ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បានផ្សារភ្ជាប់នឹងតម្រូវការមូលធនមនុស្ស ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ
(ភ្នំពេញ)៖ ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បានផ្សារភ្ជាប់នឹងតម្រូវការមូលធនមនុស្ស ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ក្នុងកម្មវិធីប្រគល់សញ្ញាបត្រដោយផ្ទាល់ជូននិស្សិតជ័យលាភីថ្នាក់ប្រកាសនីយបត្រជាន់ខ្ពស់ បច្ចេកទេសធនាគារចំនួន៤ជំនាន់រួមមាន៖ ជំនាន់ទី២៦ ទី២៧ ទី២៨ និងទី២៩ នៃមណ្ឌលសិក្សាបច្ចេកទេសធនាគារចំនួន៤៥០រូប នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣។
ឯកឧត្តម ជា ចាន់តូ បានថ្លែងអបអរសាទរ និងកោតសរសើរចំពោះក្មួយៗ និស្សិតជ័យលាភីទាំង៤៥០រូប ដែលបានខិតខំសិក្សាស្រាវជ្រាវបញ្ចប់ការសិក្សា ដោយជោគជ័យគួរជាទីមោទនៈ លទ្ធផលដ៏ធំធេងនេះ ជាសមិទ្ធផលរួមកើតឡើងដោយសារ មានការចូលរួមយ៉ាងសកម្ម ពីក្រុមប្រឹក្សាភិបាល គណៈគ្រប់គ្រង សាស្រ្តាចារ្យ បុគ្គលិកសិក្សានៃមណ្ឌលសិក្សាបច្ចេកទេសធនាគារ ជាពិសេសដោយមានការគាំទ្រយ៉ាងពេញទំហឹងពីសំណាក់ មាតាបិតា អាណាព្យាបាល និងក្រុមគ្រួសារ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ពីក្រសួងអប់រំ យុវជន និងកីឡា ក្នុងការធ្វើបច្ចុប្បន្នកម្មគោលនយោបាយអប់រំជាតិ និងការធ្វើកំណែទម្រង់កម្មវិធីសិក្សាបុរេសកម្មសំដៅអភិវឌ្ឍយុវជនកម្ពុជាឱ្យមានសមត្ថភាព និងជំនាញវិជ្ជាជីវៈខ្ពស់ឱ្យឆ្លើយតបនឹងតម្រូវការនៃការងារ និងដំណាក់កាលរីកចម្រើននៃសេដ្ឋកិច្ច និងសង្គមជាតិ ដែលប្រទេសកំពុងសម្របខ្លួន ចាប់យកកាលានុវត្តភាពនៃការរីកចម្រើនឥតឈប់ឈរ ផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា។
ឯកឧត្តមបានបន្ដថា ការរីកចម្រើននៃវិស័យធនាគារនៅកម្ពុជា បច្ចុប្បន្នបានផ្សារភ្ជាប់ និងតម្រូវការមូលធនមនុស្ស និងការបណ្ដុះបណ្ដាលធនធានមនុស្សឱ្យមានចំណេះដឹង មានសមត្ថភាពខ្ពស់ភាពឆ្នៃប្រឌិត សហគ្រិនភាព នវានុវត្តន៍ និងមានក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ដើម្បីគាំទ្រដំណើរការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ។ ក្នុងន័យនេះការអប់រំ ក្នុងគោលដៅសម្រាប់ឆ្នាំ២០៣០ ត្រូវផ្ដោតសំខាន់លើការផ្ដល់សេវាប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ននៅគ្រប់កម្រិតសិក្សារួមទាំង ការអប់រំបច្ចេកទេស និងជំនាញវិជ្ជាជីវៈ ជាពិសេសការសិក្សាពេញមួយជីវិត ដើម្បីបង្កើនប្រសិទ្ធភាព ផលិតភាពការងារស្របតាមយុគសម័យឈានមុខ ដោយបច្ចេកវិទ្យាសម្រាប់គាំទ្រកំណើនសេដ្ឋកិច្ច ភាពសុខុដុមជីវិតបុគ្គល និងវិបុលភាពនៃសេដ្ឋកិច្ច-សង្គមជាតិ។
ឯកឧត្តម ជា ចាន់តូ បានលើកទឹកចិត្ត និងផ្ដល់នូវទស្សនៈមួយចំនួន ដើម្បីរួមចំណែកលើកកម្ពស់គុណភាព វិស័យអប់រំ និងបន្តអភិវឌ្ឍខ្លួនរបស់ក្មួយៗជ័យលាភីទាំងអស់ ដូចជា៖ ក្មួយៗបន្តខិតខំរៀនសូត្រជាប្រចាំ ដើម្បីអភិវឌ្ឍសមត្ថភាព និងជំនាញឲ្យកាន់តែរីកចម្រើមបន្ថែមទៀត និងឲ្យដើរទាន់ការអភិវឌ្ឍរីកចម្រើនឥតឈប់ឈរ នៃសេដ្ឋកិច្ចជាតិ តំបន់ និងសកលលោក ក្នុងយុគសម័យសេរីភាវូបនីយកម្ម និងការប្រកួតប្រជែងខាងសេដ្ឋកិច្ចផ្អែកលើពុទ្ធិ និងព័ត៌មានវិទ្យា ដូចសុភាសិតរបស់លោក សូក្រាត ទស្សនវិទូបុរាណក្រិច មួយបានពោលថា «បើខ្ញុំនៅមានជីវិត ខ្ញុំនៅតែសិក្សាជាប្រចាំ»។ យកចំណេះដឹងនេះ ទៅប្រើប្រាស់ ជាគុណប្រយោជន៍ចំពោះគ្រួសារ សហគ្រាស និងក្រសួងស្ថាប័ន ដើម្បីរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ច និងសង្គមជាតិ ។ ត្រូវមានក្តីសង្ឃឹមក្នុងជីវិតជានិច្ច ។
ឯកឧត្តមទេសារភិបាលធនាគារជាតិនៃកម្ពុជា បានបន្ថែមថា យុវជន មានតួនាទីសំខាន់ក្នុងការកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ដូចពាក្យចាស់បុរាណពោលថា «ទំពាំងស្នងឬស្សី យុវជនប្រុសស្រីជាអ្នកស្នងជាតិ» និង «បុរសសេដ្ឋោ ស្រ្តីសេដ្ឋា រស់នៅរដ្ឋាណា រដ្ឋនោះសេដ្ឋំ» មានន័យថា យុវជនប្រុសស្រីជាអ្នកបន្តវេនទៅអនាគត មានតួនាទីសំខាន់ក្នុងការចូលរួមកសាង និងអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ៕
អត្ថបទ៖ វណ្ណលុក, រូបភាព៖ វ៉េង លីមហួត