អាជ្ញាធរភ្នំពេញ សុំឱ្យប្រជាពលរដ្ឋយោគយល់ ចំពោះការលិចលង់ ដោយសារជំនន់ទឹកភ្លៀង
ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានប្រកាសថា ទឹកភ្លៀងធ្លាក់ខ្លាំងកាលល្ងាចថ្ងៃទី៣ ខែកក្កដា មានកម្ពស់រហូតដល់ ១៥៣ មីលីម៉ែត្រ ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងនេះ មិនធ្លាប់មានឡើយក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ។ទន្ទឹមគ្នានេះ អាជ្ញាធរភ្នំពេញ ក៏សុំឱ្យប្រជាពលរដ្ឋយោគយល់ ចំពោះការលិចលង់ ដោយសារជំនន់ទឹកភ្លៀងនេះផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួនថា ភ្លៀងបោកបក់ខ្លាំងនៅរាជធានីភ្នំពេញ ដែលរយៈកម្ពស់ ១៥៣មីលីម៉ែត្រ ប្រព័ន្ធលូនានាមិនអាចទប់ជាប់បាននូវស្ថានភាពបែបនេះ ហេតុនេះអាជ្ញាធរសុំប្រជាពលរដ្ឋយោគយល់និងអធ្យាស្រ័យនូវស្ថានភាពបែបនេះ ដែលជាកត្តាធម្មជាតិ។
ប្រភពដដែលបានបន្តថា ៖ «ទឹកភ្លៀងធ្លាក់ខ្លាំងកាលល្ងាចម្សិលមិញនេះ មានកម្ពស់រហូតដល់ ១៥៣មីលីម៉ែត្រ (វាស់នៅស្ថានីយបឹងត្របែក) ដែលជាកម្ពស់ទឹកភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងរយៈពេលបីឆ្នាំ ចុងក្រោយនេះ ដែលបានបណ្តាលឱ្យទឹកលិចលង់នៅតំបន់មួយចំនួននៅខណ្ឌចំនួន ៥នៅតំបន់កណ្តាលក្រុង ខណ្ឌសែនសុខ ខណ្ឌមានជ័យ ច្បារអំពៅ ខណ្ឌទួលគោក និងខណ្ឌពោធិ៍សែនជ័យ»។
ជាមួយនឹងប្រសិទ្ធភាពនៃកំណើនបីដង នៃការបូមទឹកថ្មីនៃស្ថានីយបូមទឹកទាំង ១៤កន្លែង ព្រមទាំងការខិតខំប្រឹងប្រែងរបស់បុគ្គលិក កម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង ១៤ ទឹកបានស្រកវិញយ៉ាងលឿនផងដែរ។
អាជ្ញាធរក្រុងភ្នំពេញបានអំពាវនាវឱ្យប្រជាពលរដ្ឋយោគយល់អធ្យាស្រ័យ និងចូលរួមក្នុងការកាយសំរាមស្ទះទឹកនៅមុខចម្រ៉ឹងអណ្តូងលូស្ថិតនៅមុខលំនៅដ្ឋានរៀងៗខ្លួនផងដែរ។ នេះបើតាមរដ្ឋបាលរាជធានីភ្នំពេញ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ។
ទន្ទឹមគ្នានេះ ក្រោយមានជំនន់ទឹកភ្លៀងនេះដែរ នៅព្រឹកថ្ងៃទី៤ ខែកក្កដា ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដឹកនាំមន្រ្តីជំនាញក្រោមឱវាទចុះពិនិត្យ និងសម្អាតតាមបណ្ដោយផ្លូវសំខាន់ៗក្នុងរាជធានីភ្នំពេញផងដែរ។
លោកបានសរសេរដោយភ្ជាប់ជាមួយនឹងរូបថតមួយចំនួនលើបណ្តាញសង្គមហ្វេសប៊ុកថា ៖ «ព្រឹកនេះខ្ញុំបានដឹកនាំមន្ទីរអង្គភាពជំនាញពាក់ព័ន្ធចុះបាញ់លាងសម្អាតតាមបណ្តាលមហាវិថីមួយចំនួនក្នុងមូលដ្ឋានខណ្ឌទួលគោក ដែលទទួលរងការជន់លិចដោយជំនន់ទឹកភ្លៀងកាលពីម្សិលមិញ»។
ដោយឡែក នាថ្ងៃទី៤ ខែកក្កដា ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងឱ្យដឹងថា កម្ពុជាអាចនឹងមានភ្លៀងធ្លាក់ក្នុងកម្រិតមធ្យមលាយឡំដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ពេញមួយសប្ដាហ៍បន្តទៀតដោយសារទទួលឥទ្ធិពលប្រព័ន្ធសម្ពាធទាប និងខ្យល់មូសុងនិរតី។
សេចក្តីជូនដំណឹងនេះ បានលើកឡើងថា ៖ «សប្ដាហ៍ដំបូងនៃខែកក្កដា ឆ្នាំ២០២៣ កម្ពុជា នឹងទទួលឥទ្ធិពលពីប្រព័ន្ធសម្ពាធទាប គួបផ្សំនឹងខ្យល់មូសុងនិរតីក្នុងកម្រិតខ្សោយ»។ ស្ថានភាពបែបនេះ នឹងធ្វើឱ្យភ្លៀងនៅតែបន្តធ្លាក់ជាបន្តបន្ទាប់នៅលើផ្ទៃប្រទេសដោយក្នុងនោះ តំបន់ទំនាបកណ្តាល មានសីតុណ្ហភាពអប្បបរមាពី ២៤ទៅ ២៦អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៤ ទៅ ៣៦ អង្សាសេ។
រីឯតំបន់ខ្ពង់រាប មានសីតុណ្ហភាពអប្បបរមាពី ២៤ ទៅ២៦ អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣៣ ទៅ ៣៥ អង្សាសេ ធ្វើឱ្យតំបន់ទាំងពីរអាចមានភ្លៀងធ្លាក់ក្នុងកម្រិតខ្សោយទៅតិចតួច និងមធ្យមដោយផ្នែកខ្លះ លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។
សេចក្តីជូនដំណឹងបានបន្តថា ដោយឡែក តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមាពី ២៥ ទៅ ២៧អង្សាសេ និងសីតុណ្ហភាពអតិបរមាពី ៣២ ទៅ ៣៤ អង្សាសេ អាចមានភ្លៀងធ្លាក់ក្នុងកម្រិតពីខ្សោយទៅមធ្យម លាយឡំដោយផ្គរ រន្ទះ និង ខ្យល់កន្ត្រាក់។ ហេតុនេះ ក្រសួង ក៏បានសូមបងប្អូនប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្នខ្ពស់ចំពោះបញ្ហាខាងលើនេះផងដែរ៕
ដោយ៖បូរ ពេជ្រហ្សាលីន