រដ្ឋមន្រ្តីក្រសួងផែនការបញ្ជាក់អំពីសារៈសំខាន់ នៃការងាររៀបចំរបាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត

ភ្នំពេញ ៖ ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង ផែនការ មានប្រសាសន៍ថា ការងាររៀបចំរបាយការណ៍ត្រួតពិនិត្យ ថ្នាក់ ជាតិដោយស្ម័គ្រចិត្ត គឺជាការងារមួយដ៏សំខាន់ ដើម្បីបង្ហាញដល់មតិជាតិ-អន្តរជាតិ បានឃើញពីការសម្រេចបានការប្ដេជ្ញាចិត្តរបស់រាជរដ្ឋា ភិបាល កម្ពុជា ក្នុងការអនុវត្តឱ្យបានសម្រេចគោលដៅអភិវឌ្ឍន៍ ប្រកបដោយ ចីរភាពកម្ពុជា និងរួមចំណែកធ្វើឱ្យសម្រេចបានរបៀបវារៈឆ្នាំ២០៣០ របស់អង្គការសហប្រជាជាតិ ។

ឯកឧត្តមលើកឡើងបែបនេះក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីបើកកិច្ចប្រជុំអន្តរក្រសួងកម្រិតនយោបាយ ដើម្បីពិនិត្យនិងផ្ដល់ការឯកភាព លើ សេចក្តីព្រាងរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៣ នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា (គអចក) នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារភ្នំពេញ ។

ឯកឧត្តម កិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន មានប្រសាសន៍បន្តថា របាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្ត ឆ្នាំ២០២៣ នេះ គឺ ជារបាយការណ៍ លើកទី២ ដែលរាជរដ្ឋាភិបាលកម្ពុជារៀបចំ ហើយតាមរយៈ របាយការណ៍ ត្រួតពិនិត្យថ្នាក់ជាតិ ដោយស្មគ្រ័ចិត្តលើកទី១ ឆ្នាំ២០១៩ ដែលពិនិត្យឃើញ ថា មានភាពខ្វះចន្លោះមួយចំនួន ស្របពេលដែលមានការ រីករាលដាលនៃ ជំងឺកូវីដ-១៩ រួមទាំងការមានសំណូមពរពីក្រសួង ស្ថាប័ន យើងបាន សម្រេច ចិត្តធ្វើការកែសម្រួលបញ្ជីចំណុចដៅ និងសូចនាករ ព្រមទាំងតម្លៃចំណុចដៅ របស់សូចនាករមួយចំនួន របស់គោលដៅ អភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឱ្យស្របតាមស្ថានភាព ជាក់ស្ដែងនៃ សង្គមសេដ្ឋកិច្ចកម្ពុជា និងធានានូវភាព មាន ទិន្នន័យគាំទ្រ និងស្រប តាមសំណូមពររបស់ភាគីទាំងអស់ ។ សូចនាករថ្មីមួយចំនួនក៏ត្រូវបានផ្ដល់សិទ្ធិ ដល់ក្រសួង ស្ថាប័នមួយចំនួន ដាក់បញ្ចូលក្នុងបញ្ជី ដើម្បីបង្ហាញពីកិច្ចខិតខំប្រឹងប្រែង និងការរួមចំណែក របស់ស្ថាប័នខ្លួនក្នុងការធ្វើឱ្យសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា។ ការរៀបចំរបាយការណ៍ត្រួតពិនិត្យថ្នាក់ជាតិដោយស្ម័គ្រចិត្តលើកទី២នេះ គឺផ្អែកជាមូលដ្ឋានលើបញ្ជីកែសម្រួល ដោយបានពង្រីកវិសាលភាព នៃការ ចូលរួម ដោយលើកទឹកចិត្តឱ្យមានការចូលរួមផ្ដល់ធាតុចូល និងពិនិត្យ ពិភាក្សា ពីភាគីពាក់ព័ន្ធនានា រួមទាំងសង្គមស៊ីវិល ផ្នែកឯកជន និង ដៃគូអភិវឌ្ឍន៍ ។

ឯកឧត្តមរដ្ឋមន្រ្តីបន្ថែមថា ផ្អែកតាមកម្មវិធីដែលបានកំណត់ដោយ អង្គការ សហប្រជាជាតិ ក្នុងដំណើរការរៀបចំរបាយការណ៍នេះ យើងបាន ផ្តល់ទៅ អង្គការសហប្រជាជាតិរួចហើយនូវសារគន្លឹះចំនួន៧០០ពាក្យ ស្តីពីវឌ្ឍនភាព នៃការសម្រេចបានគោលដៅអភិវឌ្ឍប្រកបដោយចីរភាពកម្ពុជា ឆ្នាំ២០២៣ ហើយរបាយការណ៍នេះ នឹងត្រូវផ្ដល់ទៅដល់អង្គការសហប្រជា ជាតិ នាថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ ហើយតំណាងរបស់រាជរដ្ឋាភិបាល កម្ពុជា នឹងត្រូវ ធ្វើ បទ បង្ហាញដោយផ្ទាល់នៅវេទិកានយោបាយកម្រិតខ្ពស់ នាខែកក្កដា ឆ្នាំ២០២៣៕ ដោយ៖ គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner