សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា នៅកម្ពុជា គឺត្រូវអនុវត្តច្បាប់របស់កម្ពុជា មិនមែនអនុវត្តបរទេសនោះទេ
ភ្នំពេញ៖ ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មករ និយោជិតសរុប ១៨,៣១៣នាក់ នៅតំបន់ព្រៃស្ពឺ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសជាថ្មីម្តងទៀតថា អ្នកទោសណាក៏ដោយឱ្យតែ មានការអន្តរាគមន៍ ឬលូកដៃពីបរទេសនោះ គឺគ្មានការបន្ធូរបន្ថយ ឬលើកលែងទោសឡើយ ខណៈការធ្វើនេះ ក៏ដើម្បីលុបបំបាត់ការជ្រៀតជ្រែកពីបរទេសលើកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។
សម្ដេចតេជោ បានមានប្រសសន៍ថា ប្រទេសកម្ពុជា ធ្លាប់រងគ្រោះដោយសារទង្វើបែបនេះ ប្រជាពលរដ្ឋរាប់លាននាក់បានស្លាប់ ដោយសារតែមានការលូកដៃពីបរទេសចូលកិច្ចការងារផ្ទៃក្នុងរបស់កម្ពុជា។ ដូច្នេះការចាត់វិធានការមិនលើកឡើងចំពោះជនជាប់ទោសដែលបរទេសអន្តរាគមន៍នេះ ក៏ជាសារផ្ដាំមួយទៅបរទេសមួយចំនួនដែលតែងតែចង់លូកដៃចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជាដែរ។
សម្ដេចបន្ថែមថា ការអន្តរាគមន៍ពីបរទេសទៅលើជនជាតិខ្មែរដែលមានសញ្ជាតិពីរនេះ នឹងមិនអាចឲ្យគេមានសេរីភាពនោះទេ ថែមទាំងមិនត្រូវបានលើកយកមកស្នើសុំការលើកលែងទោស ឬបន្ធូរបន្ថយទោសថែមទៀត ។ សម្ដេចថា៖ ទោះបីបរទេស មកធ្វើកំហុសនៅស្រុកខ្មែរ ក៏ត្រូវមានទោសនៅស្រុកខ្មែរដែរ ។ សម្ដេចក៏បានលើកយកករណី កញ្ញា សេង ធារី ដែលហៅថាអប្សរាក្បាលត្រងោលមានសញ្ជាតិពីរដែលជាប់ពន្ធនាគារនិងមិនត្រូវបន្ធូរបន្ថយនោះទេដរាបណាមានបរទេសលូកដៃ ។
សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន តែងតែមានទឹកចិត្តសន្ដោសប្រណី នឹងលើកលែងទោសចំពោះក្រុមប្រឆាំងជាប់ទោសទាំងអស់ដែលដឹងកំហុស ហើយចាកចេញពីជនក្បត់ជាតិនៅក្រៅប្រទេស ដើម្បីងាកមកធ្វើការងារជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសកម្ពុជាឱ្យមានការរីកចម្រើនទៅមុខ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត និង សួង ពិសិដ្ឋ