ឯកឧត្តម សាយ សំអាល់៖ ខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ, ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិឱ្យមកកម្សាន្តបានកាន់តែច្រើន សាកសមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា

(ព្រះសីហនុ)៖ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រះសីហនុ មានប្រសាសន៍ថាខឿនសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ គឺសមុទ្រ ដូច្នេះសូមនាំគ្នាពង្រឹងខាងផ្នែកសេវាកម្ម អនាម័យ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ឲ្យមកកំសាន្តខេត្តព្រះសីហនុបានកាន់តែច្រើន សាកសមជាខេត្តប៉ូលសេដ្ឋកិច្ចទី២របស់កម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ ការលើកឡើងរបស់ឯកឧត្តម សាយ សំអាល់ ធ្វើឡើងក្នុងឱកាសឯកឧត្តមអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាលជាមួយគណៈកម្មាធិការបក្សឃុំចំនួន៧ គឺឃុំទឹកល្អក់ ឃុំទឹកថ្លា ឃុំសាមគ្គី ឃុំវាលរេញ ឃុំតានៃ ឃុំសំរុង និងឃុំជើងគោ នៃស្រុកព្រៃនប់ ខេត្តព្រះសីហនុ នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣។

ឯកឧត្តមប្រធានក្រុមការងារ មានប្រសាសន៍បន្ថែមថា សមុទ្រកម្ពុជាយើងគឺបានផ្តល់ផលប្រយោជន៍ជាច្រើនពីធនធានធម្មជាតិនៅក្នុងសមុទ្រដែលក្នុងនោះក៏បានផ្តល់ផលឱ្យវិស័យកសិកម្ម ទេសចរណ៍ ឧស្សាហ៍កម្ម សេដ្ឋកិច្ច ជាដើម ហើយជាមួយគ្នាក្នុងនោះហេដ្ឋារចនាសម្ព័ន្ធនានា រោងចក្រសហគ្រាស កំពង់ផែ កាសុីណូជាដើម សុទ្ធសឹងតែបង្កើតការងារឲ្យប្រជាពលរដ្ឋ និងជាសរសៃឈាមសេដ្ឋកិច្ចនៅក្នុងខេត្តព្រះសីហនុ ។

ឯកឧត្តម សាយ សំអាល់ បន្ថែមទៀតថា បន្ទាប់ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បាននាំមកនូវសុខសន្តិភាពពេញលេញ គ្រប់វិស័យក៏បាននឹងកំពុងអភិវឌ្ឍឥតឈប់ឈរជារៀងរាល់ថ្ងៃ។ ដូច្នេះយើងទាំងអស់គ្នាត្រូវយកចិត្តទុកដាក់បំផុតចំពោះការបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាពឱ្យបានកាន់តែច្រើន ដើម្បីបំពេញតម្រូវការចាំបាច់លើគ្រប់ផ្នែកក្នុងដំណើរឆ្ពោះទៅមុខរបស់កម្ពុជា។

ឯកឧត្តម សាយ សំអាល់ ក៏បានសង្កត់ធ្ងន់ផងដែរសូមឱ្យសមាជិក-សមាជិកា ចាំទុកថា អ្នកដែលបំផុសឱ្យប្រជាពលរដ្ឋមិនទៅបោះឆ្នោត ឬគូសបំផ្លាញសន្លឹកឆ្នោត គឺជានិមិត្តរូបនៃការបំផ្លាញលទ្ឋិប្រជាធិបតេយ្យ បំបែកបំបាក់សង្គមជាតិ ប្រឆាំងរាជានិយមនៅកម្ពុជា និងសេចក្តីសុខរបស់ប្រជាជនកម្ពុជា ដែលតម្លៃនៃសុខសន្តិភាពពិតជាមានសារៈសំខាន់ណាស់ចំពោះសង្គមជាតិទាំងមូល ហើយគ្រប់បណ្តាប្រទេសមិនអាចខ្វះបានឡើយ ។ ជាមួយគ្នានេះ ឯកឧត្តម សាយ សំអាល់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រះសីហនុ សូមឱ្យអញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ និងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨។

គួររំលឹកផងដែរថា នៅក្នុងខេត្តព្រះសីហនុ ប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ មានចំនួន ១៤៩ ៨០៧ នាក់ មានការិយាល័យបោះឆ្នោតសរុបចំនួន ៣០៦ និងមានគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត ចំនួន១២ រួមមាន ៖ គណបក្សខ្មែរតែមួយ , គណបក្សសញ្ជាតិកម្ពុជា , គណបក្សកម្លាំងប្រជាធិបតេយ្យ , គណបក្សខ្មែររួបរួមជាតិ,គណបក្សស្រ្តីដើម្បីស្រ្តី , គណបក្សខ្មែរឈប់ក្រ , គណបក្សហ្វ៊ុនស៊ិនប៉ិច , គណបក្សធម្មាធិបតេយ្យ , គណបក្សឯកភាពជាតិខ្មែរ , គណបក្សយុវជនកម្ពុជា , គណបក្សជនជាតិដើមប្រជាធិបតេយ្យកម្ពុជា និងគណបក្សប្រជាជនកម្ពុជា ៕

ដោយ / គ្រី សម្បត្តិ

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner