រដ្ឋមន្ត្រីការបរទេសកម្ពុជា ដឹកនាំគណៈប្រតិភូចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ នៅប្រទេសឥណ្ឌូនេស៊ី
ភ្នំពេញ៖ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តជាតិឯកឧត្តម ប្រាក់ សុខុន ដឹកនាំគណៈប្រតិភូកម្ពុជាទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ានលើកទី៥៦ នៅទីក្រុងហ្សាការតាប្រទេសឥណ្ឌូនេស៊ីក្នុងគោលដៅជំរុញលើដំណើរការកសាងសហគមន៍អាស៊ាននិងមជ្ឈភាពអាស៊ានបន្ថែមទៀត។
យោងតាមក្រសួងការបទេសនាថ្ងៃទី១០ ខែកក្កដា បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន រួមជាមួយគណៈប្រតិភូបានធ្វើដំណើរទៅចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលនឹងធ្វើឡើងពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែកក្កដា តបតាមការអញ្ជើញពីររដ្ឋមន្ត្រីការបទេសឥណ្ឌូនេស៊ី ក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន»។
យោងតាមសេចក្តីប្រកាសព័ត៌មានកាលពីថ្ងៃទី៧ ខែកក្កដា បានឱ្យដឹងថា កិច្ចប្រជុំនេះ ផ្តល់កាលានុវត្តភាពក្នុងការពង្រឹងបន្ថែមទៀតនូវមជ្ឈផាពអាស៊ាននិងបង្កើនទំនាក់ទំនងខាងក្រៅរបស់អាស៊ាន ជាមួយដៃគូសន្ទនាអាស៊ានទាំងអស់ ព្រមទាំងភាគីខាងក្រៅផ្សេងទៀត ដើម្បីធានាថាអាស៊ាននៅតែរក្សាបានភាពពាក់ព័ន្ធដ៏សំខាន់ និងជាស្នូលនៃកំណើនសាកល។
ក្រសួងបានបន្ថែមថា កិច្ចប្រជុំនេះនឹងពិភាក្សាគ្របដណ្តប់លើការរក្សាតួនាទីដ៏សំខាន់របស់អាស៊ាន ជាកាតាលីករសម្រាប់កំណើនសាកលប្រកបដោយចីរភាព និងផ្តោតលើបញ្ហាតំបន់និងអន្តរជាតិ ដែលជាផលប្រយោជន៍ និងក្តីបារម្ភរួម។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថា កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាននេះមានសារៈសំខាន់ក្នុងការសម្រុះសម្រួលកិច្ចពិភាក្សាធំៗសំខាន់ៗសម្រាប់កិច្ចប្រជុំកំពូលអាស៊ាននៅពេលខាងមុខ។
លោកថា បញ្ហាអន្តរជាតិធំៗដូចជា វិបត្តិរុស្ស៊ី-អ៊ុយក្រែន វិបត្តិសមុទ្រចិនខាងត្បូង វិបត្តិភូមា បញ្ហាច្រកសមុទ្រតៃវ៉ាន់ ជាកម្តៅក្នុងជំនួបពិភាក្សារបស់អាស៊ាន ខណៈភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិនកំពុងមានកម្តៅកាន់តែខ្លាំងឡើង។
លោកបានប្រាប់ថា ៖ «សំឡេងកម្ពុជានៅក្នុងអាស៊ាន គឺចាំបាច់ត្រូវតែរក្សានូវមជ្ឈភាពអាស៊ាន ការពង្រឹងសាមគ្គីភាពអាស៊ាន និងការពង្រឹងឱ្យខ្ជាប់ខ្ជួននូវធម្មនុញ្ញអាស៊ាន និងគោលការណ៍សម្រេចរបស់អាស៊ានគឺកុងសង់ស៊ីល។ ធ្វើយ៉ាងណាកុំឱ្យអាស៊ានក្លាយជាកម្មវត្ថុអូសទាញរបស់មហាអំណាច»។
លោក គិន ភា បានបន្ថែមថា ក្នុងកាលៈទេសៈប្រកួតប្រជែងភូមិសាស្រ្តនយោបាយដ៏ស្រួចស្រាល់នេះ អាស៊ានទាមទារជាចាំបាច់នូវសាមគ្គីភាពជាធ្លុងមួយ ជាពិសេសការរួមគ្នាគិតគូរលើការស្តារសេដ្ឋកិច្ចដើម្បីរក្សានូវភាពធន់នៃកំណើន ជាពិសេសការយកចិត្តទុកលើការធ្វើពាណិជ្ជកម្មផ្ទៃក្នុងតំបន់។
គួរជម្រាបថា ក្នុងឱកាសជួបប្រជុំនេះដែររដ្ឋមន្ត្រីការបទេសអាស៊ាន និងអគ្គលេខាធិការអាស៊ាន នឹងមានជំនួបសម្តែងការគួរសមជាមួយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២៣ ផងដែរ ដែលនឹងត្រូវធ្វើជាសាក្សីនៃការចុះហត្ថលេខាលើលិខិតតុបករណ៍នៃការចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ហៅកាត់ថា TAC របស់ប្រទេសមួយចំនួនផង៕ ដោយ៖ សំបាន ច័ន្ទដារ៉ា