នៅព្រឹកនេះ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាប្រជុំពិនិត្យសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៩ ខែមិថុនានេះ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា ពិនិត្យលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដើម្បីបញ្ជូនទៅគណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្រាវជ្រាវ និងមានយោបល់។ សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ត្រូវបានរាជរដ្ឋាភិបាលបញ្ជូនកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

អ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ថា រដ្ឋសភាបានទទួលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួចហើយកាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ហើយសភានឹងប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញនៃរដ្ឋសភាសិក្សាស្រាវជ្រាវ។

គួររម្លឹកឱ្យដឹងថា ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានមានប្រសាសន៍ប្រាប់ AMS កាលល្ងាចថ្ងៃទី១៦ ខែមិថុនាកន្លងទៅថា រដ្ឋសភាបានទទួលសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតរួចហើយ សភានឹងធ្វើការប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៅក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ជូនសេចក្តីព្រាងច្បាប់នេះទៅគណៈកម្មការជំនាញនៃរដ្ឋសភា សិក្សាស្រាវជ្រាវ និងមានយោបល់។ នៅពេលគណៈកម្មការជំនាញសិក្សារួចរាល់ហើយ យើងនឹងរៀបចំបែបបទដើម្បីធ្វើតាមសំណើរបស់គណៈកម្មការជំនាញដាក់ជូនសម័យប្រជុំពេញអង្គរដ្ឋសភាដើម្បីពិនិត្យ និងអនុម័ត។ នៅពេលដែលអនុម័ត ហើយនឹងបញ្ជូនទៅព្រឹទ្ធសភា។ អ្នកនាំពាក្យរដ្ឋសភាបានបញ្ជាក់ថា “តាមសភាពការណ៍នៃច្បាប់នេះ គឺដាក់ជាការប្រញាប់ អ៊ីចឹងហើយយើងធ្វើភ្លាម រៀបចំបែបបទភ្លាម ហើយប្រជុំឱ្យបានឆាប់បំផុត”។

គួរឱ្យដឹងទៀតថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានមានប្រសាសន៍ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ កម្មការិនីនៅរោងចក្រ ឡឺក្រោន ស៊ូ អ៊ិន ដាសស្ត្រី នៅភូមិរវៀង ឃុំខ្នុរដំបងស្រុកជើងព្រៃខេត្តកំពង់ចាម កាលពីព្រឹកថ្ងៃទី១៦ខែមិថុនាថា សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោតបានទៅដល់រដ្ឋសភាហើយតាំងពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ។ “… អ្វីដែលយើងចង់បាន គឺការបោះឆ្នោតមួយដោយមិនរំខានដោយពួកណាក៏ដោយ។ ខ្លះបំផ្លាញនៅក្នុងពេលវេលាដែលគេបោះឆ្នោត បំផ្លាញពេលដែលគេរាប់សន្លឹកឆ្នោត ត្រូវទទួលផាកពិន័យ”។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា ពេលច្បាប់ចូលជាធរមាន អ្នកនៅខាងក្រៅអាចរួចខ្លួន អ្នកខាងក្នុងកុំស្តាប់ការញុះញង់ពួកខាងក្រៅ ជាពិសេសជនក្បត់ជាតិ៣ជំនាន់។ អ្នកខាងក្នុត្រូវប្រយ័ត្នប្រយែងបន្តិច។

សូមជម្រាបថា ក្នុងពិធីអញ្ជើញចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត២ម៉ឺននាក់ នៅតំបន់ព្រៃស្ពឺ មកពីរោងចក្រ សហគ្រាសចំនួន៩ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់ថា ពង្រាងច្បាប់បោះឆ្នោតថ្មីមាត្រា ១៤២ថ្មី ត្រូវផាកពិន័យជាប្រាក់ ៥លានរៀល ទៅ២០លានរៀល ដោយដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលប្រើតាមគ្រប់មធ្យោបាយទុច្ចរិត រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅចុះឈ្មោះបោះឆ្នោត ឬរារាំងមិនឲ្យចុះឈ្មោះប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតក្នុងបញ្ជីបោះឆ្នោត និងសៀវភៅបញ្ជីបោះឆ្នោត។ បង្កការអុកឡុក ឬរារាំងសកម្មភាពជាប្រក្រតីក្នុងទីកន្លែងសម្រាប់ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងការចុះឈ្មោះបោះឆ្នោតនៅក្នុងអំឡុងពេលនៃការពិនិត្យបញ្ជី និងចុះឈ្មោះបោះឆ្នោត។ ឱ្យអ្នកគាំទ្រ ឬអ្នកបោះឆ្នោតប្រព្រឹត្តអំពើរំលោភបំពាន អំពើគំរាមកំហែង អំពើហិង្សាទៅលើបេក្ខជន ឬទៅលើគណបក្សនយោបាយដទៃ រារាំង ឬញុះញង់ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត។ រារាំងបេក្ខជន ឬអ្នកគាំទ្រគណបក្សនយោបាយមិនឲ្យឃោសនាបោះឆ្នោតតាមការកំណត់។ ធ្វើឲ្យបាត់ទំនុកចិត្តលើការសម្ងាត់ នៃការបោះឆ្នោត ធ្វើឲ្យមានការភ័ន្តច្រឡំនាំឲ្យបាត់ទំនុកចិត្តលើការបោះឆ្នោត។ បង្កការរំខានមិនឲ្យដំណើរការបោះឆ្នោតបាន។ បង្កការរំខានមិនឲ្យរាប់សន្លឹកឆ្នោតបាន ធ្វើឲ្យខូចរបៀបរៀបរយក្នុងការបោះឆ្នោត។ ទិញសន្លឹកឆ្នោតដោយសម្ភារៈ ឬដោយប្រាក់កាក់។ ត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត ឬលុបបេក្ខភាពរបស់សាម៉ីខ្លួន ឬដកសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតរបស់សាម៉ីខ្លួនសម្រាប់រយៈពេល៥ឆ្នាំយ៉ាងតិច ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បន្ថែមលើទណ្ឌកម្មដែលបានចែងក្នុងកថាខណ្ឌ១ ខាងលើ ចំពោះជនដែលបានប្រព្រឹត្តបទល្មើសណាមួយ ដូចមានចែងក្នុងកថាខណ្ឌទី១ ខាងលើ។ សម្តេចតេជោ ហ៊ុន សែន បានបន្តថា មាត្រា១៤៣ថ្មី ត្រូវលុបបេក្ខភាពឈរឈ្មោះបោះឆ្នោតរបស់គណបក្សនយបាយ ឬត្រូវផាកពិន័យជាប្រាក់ពី១០លានរៀលទៅ៣០លានរៀល ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដោយពុំទាន់គិតដល់ទោសព្រហ្មទណ្ឌដទៃទៀតចំពោះគណបក្សនយោបាយដែលបានប្រព្រឹត្តល្មើសដូចមានចែងក្នុងមាត្រា១៤២ ថ្មីខាងលើ៕
ដោយ៖ពលជ័យ

ads banner