អាមេរិក កូរ៉េខាងត្បូង និងជប៉ុន ធ្វើសមយុទ្ធការពារគ្រាប់មីស៊ីល ក្រោយកូរ៉េខាងជើងបាញ់មីស៊ីលផ្លោងអន្តរទ្វីប

អត្ថបទដោយ៖
CPA

សេអ៊ូល៖កងទ័ពជើងទឹកកូរ៉េខាងត្បូងនៅថ្ងៃ​ទី១៦ ខែកក្កដា បានលើកឡើងថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានធ្វើសមយុទ្ធប្រព័ន្ធការពារមីស៊ីលរបស់កងទ័ពជើងទឹកនៅប៉ុន្មានថ្ងៃបន្ទាប់ពីកូរ៉េខាងជើង បានបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីប ឬហៅកាត់ថា ICBM។ គោលបំណងនៃការធ្វើសមយុទ្ធនេះគឺដើម្បីទប់ទល់នឹងការគំរាមកំហែងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង។​

គួររំឭកថា កូរ៉េខាងជើងបានបាញ់គ្រាប់មីស៊ីលប្រភេទ Hwasong-18 លើកចុងក្រោយបំផុតរបស់ខ្លួន នៅឯឆ្នេរសមុទ្រភាគខាងកើ​តកាលពីថ្ងៃពុធ សប្ដាហ៍មុន។ ទីក្រុងព្យុងយ៉ាងបានពិពណ៌នាថា សកម្មភាពរបស់ខ្លួនជាស្នូលនៃកម្លាំងវាយប្រហារនុយក្លេអ៊ែរ​ ដើម្បីជាការព្រមានទៅកាន់សត្រូវរបស់ខ្លួន។​

កងទ័ពជើងទឹកកូរ៉េខាងត្បូងបាននិយាយថា សមយុទ្ធត្រីភាគីកាលពីថ្ងៃអាទិត្យ ត្រូវបានធ្វើឡើងនៅក្នុងដែនទឹកអន្តរជាតិ រវាងកូរ៉េខាងត្បូង និងជប៉ុន ដោយនាំយកនាវាពិឃាតបំពាក់ដោយប្រព័ន្ធរ៉ាដាប្រភេទ Aegis មកពីប្រទេសដៃគូទាំងបី។​

មួយរយៈចុងក្រោយនេះទីក្រុងវ៉ាស៊ីនតោន និងសម្ព័ន្ធមិត្តនៅអាស៊ីរបស់ខ្លួន បាននិងកំពុងធ្វើការកែលម្អប្រព័ន្ធចែករំលែកព័ត៌​មា​នរបស់ពួកគេ ជាពិសេសព័ត៌មានស្តីពីមីស៊ីលរបស់កូរ៉េខាងជើ​ង។ គួរកត់សម្គាល់ថា កូរ៉េខាងត្បូង និងជប៉ុនបានភ្ជាប់ទៅនឹងប្រព័​ន្ធរ៉ាដារបស់សហរដ្ឋអាមេរិករៀងៗខ្លួន ប៉ុន្តែមិនបានភ្ជាប់ទៅកាន់គ្នាទៅវិញទៅមកនោះទេ។​

ក្រុមយោធាបានឱ្យដឹងថា សមយុទ្ធនេះមានគោលបំណងពង្រឹងលើមធ្យោបាយឆ្លើយតបរបស់សម្ព័ន្ធមិត្តចំពោះការបាញ់មីស៊ីលផ្លោងរបស់កូរ៉េខាងជើង ដោយបានបង្កើតសេណារីយ៉ូគោលដៅនិម្មិតក្នុងពេលធ្វើសមយុទ្ធ។​

មន្ត្រីកងទ័ពជើងទឹកកូរ៉េខាងត្បូងម្នាក់បាននិយាយថា ៖ «យើងនឹងឆ្លើយតបប្រកបដោយប្រសិទ្ធភាពបំផុត ចំពោះការគំរាមកំ​ហែ​ងនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើង តាមរយៈការបំពាក់ប្រព័ន្ធឆ្លើយតបដ៏រឹងមាំរបស់យោធារបស់យើង និងកិច្ចសហប្រតិ​បត្តិការត្រីភាគីផងដែរ»។​

គួរដឹងដែរថា សហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានថ្កោលទោសចំពោះការបាញ់បង្ហោះមីស៊ីលផ្លោងអន្តរទ្វីបប្រភេទ ICBM របស់កូរ៉េខាងជើង បើទោះបីជាទីក្រុងព្យុងយ៉ាងបានច្រានចោលការថ្កោលទោសនេះ ដោយបានអះអាងថា វាគឺជាការអនុវត្តសិទ្ធិការពារខ្លួន។​​

ការបាញ់បង្ហោះចុងក្រោយនេះ បានធ្វើឡើងបន្ទាប់ប្រទេសកូរ៉េខាងជើងបានធ្វើការចោទប្រកាន់យន្តហោះចារកម្មអាមេរិកថា បានហោះហើរពីលើដែនទឹកតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន និងបានថ្កោលទោសដំណើរទស្សនកិច្ចដោយនាវាមុជទឹកដើរដោយថាម​ពលនុយក្លេអ៊ែររបស់សហរដ្ឋអាមេរិកទៅកាន់កូរ៉េខាងត្បូងនាពេលថ្មីៗនេះហើយបានប្តេជ្ញាថាខ្លួននឹងចាត់វិធានការឆ្លើយតបវិញ៕​

ប្រែសម្រួល៖ធា សុណា

ប្រភពព័ត៌មាន៖ Channel NewsAsia US, South Korea and Japan hold missile defence drill after North Korea’s missile launch

ads banner