ព្រះមហាក្សត្រចេញព្រះរាជក្រមប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រមប្រកាសឱ្យប្រើប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ ដែលរដ្ឋសភាបានអនុម័តកាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦ ហើយដែលព្រឹទ្ធសភាបានពិនិត្យចប់សព្វគ្រប់លើទម្រង់និងគតិច្បាប់នេះទាំងស្រុងកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នាសម័យប្រជុំពេញអង្គលើកទី១០ នីតិកាលទី៤។ ព្រះរាជក្រមប្រកាសឱ្យប្រើក្រមបរិស្ថាននិងធនធានធម្មជាតិ ចេញកាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៣ និងត្រូវបានផ្សព្វផ្សាយជាសាធារណៈនៅថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣។
សូមជម្រាបថា រដ្ឋសភាអនុម័តដោយសំឡេងគាំទ្រជាឯកច្ឆន្ទ លើ សេចក្ដីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ នាសម័យប្រជុំ លើកទី៩ នីតិកាលទី៦ នៅថ្ងៃអង្គារ ទី៣០ ខែឧសភា ឆ្នាំ២០២៣ ក្រោមអធិបតីភាព សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងដោយមានវត្តមាន សមាជិកសមាជិកា រដ្ឋសភា ចូលរួមចំនួន១០០រូប។ សេចក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិ មាន ១២គន្ថី និង ៨៦៥មាត្រា និងត្រូវបានតាក់តែងឡើង ដោយផ្អែកលើ គោលការណ៍សំខាន់ៗ គឺលិខិតបទដ្ឋានគតិយុត្ត ក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ ត្រូវបានធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងធ្វើទំនើបកម្ម ឱ្យឆ្លើយតបនឹងនិន្នាការវិវត្តន៍នៃសង្គម។ សេចក្តីព្រាងក្រមនេះ នឹងរួមចំណែក ធ្វើឱ្យប្រសើរឡើង នូវភាពខ្វះចន្លោះ ភាពមិនច្បាស់លាស់ ឬភាពហួសសម័យ នៃបទប្បញ្ញត្តិច្បាប់មួយចំនួន ដោយសារភាពស្មុគស្មាញ និងការវិវត្តយ៉ាងលឿន ផ្នែកបច្ចេកទេសបរិស្ថាន ការដោះស្រាយបញ្ហា ដែលមានដែនសមត្ថកិច្ចត្រួតគ្នា និងធ្វើឱ្យប្រសើរឡើងនូវកិច្ចសម្របសម្រួលរវាងអ្នកពាក់ព័ន្ធទាំងអស់ក្នុងការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ ព្រមទាំងលើកកម្ពស់ ប្រសិទ្ធភាពការងារអភិរក្ស និងអភិវឌ្ឍន៍នៅកម្ពុជា។
ព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ក្រមបរិស្ថាន និងធនធានធម្មជាតិ និងសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ។ ហើយកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ អង្គប្រជុំព្រឹទ្ធសភា បានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។
សេចក្តីព្រាងក្រមនេះ តាក់តែងឡើងមានគោលបំណង ដើម្បីប្រមូលផ្តុំសំយោគបញ្ចូលគ្នានូវបទប្បញ្ញត្តិនៃច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានាជាធរមានពាក់ព័ន្ធនឹងវិស័យបរិស្ថាន និងធនធានធម្មជាតិ ដោយធ្វើសមាហរណកម្ម សុខដុមនីយកម្ម និងទំនើបកម្មឱ្យមានភាពជាក់ស្តែង-និយម សង្គតិភាព វិសាលភាព ទូលំទូលាយគ្រប់ជ្រុងជ្រោយ និងភាពស៊ីសង្វាក់ប្រទាក់ក្រឡាគ្នា ដើម្បីក្លាយជាបទប្បញ្ញត្តិគោល ដែលកំណត់ពីដែនសមត្ថកិច្ចនៃក្រសួង ស្ថាប័នពាក់ព័ន្ធ សំដៅសម្រួលដល់ការអនុវត្តមុខងារ និងតួនាទី ភារកិច្ចរៀងៗខ្លួន ក្នុងស្មារតីឯកភាពជាតិ ស្របទៅនឹងបរិបទរីកចម្រើននៃសង្គមកម្ពុជាថ្មី។
សេចក្តីព្រាងក្រមនេះមាន គុណប្រយោជន៍ ៖
-ជួយពង្រឹង និងធ្វើឱ្យប្រសើរឡើងបន្ថែមទៀតលើការគ្រប់គ្រងបរិស្ថាន កិច្ចគាំពារ អភិរក្ស និងការស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ មុខងារប្រព័ន្ធអេកូឡូស៊ី និងការរស់នៅប្រកបដោយចីរភាព
-កំណត់ទិសដៅរួមជាយុទ្ធសាស្ត្រ សម្រាប់កិច្ចគាំពារបរិស្ថាន និងការអភិរក្សធនធាន-ធម្មជាតិដល់ក្រសួង ស្ថាប័ន និងអាជ្ញាធរដែលមានសមត្ថកិច្ចពាក់ព័ន្ធ
-ពង្រីកលទ្ធភាពយ៉ាងទូលំទូលាយដល់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានទាំងអស់ក្នុងការ
ចូលរួមកាន់តែប្រសើរជាងមុននៅក្នុងកិច្ចគាំពារបរិស្ថាន ការគ្រប់គ្រង និងការអភិរក្សធនធានធម្មជាតិ និងជីវៈចម្រុះតាមរយៈការបង្កើត និងការគោរពនូវទំនាក់ទំនងនៃមុខងាររបស់ក្រសួង ស្ថាប័ន និងមជ្ឈដ្ឋានសង្គមទាំងអស់
-បង្កើនប្រសិទ្ធភាព និងប្រសិទ្ធផលនៃការអនុវត្តបេសកកម្មគ្រប់គ្រង ការពារ អភិរក្ស និងស្តារឡើងវិញនូវធនធានធម្មជាតិ ជីវៈចម្រុះ បេតិកភណ្ឌធម្មជាតិ និងវប្បធម៌ សំដៅធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងការចូលរួមថែរក្សានូវភាពរុងរឿងសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់
-ផ្តល់ជាយន្តការជំរុញ និងលើកកម្ពស់ការយល់ដឹង និងការស្រាវជ្រាវអំពីបរិស្ថានដល់គ្រប់មជ្ឈដ្ឋានសង្គមទាំងអស់តាមរយៈការអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះ-បណ្តាលទាំងយន្តការក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ
-ដើរតួជាបទប្បញ្ញត្តិគោលមួយដ៏រឹងមាំសម្រាប់មន្រ្តីអនុវត្តច្បាប់ ជាពិសេសមន្រ្តីដែលមានសមត្ថកិច្ចពាក់ព័ន្ធនឹងការបង្រ្កាបបទល្មើសបរិស្ថាន និងធនធានធម្មជាតិ ព្រម-ទាំងមន្រ្តីអនុវត្តច្បាប់នៃក្រសួង ស្ថាប័ន ឬអង្គភាពពាក់ព័ន្ធទាំងអស់។
សេចក្តីព្រាងច្បាប់នេះតាក់តែងឡើងមាន១២គន្ថី និង ៨៦៥មាត្រា ត្រូវបានរដ្ឋសភា នៃ
ព្រះរាជាណាចក្រកម្ពុជា អនុម័តយល់ព្រមចំនួន៩៨សំឡេង នៃចំនួនសមាជិករដ្ឋសភាទាំងមូល
នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣ នាសម័យប្រជុំរដ្ឋសភាលើកទី៩ នីតិកាលទី៦។
ក្រោយពីសមាជិកព្រឹទ្ធសភាចំនួន០៥រូប បានឡើងមានយោបល់រួចមក ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានបំភ្លឺជូនអង្គប្រជុំព្រឹទ្ធសភា។ អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ ហើយឱ្យយោបល់ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំងមូលដោយឥតកែប្រែ ចំនួន៦០សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល៕
ដោយ៖ពលជ័យ