្លើងទៀន និងគណបក្សមហាសាមគ្គីជាតិខ្មែរ កាលពីថ្ងៃទី១៩ ឧសភា ឆ្នាំ២០២៣ បានដាក់ពាក្យប្តឹងតវ៉ាទៅក្រុមប្រឹក្សាធម្មនុញ្ញ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានបដិសេធមិនឱ្យគណបក្សនយោបាយទាំង២ ចុះបញ្ជីឈរឈ្មោះបោះឆ្នោតតំណាងរាស្ត្រ ដោយសារមិនបំពេញតាមឯកសារ នៃនីតិវិធីរបស់គជបបានតម្រូវ។

យោងតាមគជបគណបក្សនយោបាយទាំង២នេះ មិនបានភ្ជាប់មកជាមួយនូវប្រកាសស្តីពីការចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ ដែលមានបញ្ជាក់នីត្យានុកូលកម្មដោយរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ នៅការិយាល័យច្រកចេញចូលតែមួយឱ្យបានត្រឹមត្រូវ ស្របតាមកថខណ្ឌទី២ នៃចំណុចទី១ ក្នុងមាត្រា២៧ ច្បាប់ស្តីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញលោក ព្រហ្មវិចិត្រអក្ខរា បានថ្លែងនៅថ្ងៃទី២៣ ឧសភា ឆ្នាំ២០២៣ថា ក្រុមប្រឹក្សាធម្មនុញ្ញបានទទួលពាក្យបណ្តឹងរបស់គណបក្សទាំង២រួចហើយ និងថាក្រុមប្រឹក្សាច្បាប់កំពូលរបស់ជាតិនេះ នឹងប្រជុំពិនិត្យសម្រេចលើពាក្យប្តឹងតវ៉ាក្នុងសប្តាហ៍នេះហើយ។

ads banner