សមាគមធំៗចំនួនប្រាំមួយរួមបញ្ចូលគ្នាបង្កើតជាសមាគមតែមួយ ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងវិនិយោគ លើគ្រប់វិស័យ

ភ្នំពេញ៖
សមាគមធំៗចំនួនប្រាំមួយនៅកម្ពុជា បានសហការរួមបញ្ចូលគ្នាបង្កើតជា «សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា» (CCIA) ដើម្បីលើកកម្ពស់ និងជំរុញការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចកម្ពុជា ។លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាតំណាង (CCIA) លើកឡើងថា ការរួមគ្នានេះ នឹងជំរុញកំណើនអាជីវកម្ម និងបង្កើនឱកាសវិនិយោគក្នុងប្រទេសកម្ពុជាឱ្យកាន់តែរើកចម្រើនបន្ថែមទៀតលើគ្រប់វិស័យបន្ថែមទៀត។
ការរួមបញ្ចូលគ្នា រវាង សមាគមធំៗចំនួនប្រាំមួយនៅកម្ពុជា ដោយបង្កើតបានជាសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា (CCIA) បានធ្វើឡើងកាលពីដើមសប្តាហ៍នេះ ក្នុងនោះមានសមាគមប្រាំនិងក្លិបវិនិយោគមួយ រួមមាន សមាគមស្បែកជើងកម្ពុជា (CFA),សមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា (CTLA) សមាគមពាណិជ្ជកម្មកម្ពុជា-ចិន (CCCA) សមាគមធុរកិច្ចចិនស៊ីឈ័នឆុងឈីងនៅកម្ពុជា (CYZSH) សមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា (MBCC) និងក្លិបសឹង្ហបុរីនៅកម្ពុជា (SCC)។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា និងជាតំណាង CCIA បានប្រាប់ថា ការបង្កើតសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជានេះឡើង គឺដើម្បីរួមគ្នាជំរុញកំណើនអាជីវកម្ម និងបង្កើនឱកាសវិនិយោគក្នុងប្រទេសកម្ពុជាឱ្យកាន់តែរើកចម្រើនបន្ថែមទៀតលើគ្រប់វិស័យ។
«តាមរយៈវត្តមានរបស់សមាគមថ្មីនេះ វានឹងរួមចំណែកជួយជំរុញឱ្យការនាំចេញទំនិញរបស់កម្ពុជា ជាពិសេសកាត់ដេរ វាយនភណ្ឌ។ គោលបំណងនៃការច្របាច់បញ្ជូលគ្នា គឺដើម្បីជំរុញកំណើនអាជីវកម្ម ក៏ដូចជាទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែទូលំទូលាយបន្ថែមទៀត»។ លោក លី ឃុនថៃ បញ្ជាក់បន្ថែម។
លោកបានបន្ថែមថា សមាគមមួយចំនួននៅក្នុងសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា ដូចជាសមាគមពាណិជ្ជកម្មម៉ាឡេស៊ីនៅកម្ពុជា សមាគមធុរកិច្ចចិនស៊ីឈ័នឆុងឈីងនៅកម្ពុជា និងក្លិបសឹង្ហបុរីនៅកម្ពុជាជាដើមសុទ្ធសឹងតែមានបណ្តាញទំនាក់ទំនងជាមួយវិនិយោគិនពីបណ្តាប្រទេសផ្សេងៗជាច្រើន ដែលអាចធ្វើឱ្យកម្ពុជាមានកម្លាំង និងសក្កានុពលកាន់តែធំក្នុងការទាក់ទាញ និងទទួលអ្នកវិនិយោគទាំងនោះមកកម្ពុជា។
បើតាមលោក លី ឃុនថៃ សមាគមនេះអាចទាក់ទាញវិនិយោគិនបានគ្រប់វិស័យ ពោលគឺទាំងវិស័យអចលនទ្រព្យ និងសំណង់ វិស័យធនាគារ និងហិរញ្ញវត្ថុ វិស័យរោងចក្រផលិតកម្ម វិស័យ SME និងវិស័យផ្សេងៗទៀតជាច្រើន។ លើសពីនេះការចំណាយផ្សេងៗមួយចំនួន ក៏ត្រូវបានកាត់បន្ថយផងដែរ ។
 
លោកបានគូសបញ្ជាក់ថា៖«កត្តានេះធ្វើឱ្យយើងរំពឹងថា តាមរយៈសមាគមនេះវានឹងជួយជំរុញការនាំចេញទំនិញរបស់កម្ពុជាទៅកាន់អន្តរជាតិ ពិសេសលើវិស័យកាត់ដេរ និងវាយនភណ្ឌឱ្យមានការកើនឡើងបន្ថែមទៀត ដ្បិតថាសមាជិកទាំងអស់របស់សមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា កំពុងតែខិតខំប្រឹងប្រែងក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកដាក់ទុនវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនផងដែរ។ការរួមបញ្ចូលគ្នារវាងសមាគមទាំងប្រាំមួយនេះ វានឹងធ្វើឱ្យសមាជិកនៃសមាគមនីមួយៗ កាន់តែមានទំនាក់ទំនងជាមួយគ្នាកាន់តែជិតស្និទ្ធ ជួយចែករំលែកបទពិសោធន៍ និងព័ត៌មានឱ្យគ្នាទៅវិញទៅមកកាន់តែទូលំទូលាយ មានភាពងាយស្រួល និងឆាប់រហ័សផងដែរ»៕
ដោយ:វណ្ណ សុជាតា

ads banner