លោក ថេង សាវឿន និងបក្សពួកទទួលស្គាល់កំហុស និងទម្លាយរឿងធ្វើតាមបរទេស និងបក្សប្រឆាំងផ្តួលរំលំរដ្ឋាភិបាល

ភ្នំពេញ៖ នៅទីបំផុត លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងបក្ខពួកពីរនាក់ បានទទួលស្គាល់កំហុសដែលធ្វើសកម្មភាពជឿតាមការចង្អុលបង្ហាញរបស់ជនបរទេស និងក្រុមអ្នកនយោបាយប្រឆាំងមួយចំនួន ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាល។ នេះបើយោងតាមលិខិតរបស់ទទួលកំហុសរបស់លោក ថេង សាវឿន នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៣។

លោក ថេង សាវឿន បានសរសេរលិខិត និងចេញវីដេអូសុំទោស ចំពោះអ្វីដែលខ្លួនធ្លាប់បានប្រព្រឹត្តនាពេលកន្លងមក ដោយជឿតាមការញុះញង់របស់ក្រុមមន្ត្រីគណបក្សប្រឆាំង។ តាមរយៈលិខិតទទួលកំហុសលោក ថេង សាវឿន បានទម្លាយឱ្យដឹងថា ដោយចាប់ផ្តើមពីសកម្មភាពបង្កើតសមាគម ហើយធ្វើសកម្មភាពរហូតមកដល់បច្ចុប្បន្ន លោកបានលង់ជឿតាមការចង្អុលរបស់ជនបរទេសមួយចំនួន និងក្រុមអ្នកប្រឆាំងមួយចំនួនក្នុងរូបភាពញុះញង់បង្កចលសាចលធ្វើឱ្យបាត់បង់ និងប៉ះពាល់សណ្តាប់ធ្នាប់សង្គមនិងសាធារណៈ ក្នុងរូបភាពប្រមូលផ្តុំសមាជិកសហគមន៍ជាកសិករឈានដល់ការប្រឆាំងក្នុងគោលបំណងផ្តួលរំលំរដ្ឋាភិបាលដោយមិនដឹងខ្លួន។

ក្រោយពីទទួលស្គាល់កំហុសដែលប្រព្រឹត្តកន្លងមកទាំងឡាយនេះ លោក ថេង សាវឿន បានសន្យាចំពោះមុខច្បាប់ និងអាជ្ញាធរមានសមត្ថកិច្ចថា នឹងមិនប្រព្រឹត្តសកម្មភាពទាំងឡាយ ដែលខុសពីលក្ខន្ដិកៈតម្កល់នៅក្រសួងមហាផ្ទៃ ច្បាប់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ព្រមទាំងលិខិតបទដ្ឋានគតិយុត្តនានាជាធរមាន។ លោកថេង សាវឿន ក៏បានសន្យាដកខ្លួនចេញពីសកម្មភាពនយោបាយ ដែលមានគោលដៅផ្ដួលរលំរាជរដ្ឋាភិបាលស្របច្បាប់។

គួររម្លឹកឱ្យដឹងថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចនគរបាលបានធ្វើការឃាត់ខ្លួនប្រធានសមាគមសម្ព័ន្ធសហគមកសិករកម្ពុជា(CCFC) និងបក្ខពួក ចំនួន១៧នាក់ នៅខេត្តក្រចេះ ដើម្បីធ្វើការសាកសួរបំភ្លឺ។ ក្នុងចំណោម១៧នាក់ មានការសង្ស័យមុខសញ្ញា០៣នាក់ដែលជាមេក្លោងទទួលខុសត្រូវ រួមមាន៖
១-ឈ្មោះ ថេង សាវឿន ភេទប្រុស ឆ្នាំ ប្រធានសមាគម
២-ឈ្មោះ ញិល ភាព ភេទប្រុស មន្រ្តីសមាគម
៣-ឈ្មោះ ថាន់ ហាច ភេទប្រុស មន្រ្តីសមាគម

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុនៃការឈានទៅឃាត់ខ្លួនមុខសញ្ញាទាំងនេះ ដោយសារតែក្រោយពេលដែលបញ្ចាប់ការបណ្តុះបណ្តាល នៅខេត្តរតនគីរី ពួកគេបានបន្សល់ទុកនូវឯកសារភស្តុតាងមួយចំនួនដែលមានខ្លឹមសារបែបញុះញង់ឱ្យមានការប្រឆាំងរាជរដ្ឋាភិបាល (បដិវត្តន៍កសិករ)។ បន្ទាប់ពីបានឃាត់បំភ្លឺ សាកសួរចម្លើយ និងស្រាវជ្រាវភស្តុតាងក្នុង កុំព្យូទ័រ មុខសញ្ញាមេក្លោង៣នាក់ខាងលើ បានសារភាពអំពីសកម្មភាពដែលផ្ទុយពីច្បាប់។

ប្រភពបន្តថា ដោយផ្អែកលើចម្លើយសារភាព និងភស្តុតាងដែលរឹបអូសបាន អាចសន្និដ្ឋានបានថា មុខសញ្ញាមេក្លោងទាំង៣នាក់ខាង ដឹកនាំដោយ ថេង សាវឿន គឺពិតជាមានចេតនា ប៉ុនប៉ងធ្វើសកម្មភាពចលនាបដិវត្តកសិករ ញុះញង់ប្រឆាំងរាជរដ្ឋាភិបាល។ វិធានការបន្តកសាងសំណុំរឿងបញ្ជូនមេក្លោងទាំង៣នាក់ទៅសាលាដំបូងខេត្តរតនគិរី ដើម្បីចាត់វិធានការតាមនីតិវិធី។ ចំពោះអ្នកបានចូលរួមឲ្យធ្វើកិច្ចសន្យាអប់រំ ណែនាំឱ្យវិលត្រលប់ទៅលំនៅដ្ឋានវិញ។ បន្តសហការស្រាវជ្រាវភស្តុតាង បក្ខពួកសេសសល់បន្ថែម ដើម្បីជាមូលដ្ឋានក្នុងការចាត់វិធានការតាមច្បាប់៕
ដោយ៖ពលជ័យ

ads banner