រដ្ឋមន្ត្រី ការបរទេស អាស៊ាន បានថ្កោលទោសអំពើ ហិង្សានៅមីយ៉ាន់ម៉ាជាថ្មី

ហ្សាការតា:​ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ ក្រុមរដ្ឋមន្ត្រីការបរទេសមកពីបណ្ដាប្រទេសសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន បានធ្វើការថ្កោលទោសជាថ្មីម្ដងទៀតចំពោះអំពើហិង្សាដែលកំពុងបន្តកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈដែលជម្លោះកាន់តែមានភាពតានតឹងនៅទីនោះ ត្រូវបានគេចាត់ទុកថាជាវិញ្ញាសារតេស្ដសាកល្បងភាពរឹងមាំនៃសាមគ្គីភាពរបស់អាស៊ាន។
 
ប្រទេសមីយ៉ាន់ម៉ា ដែលជាសមាជិកមួយក្នុងចំណោមសមាជិកទាំង ១០ របស់ស្ថាប័នក្នុងតំបន់មួយនេះ បានកើតមានការប្រយុទ្ធបាញ់បោះ សម្លាប់គ្នាឥតឈប់ឈរ ពោលគឺចាប់តាំងពីក្រុមយោធាបានដណ្តើមអំណាចនៅដើមឆ្នាំ២០២១ តាមរយៈរដ្ឋប្រហារយោធា បង្រ្កាបគូប្រជែងដែលជារដ្ឋាភិបាលស៊ីវិល និងប្រជាធិបតេយ្យ ដូច្នេះហើយស្ថានភាពបានវិវត្តទៅរកការវាយប្រហារសងសឹកដោយក្រុមចលនាតស៊ូ និងកងទ័ពជនជាតិភាគតិច។
 
អ្នកការទូតកំពូលរបស់អាស៊ាន បានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ចេញផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា «យើងបានថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពហិង្សា រួមទាំងការវាយប្រហារតាមអាកាស ការបាញ់ផ្លោងកាំភ្លើងធំ និងការបំផ្លិចបំផ្លាញកន្លែងសាធារណៈជាដើម»។
 
ប្រទេស ឥណ្ឌូណេស៊ីដែលជាប្រធាន នៃកិច្ចប្រជុំ បាន ជំរុញឱ្យរដ្ឋមន្ត្រី ការបរទេស រួមគ្នា ក្នុង ការ ដោះស្រាយបញ្ហាដែលកំពុង កើតមាននៅមីយ៉ាន់ម៉ា។ ប៉ុន្តែ មេដឹកនាំយោធាមីយ៉ាន់ម៉ាបានច្រានចោលនូវរាល់ផែនការសន្តិភាពទាំងអស់ដែលពួកគេមាន។ ចំណែកឯប្រទេសម៉ាឡេស៊ីវិញ បានអំពាវនាវឱ្យមានការថ្កោលទោសមេដឹកនាំយោធាមីយ៉ាន់ម៉ាទាំងអស់នោះបន្ថែមទៀត។ យ៉ាងណាមិញ ក្រុមរដ្ឋមន្ត្រីទាំងអស់បានជំរុញឱ្យដាក់ចេញវិធានការជាបន្ទាន់ដើម្បីបញ្ឈប់អំពើហិង្សា ភាពតានតឹងនៅក្នុងប្រទេស និងបើកឱ្យមានជំនួយមនុស្សធម៌ ក៏ដូចជាការបើកឱ្យមានវប្បធម៌សន្ទនា។
 
គួរដឹងដែរថា នៅក្នុងកិច្ចប្រជុំអាស៊ានក៏ បាន ពិភាក្សា អំពី បញ្ហាសមុទ្រ ចិន ខាង ត្បូង ដោយបានព្យាយាមស្វែងរកដំណោះស្រាយ បញ្ហា នៃការទាមទារតំបន់ ត្រួតស៊ីគ្នា ជាមួយ ចិន។ គួរកត់សម្គាល់ថា អ្នកការទូត កំពូល របស់ ចិន លោក វ៉ាង យី (Wang Yi) ក៏បាន ចូល រួមក្នុង កិច្ច ប្រជុំ នេះផងដែរ ហើយ បាន ជួប ពិភាក្សា ជាមួយរដ្ឋមន្ត្រីការបរទេស រុស្ស៊ី និង អាមេរិកទៀតផង។
 
ការប្រេះស្រាំទំនាក់ទំនងរវាងសមាជិកអាស៊ានជុំវិញបញ្ហានៅមីយ៉ាន់ម៉ា បានបង្ហាញឱ្យឃើញកាន់តែច្បាស់នៅពេលដែលប្រទេសថៃបានអញ្ជើញមន្ត្រីយោធាមីយ៉ាន់ម៉ា ឱ្យចូលរួមកិច្ចប្រជុំកាលពីខែមុន ក្នុងគោលបំណងផ្សារភ្ជាប់ទំនាក់ទំនងជាមួយរបបយោធាឡើងវិញ។ កន្លងមក របបយោធាមីយ៉ាន់ម៉ាតែងតែត្រូវបានដកសិទ្ធិចេញ មិនឱ្យចូលរួមកិច្ចប្រជុំសំខាន់ៗរបស់អាស៊ាននោះទេ ដោយសារតែពួកគេមិនបានអនុវត្តផែនការប្រាំចំណុចដែលបានសន្យាជាមួយអាស៊ាន។
 
កាលពីខែមុន សមាជិកអាស៊ានភាគច្រើនមិនបានចូលរួមកិច្ចប្រជុំនៅប្រទេសថៃនោះទេ ប៉ុន្តែរដ្ឋមន្ត្រីការបរទេសថៃ លោក ដូន ប្រាមុតវិណៃ (Don Pramudwinai) បានលើកឡើងថា មូលហេតុនៃការរៀបចំកិច្ចប្រជុំនេះ គឺដោយសារតែថៃមានបញ្ហាព្រំដែន ពាណិជ្ជកម្ម និងជនភៀសខ្លួនជាមួយមីយ៉ាន់ម៉ា។ សូមបញ្ជាក់ថា លោកគឺជារដ្ឋមន្ត្រីការបរទេសដំបូងគេ ដែលបានជួបអតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី។ ប្រទេសថៃក៏បានជូនដំណឹងផងដែរ ទៅកាន់រដ្ឋមន្ត្រីអាស៊ានទាំងអស់ អំពីសកម្មភាពថ្មីៗរបស់ខ្លួនទាក់ទងនឹងមីយ៉ាន់ម៉ា ដែលរដ្ឋសមាជិកអាស៊ានមួយចំនួនចាត់ទុកថាជាជំហានដ៏វិជ្ជមានមួយ៕
ប្រែសម្រួល:ធា សុខណា

ប្រភពព័ត៌មាន៖ Retuers​ ASEAN foreign ministers repeat condemnation of Myanmar violence

ads banner