ព្រឹទ្ធសភា អនុម័ត និងឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នាត និងសេចក្តីព្រៀងច្បាប់ ៦ផ្សេងទៀត
ភ្នំពេញ ៖ ព្រឹទ្ធសភា កម្ពុជា បានបន្តសម័យប្រជុំលើកទី១០ នីតិកាលទី៤ ក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា កម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។
សមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៩រូប។ អង្គប្រជុំបានដំណើរការដោយមានរបៀបវារៈចំនួន ០៧ ដូចខាងក្រោម៖
របៀបវារៈទី១៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ បោះឆ្នាត។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន ០៨មាត្រា និងត្រូវបានរដ្ឋសភា កម្ពុជា អនុម័តយល់ព្រមចំនួន ១១១សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។ ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន ០២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូល ដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
របៀបវារៈទី២៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ខ្មែរ
អេឡិកទ្រីខល ផៅវ័រ សម្រាប់អនុវត្តគម្រោងវារីអគ្គិសនីស្ទឹងឫស្សីជ្រុំកណ្តាល អានុភាព ៧០មេហ្កាវ៉ាត់ ផ្គួបគ្នាជាមួយគម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងវាលថ្មកំបុត អានុភាព ១០០មេហ្កាវ៉ាត់ ខេត្តកោះកុង ។
របៀបវារៈទី៣៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ឡាក់- ឃី សូឡាផៅវ័រ ឯ.ក សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៨០មេហ្កាវ៉ាត់ ខេត្តព្រៃវែង។
របៀបវារៈទី៤៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តពោធិ៍សាត់។
របៀបវារៈទី៥៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តស្វាយរៀង។
របៀបវារៈទី៦៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ
ការធានាទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជា ឱ្យក្រុមហ៊ុន ស្នេថេក ខូអិលធីឌី សម្រាប់គម្រោងអភិវឌ្ឍស្ថានីយផលិតអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់ ខេត្តកំពង់ឆ្នាំង។
របៀបវារៈទី៧៖ ពិនិត្យ ហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាល កម្ពុជា ឱ្យក្រុមហ៊ុន ស្ទឹង មេទឹក ហាយដ្រូផៅវ័រ សម្រាប់គម្រោងអភិវឌ្ឍវារីអគ្គិសនីស្ទឹងមេទឹក អានុភាព ១៥០មេហ្កាវ៉ាត់ ខេត្តកោះកុង។
សេចក្តីព្រាងច្បាប់ក្នុងរបៀបវារៈទី២ ទី៣ ទី៤ ទី៥ ទី៦ និងទី៧ខាងលើនេះ មានសារៈសំខាន់ក្នុងការជួយទ្រទ្រង់ដល់ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចឱ្យកាន់តែមានភាពរីកចម្រើនជឿនលឿន ធានាឱ្យមានសមធម៌សង្គម និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរឡើងថែមទៀត តាមរយៈការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការបញ្ចុះតម្លៃអគ្គិសនី និងការផ្គត់ផ្គង់អគ្គិសនី ឱ្យប្រជាពលរដ្ឋគ្រប់ភូមិមានអគ្គិសនីប្រើប្រាស់។ ជាមួយគ្នានេះ សេចក្តីព្រាងច្បាប់ទំាង០៦នេះ ត្រូវបានទទួលស្គាល់ជាទូទៅថា ជាថាមពលស្អាត ពុំមានផលប៉ះពាល់អ្វីធំដុំដល់បរិស្ថានធម្មជាតិ និងសង្គមឡើយ ទាំងក្នុងដំណាក់កាលកំពុងសាងសង់ ក៏ដូចជាក្នុងដំណាក់កាលប្រតិបត្តិការ។ ចំណែកឯប្រយោជន៍ទទួលបានពីគម្រោងទាំងអស់នេះ មានទំហំធំធេង ដែលអាចចូលរួមចំណែកអនុវត្តគោល-នយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ សង្គម និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជន ជាពិសេសដើម្បីធានាសុវត្ថិភាព និងសន្តិសុខ នៃការផ្គត់ផ្គង់អគ្គិសនីឱ្យបានគ្រប់គ្រាន់នាពេលអនាគត។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០២រូប បានឡើងមានយោបល់រួចមក ឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា ។
តាមរបៀបវារៈជាបន្តបន្ទាប់ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់នីមួយៗដោយឥតកែប្រែ និងចាត់ទុកជាការប្រញាប់ចំនួន ៥៩សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល ៕
ដោយ / គ្រី សម្បត្តិ + ប៊ុន ហុក