អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ស្ថាប័នអនុវត្តច្បាប់ បាននិងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

ភ្នំពេញ៖ ឯកឧត្តម គឹម សន្តិភាព រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ថា យោងតាមមាត្រា១៤២ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់!

អំពើល្មើសខាងលើនេះ ត្រូវប្រឈមនឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច៖
១.ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោត។
២.ស្ថាប័នតុលាការ៖ សម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ទៀតថា “ស្ថាប័នអនុវត្តច្បាប់ បាននិងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ទាំងនេះហើយ! សូមបងប្អូនប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ!”។

ដោយឡែក អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា យុទ្ធនាការជំរុញឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតប្រឆាំងនឹងច្បាប់ គឺជាការចូលរួមជាមួយផែនការផ្តួលរំលំរាជរដ្ឋាភិបាលដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៊ី ហើយត្រូវប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមត្ថកិច្ច។ យុទ្ធនាការនេះ គឺមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ ដោយបានអំពាវនាវឱ្យមានការដោះលែងមន្ត្រីរបស់ខ្លួនចំនួន ២នាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ ពាក់ព័ន្ធនឹងការញុះញង់ឱ្យប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជី គូសបំផ្លាញសន្លឹកឆ្នោត។ ឯកឧត្តម សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា ក្រោយពីផែនការទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយមដឹកនាំដោយទណ្ឌិត សម រង្ស៊ី ត្រូវបានបរាជ័យជាបន្តបន្ទាប់ តាមរយៈចម្លើយសារភាពរបស់សមាជិកបក្សភ្លើងទៀន នៅយប់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២២៣ វិធានការច្បាប់ម៉ឺងម៉ាត់បាននិងកំពុងអនុវត្តប្រឆាំងនឹងក្រុមបំផ្លាញប្រជាធិបតេយ្យដោយញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ហើយនេះជាការឃុបឃិតក្នុងផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ៖«យុទ្ធនាការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះ មិនមែនធ្វើត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ ទណ្ឌិត សម រង្ស៊ី បានអះអាងថា អ្នកដែលទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល គឺគាំទ្រការអំពាវនាវរបស់ខ្លួន ហើយខ្លួនគេនឹងវិលត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុងប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់»។

ប្រភពដដែលបានបន្តថា នេះមិនមែនជាការគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ។ យោងតាមការស៊ើបអង្កេតរបស់កម្លាំងមានសមត្ថកិច្ច, ក្រុមក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៊ី បាននិងកំពុងសហការជាមួយមន្ត្រីនៃគណបក្សភ្លើងទៀនបង្កើតជាអង្គការចាត់តាំងខុសច្បាប់ធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយដែលរហូតមកដល់ពេលនេះ សមត្ថកិច្ចបានចាប់ឃាត់ខ្លួនជនល្មើសពីរនាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការគូសសន្លឹកឆ្នោតចោល គឺមានការពាក់ព័ន្ធនឹងផែនការឧទ្ទាមកម្មរបស់ក្រុមជនក្បត់ជាតិប្រឆាំងនឹងកម្ពុជា, សមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតរហូតដល់លើសន្លឹកឆ្នោត។ អ្នកទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតចោលជាការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យជាមួយក្រុមជនក្បត់ជាតិ និងចូលរួមគាំទ្រផែនការធ្វើឧបឃាត ផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់។ ប៉ុន្តែអ្នកដែលអញ្ជើញទៅបោះឆ្នោត និងគូសសន្លឹកឆ្នោតត្រឹមត្រូវ គឺចូលរួមការពារ និងគាំទ្រលទ្ធិប្រជាធិបតេយ្យ៕
ដោយ៖ពលជ័យ

ads banner