មន្ត្រីសុខាភិបាលចំនួនបីខេត្ត បានទទួលបណ្ណសរសើរ ពីការរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩

អត្ថបទដោយ៖
CPA

បាត់ដំបង ៖ក្រសួងសុខាភិបាលបានប្រគល់បណ្ណសរសើររបស់រាជររដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលចំនួន២០០នាក់ នៅខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន ដែលបានរួមចំណែកក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺកូវីដ១៩។

​ពិធីប្រគល់បណ្ណសរសើររបស់រា​ជរដ្ឋាភិបាលកម្ពុជាជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាល ចំនួន ២០០ នាក់ ​បានរៀបចំឡើងនៅមន្ទីរសុខាភិបាលខេត្តបាត់ដំបងកាលពីរសៀលថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៣។

ពិធីនេះ ​មាន​ការចូលរួម​ជាអ​​ធិបតីឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល ​និង​មានការចូលរួមពីអភិបាលរង ខេត្តបាត់ដំបង ខេ​ត្តបន្ទាយមានជ័យ និងខេត្ត​ប៉ៃលិន ព្រមទាំង​មន្រ្តីរាជការ  បុគ្គលិក​សុខាភិបាលជាច្រើនរូប​ផងដែរ។ 

ជ លោក វឿង ប៊ុនរ៉េត ប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង បានប្រាប់​ឱ្យដឹងនៅថ្ងៃទី​៥ ខែមិថុនា​ថា លោកពិតជាសាទរជាខ្លាំងដែលក្រសួងសុខាភិបាល បានផ្ដល់ប​ណ្ណសរសើររបស់រាជរដ្ឋាភិបាល​ដល់មន្ត្រីសុខាភិបាលក្នុងខេត្តបាត់ដំបង ពីព្រោះក្រសួងមើលឃើញថា មន្ត្រីសុខាភិបាលខេត្ត បានចូលរួមយ៉ា​ងសកម្មក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ​។

លោកបន្តថា ​ការចូលរួមនេះ ​មន្ត្រីសុខាភិបាល បានអនុវត្តទៅគោលការណ៍ណែនាំរបសរាជរដ្ឋាភិបាល ជា​មួ​យនឹងវិធានការរបស់ក្រសុខាភិបាល ដែលរួមមាន​ ការជម្រុញការចាក់វ៉ាក់សាំងកូវីដ១៩ ការព្យាបាលជំងឺកូវីដ១៩ និងការបង្ការជាដើម

លោក វឿង ប៊ុនរ៉េត បាន​ថ្លែងថា ៖ «​យើងពិតជាសប្បាយចិត្ត ហើយ​វាជាការលើ​ក​ទឹកចិត្ត និងជម្រុញប​ន្ថែមទៀតទៅដល់មន្ត្រីសុខាភិបាលខេត្តយើង​ ក្នុងភាពសកម្មលើកិច្ចការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នេះ​»៕

ដោយ៖ជា សុខនី

ads banner