​​អាមេរិក ​និង​ចិន​រំពឹង​​ស្តារ​ឡើង​វិញ​នូវ​កិច្ចសហប្រតិបត្តិការ​អាកាសធាតុ​

​​អាមេរិក៖ សហរដ្ឋ​អាមេរិក​ និង​ចិន​ រំពឹង​លើ​ការ​​​ស្តារ​ឡើង​វិញ​នូវ​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​​ប្រែ​ប្រួល​អាកាស​ធាតុ​ ដែល​ជា​ក្ដី​ព្រួយ​បារម្ភ​សកល​​​ ​ក្នុង​កិច្ច​ប្រជុំ​ទ្វេ​ភាគី​នា​សប្ដាហ៍​នេះ​ ខណៈ​ភាព​តាន​តឹង​រវាង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​ផ្សេង​ៗ​ទៀត​​នៅ​តែ​បន្ត​។ នេះ​បើ​តាម​ការ​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​។

​កិច្ច​ប្រជុំ​ចុង​ក្រោយ​ ​​ធ្វើ​ឡើង​​ខណៈ​ប្រទេស​ដែល​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ទាំង​២​ ធ្វើ​ការ​ដើម្បី​រក្សា​ស្ថិរភាព​ទំនាក់​ទំនង​ដែល​តាន​តឹង​ដោយ​សារ​ជម្លោះ​ពាណិជ្ជកម្ម​ ​បញ្ហា​យោធា និង​ការ​ចោទ​ប្រកាន់​ពី​បទ​ចារកម្ម​ផ្សេង​ៗ​ជា​ដើម​។

​លោក​ John Kerry ​បេសកជន​ពិសេស​របស់​សហរដ្ឋ​អាមេរិក​ ទទួល​បន្ទុក​លើ​បញ្ហា​អាកាសធាតុ​ ​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ទីក្រុង​ប៉េកាំង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ​​ដើម្បី​ពិភាក្សា​ជាមួយ​សម​ភាគី​ចិន​ លោក​ Xie Zhenhua ចាប់​ពី​​ថ្ងៃ​ច​ន្ទ​ដល់​ថ្ងៃ​ពុ​ធ​។​ កិច្ច​ពិភាក្សា​រវាង​មន្រ្តី​ទាំង​២​ ​នឹង​ផ្តោត​លើ​បញ្ហា​នានា ​រួម​ទាំង​ការ​កាត់​បន្ថយ​ការ​បំភាយ​ឧស្ម័ន​មេតាន ​ការ​កំណត់​ការ​ប្រើ​ប្រាស់​ធ្យូង​ថ្ម​ ការ​ទប់​ស្កាត់​ការ​កាប់​បំផ្លាញ​ព្រៃ​ឈើ ​និង​ការ​ជួយ​ប្រទេស​ក្រី​ក្រ​ដោះស្រាយ​​​ការ​រង​គ្រោះ​ដោយ​សារ​​​ការ​ប្រែ​ប្រួ​ល​អាកាស​ធាតុ​ជា​ដើម​។

​អ្នក​សង្កេតការណ៍​បាន​និយាយ​ថា​ មន្រ្តី​ទាំង​ពីរ​​ក៏​ទំនង​​នឹង​ពិភាក្សា​អំពី​ការ​ជំទាស់​របស់​ប្រទេស​ចិន​ ចំពោះ​ពន្ធ​របស់​សហរដ្ឋ​អាមេរិក​ និង​ការ​រឹត​បន្តឹង​ផ្សេង​ទៀត​លើ​ការ​នាំ​ចូល​បន្ទះ​ស្រូប​ពន្លឺ​ព្រះអាទិត្យ(ផ្ទាំង​សូឡា​)​ និង​សមាសធាតុ​ថ្មអាគុយ​​របស់​ចិន​​ផង​ដែរ​។​

​កន្លង​មក​ ទីក្រុង​វ៉ាស៊ីនតោន​​បាន​ស្វែង​រក​​ការ​ការពារ​ក្រុមហ៊ុន​ផលិត​របស់​សហរដ្ឋ​អាមេរិក​ ពី​ដៃគូ​ប្រកួត​ប្រជែង​​នៅ​​​ចិន​ រួម​ទាំង​ក្រុម​ហ៊ុន​ចិន​ដែល​ខ្លួន​សង្ស័យ​ថា​បាន​ប្រើ​ប្រាស់​កម្លាំង​ពលកម្ម​ដោយ​បង្ខំ​​ដូច​ជា​នៅ​តំបន់​ស៊ីនជាំង​ ជាដើម​។

​ជុំ​វិញ​កិច្ច​ពិភាក្សា​នេះ​ លោក​ Kerry បាន​លើក​ឡើង​ពី​គោល​បំណង​របស់​​លោក​សម្រាប់​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ប្រទេស​ចិន​នា​ពេល​នេះ​ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​​​៖ «​អ្វី​ដែល​យើង​កំពុង​ព្យាយាម​សម្រេច​បាន​នៅ​ពេល​នេះ​ គឺ​ពិត​ជា​បង្កើត​ស្ថេរភាព​ខ្លះ​ជាមួយ​ទំនាក់​ទំនង​ដោយ​គ្មាន​ការ​យល់​ព្រម​​លើ​អ្វី​ទាំង​អស់​»​។

​លោក​ Kerry ​គឺ​ជា​មន្ត្រី​អាមេរិក​ទី​​៣​បន្ទាប់​ពី​រដ្ឋ​មន្ត្រី​ការ​បរទេស​ លោក​ អ៊ែនថូនី​ ប្ល៊ីងកែន​ និង​រដ្ឋ​​​មន្ត្រី​ក្រសួង​រតនាគារ​ លោក​ស្រី​ ចាណិត យ៉េឡេន​ ដែល​​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ចិន​ក្នុង​ឆ្នាំ​នេះ​ ដើម្បី​ព្យាយាម​បង្កើត​ទំនាក់​ទំន​ងទ្វេ​ភាគី​ដែល​មាន​ស្ថិរភាព​ឡើង​វិញ​។​

​ប្រទេស​ទាំង​​២​និយាយ​ថា​ ខ្លួន​គួរ​តែ​អាច​សហការ​គ្នា​លើ​ការ​ប្រែប្រួ​ល​អាកាស​ធាតុ​ ដោយ​មិន​គិត​ពី​ការ​ខ្វែង​គំនិ​ត​គ្នា​​លើ​បញ្ហា​ផ្សេង​ៗ​ទៀត​នោះ​ទេ​។​ អ្នក​វិភាគ​និយាយ​ថា​ ​​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​​នៅតែ​ជា​​គោល​សម្រាប់​​ប្រទេស​ទាំង​២​ ដែល​ទំនាក់​ទំនង​​​ទ្វេ​ភាគី​ដ៏​សំខាន់​បំផុត​របស់​ពិភ​ពលោក​​​​៕

ប្រែសម្រួល៖ហួន ឌីណា

ប្រភព​៖ US, China aim to revive climate cooperation as tensions simmer  https://www.reuters.com/world/us-china-aim-revive-climate-cooperation-tensions-simmer-2023-07-16/

ads banner