បាញ់ប្រហារដ៏ធំមួយនៅទីក្រុង Baltimore របស់អាមេរិក
វ៉ាស៊ីងតោន ឌីស៊ី៖ ការបាញ់ប្រហារដ៏ធំមួយនៅទីក្រុង Baltimore សហរដ្ឋអាមេរិក បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរងរបួសជិត៣០នាក់។ អាជ្ញាធរប៉ូលិសបានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស ២នាក់បានស្លាប់ និង ២៨នាក់បានរងរបួស នៅក្នុងការបាញ់ប្រហារដ៏ធំមួយកាលពីព្រឹកថ្ងៃអាទិត្យនៅទីក្រុង Baltimore សហរដ្ឋអាមេរិក។
ស្នងការប៉ូលិសស្តីទី លោក Rich Worley បាននិយាយក្នុងសន្និសីទសារព័ត៌មានមួយថា ប៉ូលីសបានទទួលការហៅទូរសព្ទចូលជាច្រើនលើក អំពីការបាញ់ប្រហារមួយនៅវេលាម៉ោង ១២៖៣០នាទីព្រឹកថ្ងៃអាទិត្យ នៅឯពិធីជប់លៀងតាមដងមួយ ផ្លូវក្នុងសង្កាត់ Brooklyn ក្នុងរដ្ឋ Maryland ។
លោក Worley បាននិយាយដូច្នេះថា «នៅពេលទៅដល់ (កន្លែងកើតហេតុ) របស់មន្រ្តីយើងបានរកឃើញជនរងគ្រោះជាច្រើននាក់ ដែលមានរបួសដោយគ្រាប់កាំភ្លើង»។
លោកបានបន្ថែមថា ជនរងគ្រោះដែលរងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យតំបន់ ដោយក្នុងនោះមានគ្នា៣នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។
ជាមួយគ្នានេះ សេចក្តីថ្លែងការណ៍របស់ប៉ូលីសបានគូសបញ្ជាក់ថា ស្ត្រីអាយុ ១៨ ឆ្នាំម្នាក់ត្រូវបានគេប្រទះឃើញស្លាប់នៅកន្លែងកើតហេតុ ហើយជនរងគ្រោះជាបុរសអាយុ ២០ឆ្នាំម្នាក់ទៀត ក៏បានបញ្ជាក់ថាត្រូវបានគេសម្លាប់ដែរ។
លោក Worley បាននិយាយថា អាជ្ញាធរកំពុងធ្វើការកំណត់អត្តសញ្ញាណជនសង្ស័យ និងកំណត់ពីមូលហេតុនៃការបាញ់ប្រហារ។ គួរបញ្ជាក់ថា អំពើហិង្សាដោយកាំភ្លើងនៅសហរដ្ឋអាមេរិក បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៤៤,៣៥៧នាក់ត្រូវបានសម្លាប់ ក្នុងឆ្នាំ ២០២២ រួមទាំងការធ្វើអត្តឃាតចំនួន ២៤,០៩០នាក់ នេះបើយោងតាមគេហទំព័រអាមេរិក GVA៕ ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
