សម្ដេចតេជោ ហ៊ុន សែន៖ ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក ភីតា ជាការបរាជ័យ ដ៏ធំរបស់ ក្រុម ជ្រុលនិយមនៅកម្ពុជា
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ការមិនទទួលបានសំឡេងគ្រប់គ្រាន់ ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក ភីតា(Pita) ជាការបរាជ័យដ៏ ធំរបស់ក្រុមជ្រុលនិយមនៅកម្ពុជា។ នេះជាការបញ្ជាក់របស់សម្ដេច តេជោនាយករដ្ឋមន្ត្រី នៅលើបណ្ដាញទំនាក់ទំនងសង្គម ធ្វីតទ័រ (Twitter) នៅព្រលប់ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ។
នៅលើបណ្ដាញទំនាក់ទំនងសង្គមធ្វីតទ័រ (Twitter) សម្ដេច តេជោ ហ៊ុនសែនបានសរសេរដូច្នេះថា” ខ្ញុំសូមប្រកាសថ្ងៃនេះថា ការមិន ទទួលបានសំឡេងគ្រប់គ្រាន់ដើម្បីធ្វើជានាយករដ្ឋមន្រ្តីថៃរបស់លោក Pita គឺជាការបរាជ័យដ៏ធំរបស់ក្រុមពួកតិរច្ឆាននៅកម្ពុជា ហើយនេះ មិនមែនបង្ហាញថា ខ្ញុំជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ថៃនោះទេ ខ្ញុំគ្រាន់ តែចង់បង្ហាញថា ព្រោះកន្លងមកពួកក្បត់ជាតិទាំងនេះ តែងតែរំពឹងទុក ថានៅពេលលោក Pita ក្លាយជានាយករដ្ឋមន្រ្តីរបស់ថៃ ពួកគេនឹងប្រើ ប្រាស់ ទឹកដីរបស់ថៃ ដើម្បីធ្វើចលនាប្រឆាំងបះបោរនឹង រាជរដ្ឋាភិបាល កម្ពុជា ឥឡូវនេះ ក្តីរំពឹងរបស់ពួកអាតិរច្ឆានទាំងនោះ បានរលាយដូច អំបិលត្រូវទឹកហើយ”។
សម្ដេចបានរំលឹកដល់ក្រុមជ្រុលនិយមថា សូមកុំធ្វើនយោបាយផ្អែក លើដង្ហើមអ្នកដទៃ ដែលនេះជាការដាស់តឿន និងជាបំណងល្អរបស់ខ្ញុំ ។
ទីភ្នាក់ងារព័ត៌មាន AFP បានចេញផ្សាយនៅថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ ថា បន្ទាប់ពីបញ្ចប់ការរាប់សំឡេងឆ្នោត ក្នុងសភាថៃ លទ្ធផលបានបង្ហាញថា ប្រធានគណបក្ស Move Forward លោក Pita Limjaroenrat ទទួលបានសំឡេង គាំទ្រមិនគ្រប់គ្រាន់ឡើយ ដើម្បីក្លាយជានាយករដ្ឋមន្រ្តីថ្មីនៃប្រទេស អាស៊ានមួយនេះ។
សូមជម្រាបថា នៅថ្ងៃនេះ សម័យប្រជុំរួមនៃរដ្ឋសភាថៃ ដែលមាន សមាជិក៥០០នាក់ និងព្រឹទ្ធសភាដែលមានសមាជិក២៤៩នាក់ ត្រូវបានបើកធ្វើឡើង ដើម្បីជ្រើសរើសនាយករដ្ឋមន្រ្តីថ្មី ក្រោយ ការបោះឆ្នោតសកលកាលពីខែឧសភាកន្លងទៅ។ លទ្ធផលនៃការបោះឆ្នោតនៅក្នុងសភា បានបង្ហាញថា លោក Pita ដែលជាបេក្ខជនតែម្នាក់គត់ គឺទទួលបានសំឡេងគាំទ្រត្រឹម៣២៤ សំឡេងប៉ុណ្ណោះ បន្ទាប់ពីមានសំឡេងជំទាស់ និងអនុបវាទជាច្រើន។
មេដឹកនាំបក្ស Move Forward រូបនេះ ទទួលបាន៣១១សំឡេង គាំទ្រ ១៤៨សំឡេងប្រឆាំង និង៣៩សំឡេងអនុបវាទ ពីសមាជិក រដ្ឋសភា ហើយទទួលបាន១៣សំឡេងគាំទ្រ ៣៤សំឡេងប្រឆាំង និង១៥៩សំឡេងអនុបវាទ ពីសមាជិកព្រឹទ្ធសភា។ យោងតាមលក្ខខណ្ឌ គឺជាចាំបាច់ លោក Pita ត្រូវការការគាំទ្រ ចំនួន៣៧៥ សំឡេង ដែលជាសំឡេងភាគច្រើន ក្នុងចំណោម អាសនៈតំណាងរាស្រ្តថៃ (ទាំងរដ្ឋសភានិងព្រឹទ្ធសភា) សរុប ចំនួន៧៤៩នាក់ ទើបអាចក្លាយជានាយករដ្ឋមន្រ្តីបាន។ ដំបូងឡើយតំណាងរាស្រ្តថៃសរុបមានអាសនៈ៧៥០ ប៉ុន្តែសមាជិក ព្រឹទ្ធសភាម្នាក់ ទើបតែលាលែងពីតំណែង ជាហេតុនាំឱ្យសំឡេង ភាគច្រើន ដែលត្រូវការចាំបាច់ថយពី៣៧៦ មកនៅ៣៧៥វិញ។
សូមបញ្ជាក់ថា ដោយសារតែមិនអាចជ្រើសរើសនាយករដ្ឋមន្រ្តី ថ្មីបានបែបនេះ សភាថៃ ត្រូវគេរំពឹងថា នឹងរៀបចំការបោះឆ្នោត ជាថ្មីម្តងទៀត នៅសប្តាហ៍ក្រោយ ហើយបេក្ខជនដដែលនៅតែ អាចឈរឈ្មោះជាថ្មី ឬក៏បេក្ខជនផ្សេងទៀតត្រូវបានតែងតាំង ឱ្យចូលរួមប្រកួតប្រជែង។ នីតិវិធីបែបនេះនឹងត្រូវធ្វើឡើង រហូតទាល់តែមានបេក្ខជនទទួលបានសំឡេងគាំទ្រគ្រប់គ្រាន់ ដោយមិនមានកំណត់ពីចំនួននៃការបោះឆ្នោត ឬកាលបរិច្ឆេទ ផុតកំណត់នោះទេ៕ ដោយ៖ វណ្ណលុក