ព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា និងប្រគល់សញ្ញាបត្រដល់សិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃអង្គារ ទី៦ ខែមិថុនា ឆ្នាំ២០២៣ អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុង “ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគារថ្មីនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា” និង “ពិធីប្រគល់សញ្ញាបត្រជូនដល់សិស្សចៅក្រម, សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី ដែលបានបញ្ចប់ការសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា”សរុបចំនួន១៨៣៥ នាក់ ។
ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានឲ្យដឹងថា វត្តមានដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្ពស់ លើការបណ្តុះបណ្តាល និងការពង្រឹងសមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ ដែលជាផ្នែកមួយនៃការងារកែទម្រង់វិស័យយុត្តិធម៌របស់រាជរដ្ឋាភិបាល សំដៅលើកកម្ពស់គុណភាព និងប្រសិទ្ធភាព នៃការផ្តល់សេវាយុត្តិធម៌ជូនប្រជាពលរដ្ឋ ព្រមទាំងជាការលើកទឹកចិត្តដ៏សំខាន់បំផុតដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិកនៃក្រសួងយុត្តិធម៌ ព្រមទាំងថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក និងសិស្សវិជ្ជាជីវៈទាំងអស់នៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ក្នុងការបន្តអនុវត្តការងាររបស់ខ្លួនឱ្យកាន់តែសកម្ម និងកាន់តែមានប្រសិទ្ធភាពបន្តទៀត។
ឯកឧត្តមបន្តទៀតថា នៅមុនឆ្នាំ២០០២, កម្ពុជាពុំមានសាលាបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនោះទេ ដោយនៅពេលនេះ ចៅក្រម, ព្រះរាជអាជ្ញា និងក្រឡាបញ្ជី ត្រូវបានជ្រើសចេញពីធនធានមនុស្សដែលនៅរស់រានមានជីវិតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត រួចបញ្ជូនទៅបណ្តុះបណ្តាលនៅក្រៅប្រទេស ឬបំពាក់បំប៉នជំនាញរយៈពេលខ្លី មុននឹងត្រូវជ្រើសឱ្យចូលបំពេញការងារនៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីនានា។ ដោយមានជំនួយកិច្ចសហប្រតិបត្តិការពីប្រទេសបារាំង ក្រោមកម្មវិធី “ការគាំទ្រនីតិរដ្ឋ”, ការបណ្តុះបណ្តាលវិជ្ជាជីវៈតុលាការនេះបានចាប់ផ្តើមដំបូងនៅឆ្នាំ២០០២ តាមរយៈការបង្កើតឱ្យមានជា “សាលាភូមិន្ទចៅក្រម” ដោយអនុក្រឹត្យចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០០២។ បន្ទាប់មក នៅឆ្នាំ២០០៥, ក្នុងក្របខណ្ឌកំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ របស់រាជរដ្ឋាភិបាល, សាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកតុលាការនេះ ក៏បានអភិវឌ្ឍខ្លួនទៅជា “រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ”។ ចុងក្រោយនេះ, តាមរយៈព្រះរាជក្រឹត្យលេខ នស/រកត/០៣២៣/៥២០ ចុះថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣, “រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ” ត្រូវបានប្តូរឈ្មោះមកជា “បណ្ឌិត្យសភា-ភូមិន្ទយុត្តិធម៌កម្ពុជា” ដែលជាផ្នែកមួយនៃការកែទម្រង់ស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកច្បាប់ និងតុលាការរបស់កម្ពុជាមួយនេះ សំដៅ ៖
ទី១)-ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលវិជ្ជាជីវៈចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី អាជ្ញាសាលា និងសារការី, ទី២)-ពង្រីកសក្តានុពលភាពនៃស្ថាប័ននេះ ដើម្បីបណ្តុះបណ្តាលពង្រឹងសមត្ថភាពបច្ចេកទេសរបស់មន្ត្រីកាន់ការងារច្បាប់ផ្សេងទៀត ក្នុងវិស័យយុត្តិធម៌ ជាពិសេស មន្ត្រីក្រសួងយុត្តិធម៌ មន្ត្រីរបស់អង្គភាពរដ្ឋបាលតុលាការ និងមន្ត្រីអនុវត្តច្បាប់ផ្សេងទៀត និង ទី៣)-លើកកម្ពស់សមត្ថភាពផ្នែកសិក្សាស្រាវជ្រាវ និងផ្សព្វផ្សាយនូវស្នាដៃផ្សេងៗ ដែលជាឧត្តមប្រយោជន៍ដល់វិស័យច្បាប់ និងយុត្តិធម៌នៅកម្ពុជា។ ដើម្បីអនុវត្តបេសកកម្មបន្ថែមថ្មីនេះ, “សាលាច្បាប់” (Law School) មួយត្រូវបានបង្កើតឡើង ជារចនាសម្ព័ន្ធថ្មីបន្ថែមចំណុះឱ្យបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា។
បច្ចុប្បន្ន, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា គឺជាគ្រឹះស្ថានបណ្តុះបណ្តាលសាធារណៈ ស្ថិតក្រោមការគ្រប់គ្រងរបស់ក្រសួងយុត្តិធម៌ និងដឹកនាំដោយក្រុមប្រឹក្សាភិបាលមួយ ហើយមានរចនាសម្ព័ន្ធចំណុះ រួមមាន៖ សាលាភូមិន្ទចៅក្រមនិងព្រះរាជអាជ្ញា, សាលាភូមិន្ទក្រឡាបញ្ជី, សាលាភូមិន្ទអាជ្ញាសាលា, សាលាភូមិន្ទសារការី, សាលាច្បាប់ និងអគ្គលេខាធិការដ្ឋាន ព្រមទាំងមានក្រុមប្រឹក្សាវិទ្យាសាស្ត្រនិងគរុកោសល្យមួយ ជាសេនាធិការ។ ដោយឡែក, មជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ដែលជាស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ក្រោម គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ក៏ស្ថិតនៅក្រោមអាណាព្យាបាលផ្នែករដ្ឋបាលនៃបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជាផងដែរ។
បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានថ្នាក់ដឹកនាំ, មន្ត្រីរាជការ, មន្ត្រីជាប់កិច្ចសន្យា និងគ្រូបណ្តុះបណ្តាល ដែលកំពុងបម្រើការងារសរុបចំនួន ១២១ នាក់ (នារី ២៦ នាក់) ក្នុងនោះ គ្រូបណ្តុះ-បណ្តាល មានចំនួន ៥០ នាក់ (នារី ៩ នាក់) ដែលសុទ្ធសឹងជាឥស្សរជន ដែលជាចៅក្រម ជាព្រះរាជអាជ្ញា និងជាអ្នកប្រកបវិជ្ជាជីវៈច្បាប់ ដែលមានចំណេះដឹង និងបទពិសោធន៍ខ្ពស់ក្នុងវិស័យច្បាប់ និងយុត្តិធម៌។
ជាលទ្ធផលការងារ គិតចាប់ពីឆ្នាំ២០០២ រហូតមកទល់បច្ចុប្បន្ន, បណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា ផលិតបានធនធានជាចៅក្រម, ព្រះរាជអាជ្ញា, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី សរុបចំនួន ១ ៩៤៣នាក់ (នារី ៤៤៥ នាក់ និងមានជនពិការចំនួន ៣ នាក់) ក្នុងនោះរួមមាន៖
-សិស្សចៅក្រមជំនាន់ទី១ ដល់ជំនាន់ទី៩ សរុបចំនួន ៥១០ នាក់ (នារី ៩២ នាក់, និងពិការដៃ ១នាក់)
-សិស្សចៅក្រមផ្ទៃក្នុងជំនាន់ទី១ ចំនួន ៣២ នាក់ (នារី ៥ នាក់ និងពិការជើង ១ នាក់)
-សិស្សក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៧ សរុបចំនួន ៦៥៤ នាក់ (នារី ១៨១ នាក់)
-សិស្សក្រឡាបញ្ជីផ្ទៃក្នុងជំនាន់ទី១ ដល់ជំនាន់ទី៣ សរុបចំនួន ៦៦ នាក់ (នារី ២៤ នាក់)
-សិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ដល់ជំនាន់ទី៨ សរុបចំនួន ៦១៦ នាក់ (នារី ១២៧ នាក់)
-សិស្សអាជ្ញាសាលាជំនាន់ទី១ ចំនួន ២៨ នាក់ (នារី ២ នាក់)
-សិស្សសារការីជំនាន់ទី១ និងជំនាន់ទី២ សរុបចំនួន ៣៧ នាក់ (នារី ១៤ នាក់ និងពិការជើង ១នាក់)។
ដោយឡែក, សិស្សវិជ្ជាជីវៈទាំងអស់ ទាំងសិស្សចៅក្រម, ក្រឡាបញ្ជី, អាជ្ញាសាលា និងសារការី ដែលកំពុងសិក្សានៅបណ្ឌិត្យសភាភូមិន្ទយុត្តិធម៌កម្ពុជា មានចំនួនសរុប ២៧០ នាក់ (នារី ៨៧ នាក់)។ ក្នុងចំណោមសិស្សវិជ្ជាជីវៈទាំង ១ ៩៤៣ នាក់ ដែលបានបញ្ចប់ការសិក្សានាពេលកន្លងមក មានតែសិស្សចៅក្រមជំនាន់ទី១ ចំនួន ៥៥ នាក់ (នារី ៦ នាក់) និងសិស្សមន្ត្រីសុក្រឹតការក្រឡាបញ្ជីជំនាន់ទី១ ចំនួន ៥៣ នាក់ (នារី ៧ នាក់) ប៉ុណ្ណោះ ដែលបានទទួលសញ្ញាបត្ររួច។
សម្រាប់ពិធីប្រគល់សញ្ញាបត្រនាពេលនេះជាលើកទី២ ដល់សិស្សវិជ្ជាជីវៈទាំងអស់ ចំនួន ១ ៨៣៥នាក់ (នារី ៤៣២ នាក់) ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យតាំងពីឆ្នាំ២០០៨ រហូតដល់ឆ្នាំ២០២២។ បច្ចុប្បន្ន, សិស្សវិជ្ជាជីវៈទាំងអស់ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ទាំងសិស្សចៅក្រម សិស្សក្រឡាបញ្ជី សិស្សអាជ្ញាសាលា និងសិស្សសារការី បាននិងកំពុងបំពេញមុខងារជាចៅក្រម ព្រះរាជអាជ្ញា ក្រឡាបញ្ជី និងជាអាជ្ញាសាលា នៅតាមសាលាជម្រះក្តី និងអយ្យការអមសាលាជម្រះក្តីគ្រប់ជាន់ថ្នាក់ និងជាសារការីនៅតាមមន្ទីរសារការីនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា ព្រមទាំងមួយចំនួន កំពុងបំពេញការងាររដ្ឋបាលសាធារណៈផងដែរ ៕ ដោយ វណ្ណលុក