ជនស៊ីវិលជិត ១ពាន់នាក់ស្លាប់ និងរបួសជិត ៥ពាន់នាក់ ក្នុងជម្លោះប្រដាប់អាវុធនៅស៊ូដង់

ខាទុំ៖ សហភាពគ្រូពេទ្យស៊ូដង់ បាននិយាយថា ជនស៊ីវិលបាត់បង់ជីវិតបានកើនឡើងដល់ ៩៥៨នាក់ នៅក្នុងការប៉ះទង្គិចគ្នាដោយប្រដាប់អាវុធនៅទូទាំងប្រទេសស៊ូដង់។

ជម្លោះប្រដាប់អាវុធរវាងកងទ័ពស៊ូដង់ដឹកនាំដោយឧត្ដមសេនីយ៍ អាប់ឌែល ហ្វាតាស់ អាល់បួរហាន់ និងទាហានប៉ារ៉ា (RSF) របស់ឧត្ដមសេនីយ៍ មហាំម៉ាត់ ហំាដាន ដាហ្កាឡូ បានសម្លាប់ជីវិតជនស៊ីវិលប្រមាណ ៩៥៨នាក់ហើយ។ អង្គការក្រៅរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនជនស៊ីវិលរងរបួសបានកើនឡើងដល់ ៤,៧៤៦នាក់។

ការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA) បានបញ្ជាក់នៅក្នុងសេចក្តីរាយការណ៍វិវឌ្ឍន៍ចុងក្រោយរបស់ខ្លួនថា មនុស្សជាង ១.៩លាននាក់បានបង្ខំចិត្តផ្លាស់ទីលំនៅ ចាប់តាំងពីជម្លោះបានផ្ទុះឡើងនៅថ្ងៃទី១៥ ខែមេសា ដោយបានភៀសខ្លួនទៅកាន់ទីតាំងមានសុវត្ថិភាពទាំងក្នុង និងក្រៅប្រទេសស៊ូដង់។

ទន្ទឹមគ្នា មនុស្ស ១.៤លាននាក់បានភៀសខ្លួនចេញពីផ្ទះសម្បែងនៅទូទាំងប្រទេសស៊ូដង់ គិតត្រឹមថ្ងៃទី០៦ ខែមិថុនា ហើយមនុស្សប្រហែល ៤៦០,០០០នាក់ រួមទាំងជនភៀសខ្លួន និងអ្នកស្វែងរកសិទ្ធិជ្រកកោន បានឆ្លងចូលទៅក្នុងប្រទេសជិតខាង គិតត្រឹមថ្ងៃទី០៨ ខែមិថុនា។

ប្រទេសដែលជនភៀសខ្លួនស៊ូដង់បានឆ្លងចូល មានដូចជាសាធារណរដ្ឋអាហ្រ្វិកកណ្តាល ឆាដ អេហ្ស៊ីប អេត្យូពី និងស៊ូដង់ខាងត្បូង នេះបើតាមការិយាល័យអង្គការសហប្រជាជាតិ សម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (UNOCHA)៕ ប្រភព៖ ស៊ីនហួរ ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner