ចិន និងកុងហ្គោព្រមព្រៀងធ្វើឱ្យទំនាក់ទំនងទ្វេភាគីទៅជាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ

ប៉េកាំង៖ ប្រធានាធិបតីចិន និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (DRC) បានប្រកាសនៅថ្ងៃសុក្រនេះ អំពីការលើកកម្ពស់ទំនាក់ទំនងទ្វេភាគី ពីភាពជាដៃគូយុទ្ធសាស្ត្រនៃកិច្ចសហប្រតិបត្តិការឈ្នះឈ្នះ ទៅជាភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រដ៏ទូលំទូលាយ។

ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បាននិយាយនៅក្នុងកិច្ចពិភាក្សាជាមួយប្រធានាធិបតីកុងហ្គោ លោក ហ្វែលឡិច ធីស៊ីស៊ីកខេដឌី ដែលកំពុងបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំងថា ប្រទេសចិន និងកុងហ្គោ គឺជាដៃគូយុទ្ធសាស្ត្រ ជាមួយនឹងមិត្តភាពប្រពៃណីដ៏ជ្រាលជ្រៅ ដែលបានបង្កើតឡើងនៅក្នុងដំណើរនៃការប្រយុទ្ធដើម្បីរំដោះជាតិ និងប្រឆាំងនឹងការឈ្លានពានអាណានិគម។

លោក ស៊ី បន្តថា ប្រទេសចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយកុងហ្គោ នៅក្នុងកិច្ចការពហុភាគី, ការអនុវត្តរួមគ្នានូវលទ្ធិពហុភាគីនិយម និងលើកកម្ពស់ភាពត្រឹមត្រូវ និងយុត្តិធម៌អន្តរជាតិ។ បន្ថែមលើនេះ លោក ស៊ី ក៏បានអំពាវនាវឱ្យភាគីទាំងពីរប្រកាន់ខ្ជាប់នូវបទដ្ឋានជាមូលដ្ឋានគ្រប់គ្រងទំនាក់ទំនងអន្តរជាតិ, ប្រឆាំងគ្រប់ទម្រង់នៃអនុត្តរភាព និងគោលនយោបាយប្រើអំណាច, ប្រឆាំងការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ប្រទេសដទៃ និងការពារផលប្រយោជន៍រួមរបស់ប្រទេសកំពុងអភិវឌ្ឍន៍។

ជាការឆ្លើយតប មេដឹកនាំកុងហ្គោបានថ្លែងអំណរគុណដល់ប្រទេសចិនសម្រាប់ជំនួយដ៏សំខាន់របស់ខ្លួន និងការគាំទ្រដ៏មានតម្លៃសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមរបស់កុងហ្គោ ក្នុងរយៈពេលកន្លះសតវត្សកន្លងមកនេះ។ ប្រធានាធិបតីកុងហ្គោរូបនេះបន្ថែមថា កុងហ្គោមានឆន្ទៈក្នុងការធ្វើការជាមួយចិន ដើម្បីធ្វើឱ្យស៊ីជម្រៅនូវកិច្ចសហប្រតិបត្តិការក្នុងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម ធនធាន ហេដ្ឋារចនាសម្ព័ន្ធ ការថែទាំវេជ្ជសាស្រ្ត និងវិស័យផ្សេងៗទៀត ដើម្បីពង្រឹងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកសាងទំនាក់ទំនងចាស់ទុំ ស្ថិរភាព និងជាមូលដ្ឋានសម្រាប់ផលប្រយោជន៍ប្រជាជនប្រទេសទាំងពីរ។

បន្ទាប់ពីកិច្ចពិភាក្សាខាងលើនេះ លោកប្រធានាធិបតីទាំងពីរក៏បានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួនផងដែរ នៅក្នុងវិស័យវិនិយោគ សេដ្ឋកិច្ចបៃតង សេដ្ឋកិច្ចឌីជីថល និងវិស័យផ្សេងៗទៀត៕ ប្រភព៖ ស៊ីនហួរប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner