ប្រជាជានកម្ពុជារាប់ម៉ឺននាក់ ទទួលបានសិទ្ធិក្នុងការគ្រប់គ្រងធនធានព្រៃឈើ និងជលផលដោយនិរន្តរភាព
ភ្នំពេញ៖ គម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) បានកែប្រែនូវជីវិតប្រជាសហគមន៍កម្ពុជារាប់ម៉ឺននាក់ ឱ្យទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រង ការពារ និងទទួលផលប្រយោជន៍ពីធនធានព្រៃឈើ និងជលផល តាមរយៈការគាំទ្រដល់សហគមន៍ព្រៃឈើ១២០ សហគមន៍នេសាទ ៦៤ និងសហគមន៍តំបន់ការពារធម្មជាតិ ១១ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងព្រះវិហារ។
ការគាំទ្រមានដូចជា ការជួយឱ្យសហគមន៍ទទួលបានសិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងធនធានរបស់ពួកគេ រៀបចំផែនការគ្រប់គ្រង និងអនុវត្តផែនការនោះ ហើយសហគមន៍ដែលគម្រោងគាំទ្របច្ចុប្បន្ននេះកំពុងគ្រប់គ្រងផ្ទៃដីជាង២០០ ០០០ហិកតា។

នៅក្នុងសិក្ខាសាលា ភាពជាដៃគូលើវិស័យព្រៃឈើ និងជលផលនៅកម្ពុជា ស្តីពីបទពិសោធន៍ មេរៀន និងនវានុវត្តន៍នានា រយៈពេល១០ឆ្នាំ កន្លងមក នៅថ្ងៃទី ២៤ ខែឧសភា ឆ្នាំ ២០២៣ លោក Markus Buerli នាយកនៃទីភ្នាក់ងារសម្រាប់ការអភិវឌ្ឍ និងកិច្ចសហប្រតិបត្តិការប្រទេសស្វីស ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា ប្រជាជនរស់នៅជនបទក្នុងប្រទេសកម្ពុជាពឹងអាស្រ័យយ៉ាងខ្លាំងលើធនធាន ធម្មជាតិ សម្រាប់ជីវភាពរស់នៅរបស់ពួកគេ ប៉ុន្តែពេលខ្លះពួកគេមិនបានដឹងពីសិទ្ធិក្នុងការគ្រប់គ្រងធនធានទាំង នេះនៅឡើយ។
លោកបានបន្ថែមថា គម្រោង PaFF បានកាត់បន្ថយភាពខ្វះខាតនេះ ដោយជួយសហគមន៍រាប់ម៉ឺននាក់ឱ្យមានសិទ្ធិ ទទួលបាន និងប្រើប្រាស់លើធនធានព្រៃឈើ និងជលផល។ ជាមួយគ្នានេះដែរ ការគាំទ្រនេះ បានលើកកម្ពស់ ជីវភាព និងភាពស៊ាំរបស់សហគមន៍ ក្នុងការរួមចំណែកដល់កិច្ចប្រឹងប្រែងរបស់ប្រទេសកម្ពុជា ក្នុងការដោះស្រាយ បញ្ហាការប្រែប្រួលអាកាសធាតុ និងការការពារធម្មជាតិ។

លោក Markus មានប្រសាសន៍ថា ៖ «ជារួម ប្រជាជនជាង ៩៤ ០០០នាក់ ស្មើនឹង ៣៥ ០០០គ្រួសារ ទទួលបានផលប្រយោជន៍ពីការគាំទ្ររបស់ គម្រោង ដោយជាងពាក់កណ្តាលជាស្ត្រី និងមួយភាគប្រាំ (1/5)ជាជនជាដើម។ ជាងនេះទៅទៀត ប្រហែល ៣០ភាគរយ នៃតួនាទីគ្រប់គ្រង និងអ្នកដឹកនាំក្នុងសហគមន៍ព្រៃឈើ សហគមន៍នេសាទ សហគមន៍តំបន់ការពារ និង ក្នុងក្រុមឥណទានសហគមន៍បានកាន់កាប់ដោយស្ត្រី»។
លោកស្រី Carilla M Ottosson ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍អន្តរជាតិនៃស្ថានទូតស៊ុយអែតប្រចាំនៅកម្ពុជា បានលើឡើងថា ដោយផ្តោតការយកចិត្តទុកដាក់លើសិទ្ធិ និងការទទួលខុសត្រូវ គម្រោង PaFF បានពង្រឹង កិច្ចសហការ និងការចូលរួមរវាងរាជរដ្ឋាភិបាលកម្ពុជា និងសហគមន៍មូលដ្ឋាន។
លោកស្រី Carilla បានបញ្ជាក់ដូច្នេះថា ៖ «នេះជាភស្តុតាង បង្ហាញពីការ ឆ្លើយតបកាន់តែប្រសើរពីការរាយការណ៍របស់សហគមន៍ពាក់ព័ន្ធនឹងសកម្មភាពខុសច្បាប់ ការចូលរួមកាន់ត ច្រើនរបស់តំណាងពីសហគមន៍ក្នុងដំណើរការរៀបចំគោលនយោបាយ និងការអនុម័តពីអជ្ញាធរលើផែនការ គ្រប់គ្រងរបស់សហគមន៍ដែលគ្របដណ្ដប់ផ្ទៃដីព្រៃឈើ និងជលផលដ៏ធំ»។

ចំណែក លោកស្រី កែវ វណ្ណា ប្រធានបណ្តាញសហគមន៍ព្រៃឈើកំពង់ធំ បានឱ្យដឹងដែរថា ការបង្កើនការចែករំលែកព័ត៌មាន និងឥទ្ធិពលរួមគ្នា គម្រោង PaFF បានធ្វើការជាមួយបណ្តាញសហគមន៍ព ឈើសហគមន៍នេសាទ សហគមន៍តំបន់ការពារធនធម្មជាតិ ចំនួន ២០។
លោកស្រីថា គម្រោងក៏បានគាំទ្រដល់វេទិកាពហុភាគី ចំនួន ១០ ដោយមានតំណាងបណ្ដាញសហគមន៍ចូលរួមក្នុងការគៀងគរការគាំទ្រ ដើម្បីជួយដល់ការបង្កើនសិទ្ធិ សហគមន៍ និងការកែសម្រួលច្បាប់។
លោកស្រី កែវ វណ្ណា ថ្លែងថា ៖ «បណ្តាញបានផ្ដល់ឱកាសឱ្យខ្ញុំយ៉ាងច្រើន។ ខ្ញុំអាចកសាងសមត្ថភាពតាមរយៈវគ្គបណ្តុះបណ្តាល ដើម្បីចែករំលែក និងរៀនសូត្រពីអ្នកចូល រួមផ្សេងទៀត ទាំងនៅក្នុងប្រទេស និងក្រៅប្រទេស។ ខ្ញុំអាចប្រើប្រាស់ចំណេះដឹងទាំងនេះក្នុងការជួយដល់សហ គមន៍ដែលបានជ្រើសរើសខ្ញុំជាតំណាងពួកគេ»។
បើតាមគម្រោងភាពជាដៃគូលើវិស័យព្រៃឈើ និងជលផល (PaFF) ធនធានធម្មជាតិក្នុងប្រទេសកម្ពុជាបច្ចុប្បន្នទទួលបានការការពារច្រើនជាងមុន ដោយសារការកើនឡើងនៃការល្បាតសហគមន៍ និងការរាយកាណ៍ពីបទល្មើសពាក់ព័ន្ធនឹងដីព្រមទាំងធនធានធម្មជាតិ។

ពីឆ្នាំ២០២១ ដល់២០២២ គម្រោង PaFF គាំទ្រសហគមន៍លើកករណីពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ទន្ទ្រានដី និងបទល្មើសដទ ទៀតចំនួន ៤៨២ករណី ទៅកាន់អ្នកពាក់ព័ន្ធ។ ក្នុងនោះ ៦០ភាគរយ ត្រូវបានលើកយកមកដោះស្រាយដោយអ្នកពាក់ ព័ន្ធ។គម្រោង PaFF ក៏បានបង្កើត និងជួយដល់សហគ្រាសសហគមន៍រួមមាន សហគ្រាសទឹកឃ្មុំ ទ្រាំង អេកូទេសចរណ៍ និងផ្សេងៗទៀតផងដែរ។
ដើម្បីជួយដល់សហគមន៍ក្នុងការគ្រប់គ្រងធនធានឲ្យមាននិរន្តរភាពក្នុងរយៈពេលវែង គម្រោងPaFF បានបង្កើតឥណទានសហគមន៍ និងមូលនិធិអណត្តិព្យាបាលភាព នៅក្នុងសហគមន៍ចំនួន១៤១ ដោយមានដើមទុនសរុប ជាង ១.៤លានដុល្លាអាមេរិច និងផ្តល់ថវិកាជាង ៦ ៥០០ដុល្លាអាមេរិច ក្នុងមួយខែសម្រាប់គាំទ្រដល់ការគ្រប់គ្រង សហគមន៍គ្រប់គ្រងធនធានធម្មជាតិដោយសហគមន៍។ ឥណទានសហគមន៍ក៏អាចឲ្យសមាជិកខ្ចីថវិកាយកទៅបង្កើនជីវភាពរបស់ខ្លួនផងដែរ៕ ដោយ៖វណ្ណ សុជាតា