បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ អាចប្រើប្រាស់​របបថែទាំសុខភាពតាមប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ក្រសួងធំៗ​ចំនួនបីបាន​ចេញ​ប្រកាស​​អន្តរក្រសួង​ស្តីពី​របបថែទាំសុខ​ភាព​តាមប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​សម្រាប់​បុគ្គល​បម្រើ​ការ​ក្នុង​សេវាកម្សាន្ត​ទេសចរណ៍នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ហើយ​​ត្រូវ​បាន​សម្រេច​ឱ្យ​​អនុវត្ត​​ផងដែរ​​ចាប់​ពី​ដើមសប្តាហ៍​នេះ​។

យោងតាម​ប្រកាស​អន្តរក្រសួង ​ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ​២០២៣ ដោយ​មានថ្នាក់ដឹកនាំ ​ក្រសួង​ចំនួន​បី​ បានចុះហត្ថលេខារួមមាន​ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ,ឯកឧត្តម ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល និង​ឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ប្រកាសនេះបានបញ្ជាក់ថា និយោជក ឬម្ចាស់​សហគ្រាស គ្រឹះស្ថាន​ ក្នុង​វិស័យ​សេវាកម្សាន្ត​​ទេស​ចរណ៍ នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​​ត្រូវ​រៀបចំ​បញ្ជីឈ្មោះ​បុគ្គល​បម្រើ​ក្នុង​សេវាកម្សាន្ត​ទេសចរណ៍របស់ខ្លួន​​ ហើយបញ្ជូន​ទៅរដ្ឋបាល​រាជធានី​ខេត្ត ឬក្រុង/​ស្រុក/ខណ្ឌសម្រាប់​ផ្ទៀងផ្ទាត់​ពីភាពត្រឹមត្រូវ​ មុននឹង​ស្នើទៅបេឡាជាតិ​របបសន្តិខសុខសង្គម (ប.ស.ស) ដើម្បីចុះបញ្ជី។

ជាមួយគ្នានេះដែរ ​ប្រកាសអន្តរក្រសួង​ក៏បាន​​លើកឡើងដែរថា ​បុគ្គល​បម្រើ​ការងារ​ដែល​មិនស្ថិត​ក្រោមកិច្ច​សន្យា​ការងារ​ក្នុងវិស័​យសេវាកម្សាន្ត​នៃ​សេដ្ឋកិច្ច​ក្រៅប្រព័ន្ធ មានសិទ្ធិ​ដាក់ពាក្យ​ស្នើសុំ​បណ្ណមូលនិធិ​សមធម៌​​សុខាភិបាល​​ដោយ​ផ្ទាល់​ទៅរដ្ឋបាល​រាជធានី-ខេត្ត ឬក្រុង​/ស្រុក/ខណ្ឌ សម្រាប់​ផ្ទៀងផ្ទាល់​ពីភាពត្រឹមត្រូវ​ មុននឹង​ស្នើទៅ​ប.ស.ស ដើម្បីចុះបញ្ជី។

សូមបញ្ជាក់ថា ប.ស.ស​ ជាអ្នក​ទទួល​បន្ទុក​ចុះបញ្ជី​ និង​ចេញបណ្ណ​មូលនិធិ​សមធម៌​សុខាភិបាល (បណ្ណ ម.ស.ស) ដល់​បុគ្គល​បម្រើ​ការ​ក្នុង​សេវា​កម្សាន្ត​​ទេសចរណ៍​នៃសេដ្ឋកិច្ច​​ក្រៅប្រព័ន្ធ ហើយ​បណ្ណ ម.ស.ស មាន​សុពល​ភាព​រយៈ​ពេល​១ឆ្នាំ​។

ប្រកាសអន្តរក្រសួង​បាន​លើកឡើងដែរថា ​រាល់​ការ​ចំណាយ​លើ​ការ​ផ្តល់​សេវាថែទាំ​សុខភាព​សម្រាប់​បុគ្គល​បម្រើ​​ការ​ក្នុង​សេវា​កម្សាន្តទេសចរណ៍​នៃសេដ្ឋកិច្ច​​ក្រៅ​​ប្រព័ន្ធ​តាម​ប្រព័ន្ធ​មូលនិធិ​សមធម៌​សុខាភិបាល​ត្រូវ​ហិរញ្ញ​ប្បទាន​ដោយ​ថវិការដ្ឋ​។

ប្រភពដដែល​បានបន្តថា ក្រុម​ប្រឹក្សា​ជាតិគាំពារ​សង្គមមាន​តួនាទី​ដឹកនាំការតាមដាន ត្រួតពិនិត្យប្រសិទ្ធភាព និង​ការវាយ​តម្លៃ​វឌ្ឍនភា​ពនៃ​ការ​អនុវត្ត​មូលនិធិ​សមធម៌​សុខភាភិបាល​ ហើយប្រធានក្រុម​ប្រឹក្សា​ជាតិគាំពារ​សង្គម​ មានសិទ្ធិ​ចាត់តាំង​មន្រ្តី​​ជំនាញ​ពាក់ព័ន្ធ​ចុះពិនិត្យ​ និង​សង្កេត​ជាក់ស្តែងដល់ទីកន្លែង អំពី​ប្រ​សិទ្ធភាព​នៃការ​អនុវត្តកម្មវិធីនេះ។

បើតាម​ប្រកាសអន្តរក្រសួង បុគ្គលបម្រើ​សេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ​ ត្រូវប្រើប្រាស់សេវា​សុខាភិបលា​តាមប្រព័ន្ធ​ផ្តល់សេវាពីថ្នាក់បឋម​នៅមូលដ្ឋាន​សុខាភិបាលថ្នាក់ទាបទៅមូលដ្ឋាន​សុខាភិបាល​ថ្នាក់​ខ្ពស់ជាង។ ក្នុង​ករណីសង្រ្គោះ​បន្ទាន់​, ជនរងគ្រោះ ឬអ្នក​ជំងឺអាចទៅ​ទទួល​សេវា​នៅមូលដ្ឋាន​សុខាភិបាល​សាធារណៈដែល​នៅជិត​បំផុត​បាន។

ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យទេសចរណ៍កម្ពុជា  លោក ទូច កុសល បានសាទរចំពោះការ​ប្រកាស​អន្តរក្រសួង​នេះ ​ហើយ​លោកក៏ស្នើ​ឱ្យ​​និយោជក ឬម្ចាស់​សហគ្រាស គួរតែ​យកចិត្តទុកដាក់ និង​រូតរះ​ក្នុង​​ចុះឈ្មោះបុគ្គលិករបស់​ពួកគាត់ក្នុងបញ្ជីជាមួយប.ស.សដើម្បីពួកគេបានទទួលនូវ​អត្ថប្រយោជន៍​នេះ​ផងដែរ​។លោក​បាន​ប្រាប់ថា ​​វាជារឿង​ល្អមួយ​សម្រាប់បុគ្គលិកបម្រើ​ការ​ក្នុង​សេវាកម្សាន្ត​ទេសចរណ៍ នៃសេដ្ឋកិច្ច​ក្រៅប្រព័ន្ធ​ ​ដោយសារពួកគាត់​​អាចទទួល​បាននូវសេវា​​ព្យាបាលសុខភាពនៅពេលដែលគាត់ឈឺ ​ដែលនឹងអាច​ចូលរួមបកាត់បន្ថយការចំណាយថវិកាផ្ទាល់ខ្លួនបាន​មួយ​ចំនួនដែរ​។​

សូមរំឮកដែរថា រាជរដ្ឋាភិបាល​កម្ពុជា កាល​ពី​ថ្ងៃទី​១២ ខែមិថុនា ​បានប្រកាសផ្ដល់របបថែទាំសុខភាព តា​មប្រព័ន្ធមូលនិធិសមធម៌សុខាភិបាល សម្រា​ប់បុគ្គលបម្រើការក្នុងសេវាកម្សាន្ត ទេសចរណ៍ នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីធានាឱ្យប្រជាជនគ្រប់រូបអាចកា​ត់បន្ថយភាពងាយរងគ្រោះផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

សេចក្ដីប្រកាសបានបញ្ជាក់ថា ៖ «ក្នុងបរិការណ៍នៃសុខសន្ដិភាព និងស្ថេរភាពនយោបាយ, រាជរដ្ឋាភិបាល​តែងតែងគិតគូរយ៉ាងមធ្យ័ត អំពីសុខុមាលភាពរបស់ប្រជាជនកម្ពុជាគ្រប់រូប ដោយឈរលើគោលនយោ​បាយ មិនបោះបង់ពលរដ្ឋណាម្នាក់ឡើយ»។

ការ​សម្រេចផ្ដល់របបថែទាំសុខភាព តាមប្រព័ន្ធមូលនិធិសមធ​ម៌សុខាភិបាល សម្រាប់បុគ្គលបម្រើការក្នុងសេវាកម្សាន្តទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ​ដែល​បម្រើការនៅតាមរង្គសាល ឌីស្កូតែក ខារ៉ាអូខេ បៀរហ្កាឌិន កន្លែងម៉ាស្សា និងស្ប៉ា ស្របតាមលិខិតប​ទដ្ឋានគតិយុត្ដជាធរមាន ដែលរដ្ឋនឹងរាប់រងនូវចំណាយទាំងស្រុង៕ ដោយ៖ នាង សុគន្ធា

ads banner