ជប៉ុនចំណាយគ្រាប់រំសេវជិត៦០តោនមានតម្លៃ៧.៦លានដុល្លារ ក្នុងសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ

តូក្យូ៖ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន បានធ្វើសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំប្រចាំឆ្នាំរបស់ខ្លួន ស្ថិតនៅជើងភ្នំហ្វូជី ភាគកណ្តាលប្រទេសជប៉ុន។

កងទ័ពប្រហែល ២,៥០០នាក់ ក្នុងថ្ងៃសៅរ៍នេះ បានចូលរួមក្នុងសមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំ នៅឯជំរុំហ្វឹកហាត់ Higashi-Fuji របស់កងកម្លាំងស្វ័យការពារជើងគោកជប៉ុន នៅក្នុងខេត្តស៊ីហ្ស៊ូអូកា។

គោលដៅសំខាន់របស់សមយុទ្ធនេះ គឺការត្រៀមខ្លួនទប់ទល់នឹងការឈ្លានពានមកលើកោះដាច់ស្រយាលណាមួយរបស់ប្រទេសជប៉ុន។ សមយុទ្ធបាញ់គ្រាប់ពិតនេះដែរ ពីមុនបានទាក់ទាញសាធារណៈជនទូទៅចូលរួមទស្សនាជាង ២០,០០០នាក់ជារៀងរាល់ឆ្នាំ។

ប៉ុន្តែការទស្សនាត្រូវបានលុបចោលក្នុងរយៈពេលបីឆ្នាំកន្លងមកនេះ ដោយសារតែជំងឺរាតត្បាតកូវីដ១៩។ គិតមកទល់ពេលនេះ កងកម្លាំងស្វ័យការពារជើងគោកជប៉ុន ពុំមិនទាន់សម្រេចចិត្តបើកឱ្យសាធារណៈជនចូលទស្សនាទេ បើទោះជាមានការបន្ធូរបន្ថយការរឹតបន្តឹងជំងឺរាតត្បាតក៏ដោយ។

សមយុទ្ធបាញ់គ្រាប់ពិតទ្រង់ទ្រាយធំខាងលើនេះ ត្រូវបានធ្វើឡើងស្របពេលដែលក្រុមមន្ត្រីជប៉ុនបានលើកឡើងពីភាពតានតឹងកាន់តែខ្លាំងឡើង ពាក់ព័ន្ធនឹងស្ថានភាពសន្តិសុខ និងតម្រូវការសម្រាប់ការត្រៀមខ្លួនទប់ទល់ទុកជាមុន។

ក្រុមមន្ត្រីជប៉ុនបាននិយាយថា សមយុទ្ធបាញ់គ្រាប់ពិតនេះបានបិទបញ្ចប់នៅយប់ថ្ងៃសៅរ៍នេះ (ម៉ោងក្នុងតំបន់) ដោយកងទ័ពបានប្រើប្រាស់គ្រាប់រំសេវអស់ចំនួន ៥៧តោន ដែលមានតម្លៃប្រហែល ១.០៧ពាន់លានយ៉េន ឬប្រហែល៧.៦លានដុល្លារ៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner