សម្តេចអគ្គមហាពញាចក្រី ហេង សំរិន៖ វិស័យអប់រំជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ

ត្បូងឃ្មុំ៖ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា កម្ពុជា បានមានប្រសាសន៍ ថា វិស័យអប់រំ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការអភិវឌ្ឍប្រទេសជាតិ។ សម្តេចបន្តថា ហេតុនេះហើយទើបនៅគ្រប់ឃុំ-សង្កាត់ ស្រុក មិនថានៅទីប្រជុំជន ឬទីជនបទដាច់ស្រយាល រាជរដ្ឋាភិបាល បានរៀបចំឱ្យមានសាលារៀន ចាប់តាំងពីកម្រិតមតេ្តយ្យសិក្សា រហូតដល់កម្រិតវិទ្យាល័យ និងស្ទើរតែគ្រប់ខេត្ត-ក្រុង មានរហូតដល់កម្រិតសាកលវិទ្យាល័យ ជាក់ស្តែងនៅមូលដ្ឋានឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ ជាដើម ។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅ ក្នុងកម្មវិធីបើកការដ្ឋានសាងសង់អគារសិក្សា ១ខ្នង នៅវិទ្យាល័យ ហេង សំរិន ចក ស្ថិតក្នុងឃុំចក ស្រុកអូររាំងឳ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា វិស័យអប់រំដែលជាវិស័យគន្លឹះនិងអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានារបស់រាជរដ្ឋាភិបាល ដែលទាំងក្នុងអតីតកាល បច្ចុប្បន្នកាល និងទៅអនាគតដោយបានដាក់ចេញ និងកំណត់យ៉ាងច្បាស់ នូវគោលនយោបាយអាទិភាពសម្រាប់ការអភិវឌ្ឍជាតិ ដែលក្នុងនោះរួមមាន “មនុស្ស ទឹក ផ្លូវ ភ្លើង និងការបង្ខិតសាលារៀន” ឱ្យទៅជិត ប្រជាពលរដ្ឋ ។

ទាក់ទងនឹងការបោះឆ្នោត សម្តេចប្រធានរដ្ឋសភា បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលគ្រប់អាយុបោះឆ្នោត មានឈ្មោះនៅក្នុងបញ្ជីមកគ.ជ.ប សូមអញ្ជើញទៅចូលរួមបោះឆ្នោតទាំងអស់គ្នា ដើម្បីជ្រើស យកមេដឹកនាំ ដែលខ្លួនស្រលាញ់ និងទុកចិត្ត ដែលតែងតែរួមសុខ រួមទុក្ខជាមួយប្រជាជននៅគ្រប់កាលៈទេសៈ សំដៅការពារ ថែរក្សា សុខសន្តិភាព ស្ថិរភាព និងវិបុលភាពសម្រាប់យើងទាំងអស់គ្នា។

សម្តេចបានគូសបញ្ជាក់ថា គណបក្សប្រជាជនកម្ពុជា ជាគណបក្សតែមួយគត់ ដែលបាននាំមកនូវសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍ លើគ្រប់វិស័យ និងនំាមកនូវសេចក្តីសុខក្សេមក្សាន្ត ជូនប្រជាជនយើង អស់រយៈជាង៤ ទស្សវត្សរ៍មកហើយ។ គណបក្សប្រជាជនកម្ពុជា ជាគណបក្សរបស់ប្រជាជន កើតឡើង ស្ថិតស្ថេរ និងរីកចម្រើនដោយសារប្រជាជន និងធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីផលប្រយោជន៍ដ៏ឧត្តុងឧត្តមរបស់ប្រទេសជាតិ និងប្រជាជន។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា នឹងបន្តពង្រឹងនូវសាមគ្គីភាពប្រជាជាតិទាំងមូល ដោយមិនបែងចែកនិន្នាការនយោបាយ ភេទ ជំនឿ សាសនា ដើមកំណើតជាតិសាសន៍ និងឋានៈក្នុងសង្គមឡើយ។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថា គណបក្សប្រជាជនកម្ពុជានឹងពង្រឹងពង្រីករាល់សមិទ្ធផលនានា ធានាបាននូវសុខសន្តិភាព វិបុលភាព ស្ថិរភាពនយោបាយ ក្នុងដំណើរការកសាង និងការពារមាតុភូមិ តទៅមុខថែមទៀត។ ដូចនេះ សូមអំពាវនាវដល់បងប្អូនជនរួមជាតិ ទាំងក្នុង និងក្រៅប្រទេស បន្តគាំទ្រគណបក្សប្រជាជនកម្ពុជា ដើម្បីបន្តដឹកនាំនាវាកម្ពុជា ឆ្ពោះទៅរកវឌ្ឍនភាពដ៏រុងរឿង នាំមកនូវវិបុលភាព និងសេចក្តីសុខក្សេមក្សាន្ត ជូនប្រទេសជាតិ និងប្រជាជនយើងទាំងពេលបច្ចុប្បន្ន និងអនាគត៕ដោយ ៖ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner