ក្រសួងប្រៃសណីយ៍៖ ការប្រកួតសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ដើម្បីលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ
ភ្នំពេញ៖ នាឱកាសអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ពានរង្វាន់ជ័យលាភីសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានលើកទឹកចិត្ត និងជំរុញដល់ម្ចាសជ័យលាភីទាំងទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ជាពិសេសលើការសិក្សាស្រាវជ្រាវ និងការច្នៃប្រឌិតស្របពេលដែលបច្ចេកវិទ្យាកំពុងមានការរីកចម្រើនគួរឱ្យកត់សម្គាល់។
ពិធីប្រគល់ពានរង្វាន់ដល់ម្ចាស់ជ័យលាភី ត្រូវបានរៀបចំឡើងនៅថ្ងៃទី ២២ ខែមិថុនា ដោយមានការចូលរួមពី មន្ត្រីរាជការនៃក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ តំណាងប្រតិបត្តិករប្រៃសណីយ៍ លោកគ្រូ អ្នកគ្រូ អាណាព្យាបាលសិស្ស សរុបប្រមាណ ១៥០នាក់។
ការប្រកួតសរសេរសំបុត្រថ្នាក់ជាតិលើកទី២ ឆ្នាំ២០២៣នេះ ក្រោមប្រធានបទ «ចូរស្រមៃថា អ្នកគឺជាវីរៈបុរសដ៏អស្ចារ្យ ហើយបេសកកម្មរបស់អ្នកគឺធ្វើឱ្យផ្លូវថ្នល់ទាំងអស់នៅជុំវិញពិភពលោកកាន់តែមានសុវត្ថិភាពសម្រាប់កុមារ។ សូមសរសេរសំបុត្រទៅកាន់នរណាម្នាក់ ពន្យល់អំពីអំណាចណាខ្លះដែលអ្នកនឹងត្រូវការដើម្បីសម្រេចបាននូវបេសកកម្មរបស់អ្នក»។ នេះបើតាមក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
ក្នុងឱកាសអញ្ជើញពិធីប្រគល់ពានរង្វាន់នោះ ឯកឧត្តម ជា វ៉ាន់ដេត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ហើយបានលើកទឹកចិត្តដល់ក្មួយៗជ័យលាភី ទាំងអស់ត្រូវខិតខំព្យាយាមរៀនសូត្របន្ថែមទៀត ដើម្បីឱ្យក្លាយជាសិស្សល្អ មិត្តល្អ កូនល្អ និងពលរដ្ឋល្អ។ ឯកឧត្តមសង្ឃឹមជឿជាក់ថាសិស្សានុសិស្សទាំងអស់ពិតជាទទួលបានបទពិសោធន៍ល្អៗ តាមរយៈការចូលរួមការប្រកួតប្រជែងនេះ ដែលជួយដល់ការបង្កើនសមត្ថភាព ការយល់ដឹង ទំនុកចិត្ត និងការសម្រេចជោគជ័យក្នុងការសិក្សា ក៏ដូចជាការប្រកួតប្រជែងដទៃទៀត ទាំងក្នុងស្រុក និងអន្តរជាតិ។
ឯកឧត្តមមានប្រសាសន៍បន្តថា វិស័យប្រៃសណីយ៍ មានសក្តានុពលក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ចជាតិ និងការលើកកម្ពស់ជីវភាពប្រចាំថ្ងៃរបស់ប្រជាជនកម្ពុជា ដោយបានដើរតួនាទីសំខាន់ក្នុងការទំនាក់ទំនងគ្នាទាំងក្នុងទីក្រុង និងរហូតដល់ជនបទ។
ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា ការប្រកួតប្រជែងនេះរៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សមត្ថភាពគំនិតច្នៃប្រឌិតសិស្សានុសិស្សលើការស្រាវជ្រាវ ទេពកោសល្យក្នុងការសរសេរ ការវិភាគលើបញ្ហា ដោះស្រាយបញ្ហា និងស្វែងរកដំណោះស្រាយ ព្រមទាំងអាចស្វែងយល់ពីការប្រើប្រាស់សេវាបញ្ញើប្រៃសណីយ៍ និងបញ្ញើឆាប់រហ័ស។
ក្រោយពីពិនិត្យវាយតម្លៃយ៉ាងយកចិត្តទុកដាក់លើសំណេររបស់បេក្ខជនសរុប ១០៥រូប ដែលបានផ្ញើមកតាមរយៈសេវាប្រៃសណីយ៍រួចមក គណៈកម្មការបានសម្រេចជ្រើសរើសសំណេរមានខ្លឹមសារល្អជាងគេ និងសម្ភាសន៍ផ្ទាល់អំពីអត្ថន័យនៃសំបុត្ររបស់បេក្ខជនគណៈកម្មការបានសម្រេចជ្រើសរើសបេក្ខជនជ័យលាភីចំនួន៣រូប។
សម្រាប់បេក្ខជនជ័យលាភីលេខ១ ត្រូវជ្រើសរើសបន្តឱ្យចូលរួមជាតំណាងរបស់កម្ពុជា នៅក្នុងកម្មវិធីប្រកួតប្រជែងកម្រិតអន្តរជាតិដែលរៀបចំដោយសហភាពប្រៃសណីយ៍សកល (Universal Postal Union)ដែលមានការចូលរួមប្រកួតប្រជែងពីបណ្ដាប្រទេស១៩២នៅលើពិភពលោកហើយលទ្ធផលនៃការប្រកួតនឹងត្រូវប្រកាសនៅក្នុងអំឡុងទិវាប្រៃសណីយ៍ពិភពលោក (World Post Day) នាថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៣ ខាងមុខ។
ប្រភពដដែលបន្តថា ម្ចាស់ជ័យលាភីទាំងនោះរួមមាន៖ ជ័យលាភីលេខ១ កុមារី លុយ ហ្សែនប៊ី ទទួលបានមេដាយចំនួនមួយ សៀវភៅតែមប្រិ៍ចំនួនមួយ វិញ្ញាបនបត្រចំនួនមួយ កាបូបមួយនិង ថវិកាចំនួនពីរលានរៀល។ ជ័យលាភីលេខ២ កុមារី ទិត ទេពី ទទួលបាន មេដាយចំនួនមួយ សៀវភៅតែមប្រិ៍ចំនួនមួយ វិញ្ញាបនបត្រចំនួនមួយ កាបូបមួយនិង ថវិកាចំនួន១,២លានរៀល។ ជ័យលាភីលេខ៣ កុមារី យ៉ុន កន្និកា ទទួលបានមេដាយចំនួនមួយ សៀវភៅតែមប្រិ៍ចំនួនមួយ វិញ្ញាបនបត្រចំនួនមួយ កាបូបមួយនិង ថវិកាចំនួនប្រាំបីសែនរៀល និងជ័យលាភីលេខ៤ ដល់ លេខ១០ ទទួលបានវិញ្ញាបនបត្រមួយ កាបូបមួយ និងថវិកាចំនួនពីរសែនរៀល៕ ដោយ៖ សុខ រក្សា