សម្តេចក្រឡាហោម ស ខេង ថ្លែងថាកម្ពុជាកំពុងអនុវត្តផែនការទសវត្សអង្គការសហប្រជាជាតិ កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ (Video Inside)

សម្តេចក្រឡាហោម ស ខេង បានអំពាវនាវពលរដ្ឋត្រូវចូលរួមការគោរពច្បាប់ចរាចរណ៍ និងសមត្ថកិច្ចត្រូវអនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់ ខណៈពេលដែលកម្ពុជាកំពុងអនុវត្តផែនការទសវត្ស អង្គការសហប្រជាជាតិ កាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវ។

គ្រោះថ្នាក់ចរាចរណ៍ បានគំរាមកំហែងដល់ជីវិតប្រជាពលរដ្ឋតាមដងផ្លូវជារៀងរាល់ថ្ងៃ។ សម្តេចក្រឡាហោម ស ខេង ក្នុងទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១៤ នៅក្រុងតាខ្មៅ ខេត្តកណ្ដាល នាព្រឹកថ្ងៃទី២៥ ខែឧសភា បានថ្លែងថាកម្ពុជាកំពុងអនុវត្តផែនការទសវត្ស អង្គការសហប្រជាជាតិក្នុងការប្តេជ្ញាកាត់បន្ថយគ្រោះថ្នាក់តាមដងផ្លូវឱ្យបាន៥០ភាគរយ។

គ្រោះថ្នាក់ចរាចរណ៍ ត្រូវគេកត់សម្គាល់ថាថ្ងៃខ្លះមានភាពធូរស្បើយ និងថ្ងៃខ្លះមានសភាពធ្ងន់ធ្ងរ។ ក្នុងខែឧសភា ឆ្នាំ២០២៣នេះ គឺនៅថ្ងៃទី១៨ ឧសភា មិនមានមនុស្សបានរងគ្រោះថ្នាក់ឡើយ ប៉ុន្តែនៅថ្ងៃទី២៣ ឧសភា មានសេចក្តីរាយការណ៍ការស្លាប់មានច្រើនដល់៩នាក់ និងអ្នករងរបួសមានដល់៥១នាក់។

សម្តេចក្រឡាហោម ស ខេង បានថ្លែងនៅថ្ងៃនេះកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍រយៈពេល៤ខែដើមឆ្នាំនេះ មានការធ្លាក់ចុះបើប្រៀបធៀបនឹងឆ្នាំកន្លងទៅ ក្នុងនោះចំនួនអ្នកស្លាប់មាន៥០២នាក់ក្នុងឆ្នាំ២០២៣ គ្រាដែលក្នុងឆ្នាំ២០២២ មានអ្នកស្លាប់តាមដងផ្លូវក្នុងរយៈពេលដូចគ្នាចំនួន៦៦២នាក់ ខណៈអ្នករងរបួសវិញមានចំនួន១ពាន់៣៦៣ នាក់លើចំនួន១ពាន់៦៦៤នាក់។

មន្ត្រីរាជរដ្ឋាភិបាលបានថ្លែងថា ក្នុងមួយឆ្នាំៗ គ្រោះថ្នាក់ដោយសារចរាចរណ៍ បានបង្ខាតថវិកាជាតិប្រមាណ៤៥០លានដុល្លារ ជាមួយនឹងការស្លាប់ និងរបួសដល់ពេលរដ្ឋច្រើនពាន់នាក់ថែមទៀត។

ads banner