សម្ដេចក្រឡាហោម អញ្ជើញ ចាត់ទុកសមិទ្ធិផលថ្មីនៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺ កើតឡើងស្របពេលដែលកម្ពុជា កំពុងមានស្ថិរភាព និងវឌ្ឍនភាពជាតិ
ខេត្តកំពង់ស្ពឺ ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវសមិទ្ធផលនានា និងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៧ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៣ ខេត្តកំពង់ស្ពឺនៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣នេះ។
លោកឧត្តមសេនីយ៍ទោ វៀក សុភាព នាយកសាលានគរបាលជាតិភូមិភាគ៣ បានធ្វើរបាយការណ៍ ស្តីពីសមិទ្ធផលសម្ពោធនាថ្ងៃនេះរួមមានឡដុតសំរាម, ផ្លូវបេតុងប្រវែង ២ ២១០ម៉ែត្រ ប្រព័ន្ធរំដោះទឹកប្រវែង ៥០០ម៉ែត្រ អគារស្នាក់នៅ ១ខ្នងកម្ពស់ ២ជាន់ អគារសិក្សា ១ខ្នង កម្ពស់ ២ជាន់ និងគ្រឿងបរិក្ខា,កញ្ចុះសម្រាប់ទទួលភ្ញៀវ អគារផ្ទះបាយ ១ខ្នង កម្ពស់ ១ជាន់ និងជួសជុលអគារផ្ទះបាយចាស់ស្ទើរតែទាំងស្រុង ។
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី កោតសរសើរផងដែរដល់បណ្ឌិត្យសភានគរបាលកម្ពុជា ក៏ដូចជាសាលានគរបាលជាតិភូមិភាគ៣ ដោយបានរៀបចំឱ្យមានពិធីដ៏មានសារៈសំខាន់នេះឡើង ដើម្បីបង្ហាញអំពីសមិទ្ធផលថ្មីៗដែលសម្រេចបាន និងលទ្ធផលនៃការងារបណ្តុះបណ្តាល កងកម្លាំងនគរបាលជាតិក្នុងពេលកន្លងមក។
ក្នុងក្របខណ្ឌនៃការបណ្ដុះបណ្ដាលនគរបាលជាតិ សម្ដេចមានប្រសាសន៍ថា ក្រសួងបានផ្ដោតសំខាន់លើការបណ្ដុះបណ្ដាលក្នុងប្រទេស ដូច្នេះយើងបានជំរុញការអភិវឌ្ឍបណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិ ភូមិភាគទាំងអស់ ឱ្យស្របតាមស្តង់ដាគុណភាព មានកិត្យានុភាព ឧត្ដមភាព និងការជឿ ទុកចិត្តទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ។
ទាក់ទងនឹងការបណ្តុះបណ្តាលវគ្គកម្រិតបឋមវិជ្ជាជីវៈនគរបាល សម្ដេចបានបញ្ជាក់ថា«ក្មួយៗ ទាំងអស់គឺជាឈាមថ្មី ដែលរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានជ្រើសរើសយកមកចាក់បញ្ចូល ក្នុងរដ្ឋបាលសាធារណៈ ដើម្បីបម្រើការងារក្នុងវិស័យសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អប្រសើរ។ ហេតុនេះ ចាំបាច់ណាស់ដែលទាមទារឱ្យឈាមថ្មីនេះ ជាឈាមដែលមានគុណភាពល្អ ដើម្បីបំពេញតួនាទីជាមន្ត្រីនគរបាលបន្តវេន ប្រកបដោយ លក្ខណសម្បត្តិសមស្រប និងមានការពេញចិត្តពីសំណាក់ប្រជាពលរដ្ឋ»។
សម្ដេចបានណែនាំណ្ឌិត្យសភានគរបាលកម្ពុជា និងសាលានគរបាលជាតិភូមិភាគទាំងអស់ ត្រូវបន្ត អនុវត្តភារកិច្ចទទួលខុសត្រូវ ផែនការ គោលការណ៍នានា និងកម្មវិធីកំណែទម្រង់របស់ខ្លួនឱ្យទទួលបានជោគជ័យ និងសម្រេចបានសមិទ្ធផលថ្មីៗបន្ថែមទៀត ព្រមទាំងផ្តោតការយកចិត្ត ទុកដាក់បន្ថែមទៀតលើការងារពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិ ដើម្បីសមាហរណកម្មខ្លួនទៅក្នុងក្របខណ្ឌអាស៊ាន តំបន់ និងពិភពលោកឱ្យបានពេញលេញ ព្រមទាំងមានឧត្តមភាពអាចប្រៀបធៀបបានក្នុងក្របខណ្ឌអន្តរជាតិ ៕
ដោយ-រ៉ាវុធ