ប្រេស៊ីលនឹងរៀបចំកិច្ចប្រជុំ COP30 នៅឆ្នាំ ២០២៥ ក្នុងតំបន់ព្រៃ Amazon

ប្រាស៊ីលីយ៉ា៖ រដ្ឋាភិបាលប្រេស៊ីលបានប្រកាសថា សន្និសីទអង្គការសហប្រជាជាតិឆ្នាំ ២០២៥ ស្តីពីការប្រែប្រួលអាកាសធាតុ ដែលត្រូវបានគេស្គាល់ថា COP30 នឹងប្រព្រឹត្តទៅនៅទីក្រុង Belem ក្នុងតំបន់ព្រៃ Amazon។

ប្រធានាធិបតីប្រេស៊ីល លោក លូឡា ដាស៊ីលវ៉ា បាននិយាយតាមរយៈប្រព័ន្ធវីដេអូថា ព្រៃ Amazon បានក្លាយជាប្រធានបទដ៏សំខាន់សម្រាប់កិច្ចពិភាក្សាយ៉ាងទូលំទូលាយ នៅរាល់សន្និសីទស្តីពីការប្រែប្រួលអាកាសធាតុ (COP) ដែលគាត់បានចូលរួម។

លោក លូឡា បន្តថា គាត់ចង់ឱ្យប្រទេសប្រេស៊ីលធ្វើជាម្ចាស់ផ្ទះនៃសន្និសីទនេះនៅក្នុងតំបន់ព្រៃ Amazon ដើម្បីឲ្យមនុស្សអាចមើលឃើញ និងស្គាល់តំបន់ Amazon និងព្រៃត្រូពិចរបស់វា។ Belem គឺជាទីក្រុងដ៏សំខាន់មួយដែលមានប្រជាជន ១.៥លាននាក់នៅជិតមាត់ទន្លេ Amazon នៅភាគខាងជើងនៃប្រទេសប្រេស៊ីល។

វានឹងក្លាយជាលើកដំបូងសម្រាប់ប្រទេសប្រេស៊ីល ដែលធ្វើជាម្ចាស់ផ្ទះសន្និសីទអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
សូមបញ្ជាក់ថា ពីរភាគបីនៃព្រៃអាម៉ាហ្សូនស្ថិតនៅក្នុងប្រទេសប្រេស៊ីល។ ការកាប់បំផ្លាញព្រៃឈើបានពន្លឿននៅក្រោមអ្នកកាន់តំណែងមុនរបស់លោក លូឡា គឺ ចែរ បុលសូណារ៉ូ ដែលបានលើកកម្ពស់ការអភិវឌ្ឍន៍ជាជាងការអភិរក្ស។

រហូតមកទល់ពេលនេះ ការកាប់បំផ្លាញព្រៃឈើបានធ្លាក់ចុះ ៤០ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ចាប់តាំងពីលោក លូឡា បានចូលកាន់តំណែងជាប្រធានាធិបតីប្រេស៊ីលក្នុងខែមករា។ ទន្ទឹមគ្នា លោក លូឡា សង្ឃឹមថា នឹងបង្ហាញដល់សហគមន៍អន្តរជាតិ នូវការប្តេជ្ញាចិត្តរបស់រដ្ឋបាលគាត់ ក្នុងការអភិរក្សតំបន់ Amazon និងព្រៃទាក់ទាញទឹកភ្លៀងរបស់វា៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner