ឯកឧត្តម សុខ សូកេន ចូលរួមដង្ហែក្បួនបើកយុទ្ធនាការឃោសនារកសម្លេងឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ នៅឃុំស្អាងភ្នំ ស្រុកស្អាង
កណ្តាល ៖ ឯកឧត្តម សុខ សូកេន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋាន ស្រុកស្អាង និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំស្អាងភ្នំ បានអញ្ជើញចូលរួមដឹកនាំក្បួនដង្ហែររបស់គណបក្សប្រជាជនកម្ពុជាឃុំស្អាងភ្នំ ក្នុងថ្ងៃបើកយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រព្រឹត្តិទៅនៅវត្ដព្រែកអំបិល ក្រោមអធិបតីភាពរបស់ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន អនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្ដកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្អាង ដោយមានការចូលរួមពីសំណាក់សមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជា នៃឃុំចំនួន ៦ ក្នុងស្រុកស្អាង សរុបចំនួនប្រមាណ ៣០០០ នាក់ នាថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។
បន្ទាប់ពីពិធីបើក និងហែរក្បួនជុំគ្នាជាមួយបណ្ដាឃុំផ្សេងៗក្នុងស្រុកស្អាង ឯកឧត្តមប្រធានក្រុមការងារឃុំស្អាងភ្នំបានបន្តដឹកនាំក្បួនដង្ហែរ ដែលមានការចូលរួមពីសមាជិកសមាជិការបស់គណបក្សប្រជាជនកម្ពុជាប្រចាំឃុំស្អាងភ្នំសរុបប្រមាណ៥០០នាក់ ដោយមានម៉ូតូចំនួន ១៧៥ គ្រឿង និងរថយន្តចំនួន ៣៣ គ្រឿង ធ្វើការដង្ហែរក្បួននៅទូទាំងឃុំស្អាងភ្នំ។ សមាជិក និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ទាំងចាស់ទាំងក្មេង នៅឃុំស្អាងភ្នំ បានចេញពីគេហដ្ឋានមកអបអរសាទរដោយដៃមានកាន់ប៉ោងប៉ោង និងផ្លិតដែលមានរូបសញ្ញាគណបក្សប្រជាជនកម្ពុជាជាមួយនឹងស្នាមញញឹម ដែលបានបង្ហាញយ៉ាងច្បាស់ពីការពេញចិត្ត និងការស្រលាញ់គាំទ្រ ចំពោះគណបក្សប្រជាជនកម្ពុជា ដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាតនៃរបបប្រល័យពូជសាសន៍ ពីសមរភូមិនៃសង្រ្គាមរ៉ាំរ៉ៃ ពីការបែកបាក់ជាតិ ការបែងចែកទឹកដី និងពីប្រទេសដែលមានសេដ្ឋកិច្ចសូន្យ ទៅជាប្រទេសដែលមានសន្តិភាព ពេញលេញ សាមគ្គីភាព សេរីភាព ប្រជាធិបតេយ្យ នីតិរដ្ឋ និងការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសគឺបង្ហាញពីការគាំទ្រយ៉ាងខ្លាំងចំពោះថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្សប្រជាជនកម្ពុជា ។
ក្នុងពិធីសំណេះសំណាលជាមួយសមាជិកសមាជិកាក្រោយពេលបញ្ចប់ការដង្ហែរក្បួន ឯកឧត្តម សុខ សូកេន បានថ្លែងអំណរគុណដល់សមាជិកសមាជិកាដែលតែងតែគាំទ្រ និងចូលរួមជាមួយគណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូតមក និងបានរំលេចពីសមិទ្ធផលធំៗជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងបានប្រកាសគាំទ្រពេញទំហឹង សម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់នីតិកាលទី៧ និងគាំទ្រ ឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្រ្តីសម្រាប់ពេលអនាគត។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដម ក៏បានលើកឡើងពីគោលដៅយុទ្ធសាស្រ្តធំៗរបស់គណបក្សប្រជាជនកម្ពុជាសម្រាប់ឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ផងដែរ ។
សូមបញ្ជាក់ថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ អាណត្តិទី៧ មានរយៈពេល២១ថ្ងៃ ដោយចាប់ផ្ដើមពីថ្ងៃទី១ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយការបោះឆ្នោតនៅទូទាំងប្រទេសនឹងធ្វើឡើងនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយមានគណបក្សនយោបាយឈរឈ្មោះចំនួន១៨ ចូលរួមប្រកួតប្រជែង ៕
ដោយ / គ្រី សម្បត្តិ