ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត៖ ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យនឹងកត្តា២យ៉ាង

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល បានបញ្ជាក់ថា ភាពជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា គឺអាស្រ័យនឹងកត្តា២យ៉ាង ៖ ទី១)តួអង្គបេក្ខភាពនាយករដ្ឋមន្ត្រី ជាសម្តេចតេជោ ពីព្រោះជាតួអង្គដែលប្រជាពលរដ្ឋស្គាល់ច្បាស់ និងជឿទុកចិត្ត ដោយតែងបានចងចាំក្នុងចិត្តជាប់រហូតមកថា ជាអ្នកសង្គ្រោះជីវិត ការពារជីវិត និងរំដោះប្រទេសឱ្យរួចផុតពីសង្គ្រាម ដោយបាននាំកម្ពុជាមកកាន់ត្រើយសន្តិភាព សុភមង្គល និងការអភិវឌ្ឍលើគ្រប់វិស័យ និងទី២)គឺកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំបក្សគ្រប់លំដាប់ថ្នាក់ ព្រមទាំងស្នាដៃសមិទ្ធផលជាច្រើន ដែលគណបក្សប្រជាជនកម្ពុជាបានកសាងជូនជាតិ និងប្រជាជន។ ការបញ្ជាក់នេះ ធ្វើឡើងនៅក្នុងពិធីសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ កាលពីព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានបន្តថា ជំរំទ័ពទេវតា ដែលមានទ័ពស្រួចជាយុវជនសកម្មជនបក្សបានមកចូលរួមយ៉ាងច្រើនកុះករ គឺដោយសារមានបេះដូងស្រឡាញ់គាំទ្របក្ស និងជឿជាក់លើការដឹកនាំរបស់បក្ស និងការបានឃើញជាក់ស្តែងនូវសមិទ្ធផលដែលបក្សបានខិតខំកសាងឡើងក្នុងរយៈកាលកន្លងមកនេះ ជាពិសេសទំនុកចិត្តក្នុងការផ្ញើជោគវាសនាលើការដឹកនាំរបស់បក្សទាំងសម្រាប់បច្ចុប្បន្ន និងអនាគត។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតបានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជា តែងបានយកចិត្តទុកដាក់ខ្ពស់លើកត្តា៣សំខាន់៖ ទី១)ជីវិត ដែលសំដៅដល់ការគិតគូរអំពីការសង្គ្រោះ និងការពារអាយុជីវិតរបស់ប្រជាពលរដ្ឋក្នុងគ្រប់កាលៈទេសៈទាំងអស់ ទី២)ជីវភាពរស់នៅ គឺការបង្កលក្ខណៈឱ្យការរស់ចិញ្ចឹមជីវិតមានលក្ខណៈល្អប្រសើរ តាមរយៈការបើកឱកាសសម្រាប់គ្រប់ៗគ្នាដោយស្មើភាពគ្នា និងទី៣)កិត្តិយស គឺសេចក្តីថ្លៃថ្នូរក្នុងនាមជាប្រជាពលរដ្ឋទាំងជាលក្ខណៈបុគ្គល និងការកសាងស្នាដៃដើម្បីលើកកម្ពស់កិត្យានុភាពជាតិនៅលើឆាកអន្តរជាតិ។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បានលើកឡើងថា ក្នុងនាមជាយុវជនសកម្មជនបក្ស យើងចាំបាច់ត្រូវប្រកាន់ខ្ជាប់នូវភារកិច្ចសំខាន់៣ ដើម្បីធានាប្រៀបឈ្នះរបស់បក្ស៖ ទី១) គាំទ្រ និងការពារបក្សគ្រប់កាលៈទេសៈ ទី២)ចូលរួមលះបង់កម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតី ដើម្បីអនុវត្តគោលនយោបាយរបស់បក្សឱ្យសម្រេចតាមទិសដៅកំណត់ក្នុងការបម្រើផលប្រយោជន៍ជាតិ និងប្រជាជន ដោយបែងចែកផ្លែផ្កានៃសុខសន្តិភាព និងការអភិវឌ្ឍប្រកបដោយសមធម៌ និងទី៣)ស្គាល់ច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវក្នុងនាមជាសមាជិកបក្ស៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកឯកឧត្តម ហ៊ុន ម៉ាណែត

ads banner