លោក ពូទីន ដករុស្ស៊ីចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប

មូស្គូ៖ រដ្ឋបាលរបស់ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសដកប្រទេសរុស្ស៊ីចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប ដែលហៅកាត់ថា (CFE) ដែលជាកិច្ចព្រមព្រៀងកម្រិតលើការដាក់ពង្រាយឧបករណ៍យោធា។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើសេចក្ដីព្រាងច្បាប់មួយ ដើម្បីដកប្រទេសរុស្ស៊ីចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប (CFE) បន្ទាប់ពីត្រូវបានអនុម័តដោយសភារុស្ស៊ីទាំងពីររួចមក។

កន្លងមក រដ្ឋាភិបាលរុស្ស៊ីក៏បានប្រកាសពីចេតនាចង់ដកប្រទេសខ្លួនចេញពីសន្ធិសញ្ញាគ្រប់គ្រងអាវុធរបស់អឺរ៉ុប (CFE) នៅដើមខែនេះផងដែរ។ វិធានការចុងក្រោយនេះ ត្រូវបានគេមើលឃើញថា ជាការប៉ុនប៉ងរបស់រដ្ឋបាលលោក ពូទីន ដើម្បីដាក់សម្ពាធបន្ថែមលើបណ្តាប្រទេសលោកខាងលិច ដែលកំពុងបង្កើនការគាំទ្រផ្នែកយោធារបស់ពួកគេដល់អ៊ុយក្រែន។

សូមរម្លឹកថា សន្ធិសញ្ញា CFE ដែលបានចុះហត្ថលេខានៅឆ្នាំ ១៩៩០ ដោយអង្គការណាតូ និងសន្ធិសញ្ញាទីក្រុងវ៉ាសូវី បានកំណត់ចំនួនអាវុធដែលគូប្រជែងសង្រ្គាមត្រជាក់អាចមាន ដើម្បីរក្សាតុល្យភាពអំណាចរវាងពួកគេ។ ក្រោយមករុស្ស៊ីបានផ្តល់សច្ចាប័នលើកិច្ចព្រមព្រៀងនេះក្នុងឆ្នាំ ១៩៩៩ ប៉ុន្តែបានផ្អាកការអនុវត្តវិញនៅឆ្នាំ ២០០៧ ចំពេលមានជម្លោះជាមួយអង្គការណាតូ ៕

ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner