តុលាការឧក្រិដ្ឋកម្មអន្តរជាតិ សម្រេចបើកស៊ើបអង្កេតករណីសម្លាប់ក្នុងករណីបង្រ្កាបគ្រឿងញៀននៅហ្វីលីពីន

ម៉ានីល៖ ចៅក្រមសាលាឧទ្ធរណ៍នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ(ICC)បានបើកការស៊ើបអង្កេតចំពោះករណីសម្លាប់មនុស្សរាប់ពាន់នាក់អំឡុងពេលអនុវត្តគោលនយោបាយប្រឆាំងគ្រឿងញៀននៅប្រទេសហ្វ៊ីលីពីន។ ការសម្រេចនេះ ទទួលបានការសាទរពីក្រុមគ្រួសារជនរងគ្រោះ និងក្រុមសិទ្ធិមនុស្សយ៉ាងខ្លាំងដែលថា វាជាជំហានឆ្ពោះទៅរកភាពយុត្តិធម៌។

យោងតាមសេចក្ដីសម្រេចកាលពីថ្ងៃទី១៨ ខែកក្កដា កន្លងទៅនេះ ចៅក្រមសាលាឧទ្ធរណ៍នៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិបានច្រានចោលការប៉ុនប៉ងរបស់ហ្វ៊ីលីពីន ក្នុងការរារាំងការស៊ើបអង្កេតលើយុទ្ធនាការប្រឆាំងនឹងគ្រឿងញៀនរបស់អតីតប្រធានាធិបតី លោក រ៉ូទ្រីហ្គោ ឌូទ័រតេ (Rodrigo Duterte)។ អ្នកតំណាងរបស់លោក ឌូទ័រតេ បានលើកឡើងថា លោកនឹងមិនខ្វាយខ្វល់ចំពោះការសម្រេចនេះនោះទេ។

អតីតអ្នកនាំពាក្យរបស់លោក ឌូទ័រតេ គឺលោក ហារី រ៉ូ (Harry Roque) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ៖ «ក្នុងនាមជារដ្ឋឯករាជ្យ និងអធិបតេយ្យភាព មានតែតុលាការហ្វ៊ីលីពីនប៉ុណ្ណោះ ដែលអាចកាត់ទោសឧក្រិដ្ឋកម្មណាមួយដែលបានប្រព្រឹត្តនៅក្នុងទឹកដីហ្វ៊ីលីពីន»។

លោកបានបន្ថែមទៀតថា ៖ «អតីតប្រធានាធិបតីនឹងត្រូវប្រឈមមុខនឹងអ្នកចោទប្រកាន់ ប៉ុន្តែសម្រាប់តែនៅចំពោះមុខតុលាការ និងចៅក្រមហ្វ៊ិលីពីនតែប៉ុណ្ណោះ»។

គួររំឭកថា កាលពីខែកញ្ញា ឆ្នាំ២០២១ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) បានអនុម័តការស៊ើបអង្កេតជាផ្លូវការលើឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវបានចោទប្រកាន់ថាមានការប្រព្រឹត្តឡើងនៅក្រោមការដឹកនាំរបស់លោក ឌូទ័រតេ ប៉ុន្តែក៏ត្រូវបានផ្អាកការស៊ើបអង្កេតវិញនៅខែវិច្ឆិកា ឆ្នាំ២០២១ តាមសំណើរបស់ទីក្រុងម៉ានីល (Manila) ដែលបានលើកឡើងថា ខ្លួនកំពុងធ្វើការស៊ើបអង្កេតលើករណីនេះដោយខ្លួនឯង។

ប៉ុន្តែកាលពីខែមករា កន្លងទៅនេះដែរ តុលាការបានលើកឡើងថា ខ្លួនមិនពេញចិត្ដហ្វ៊ីលីពីនដែលកំពុងធ្វើការពាក់ព័ន្ធជុំវិញការស៊ើបអង្កេតលើករណីនេះនោះទេ ហើយព្រះរាជអាជ្ញាបាននឹងកំពុងបន្តការស៊ើបអង្កេតរបស់ពួកគេផងដែរ។

ប្រធានចៅក្រមលោក ម៉ា ផឺរីន ព្រីឆាបួត (Marc Perrin Brichambaut) បានធ្វើការកត់សម្គាល់នៅក្នុងការសង្ខេបនៃសេចក្តីសម្រេចកាលពីថ្ងៃអង្គារ ថា «ភាគច្រើននៃអង្គជំនុំជម្រះសាលាឧទ្ធរណ៍បានច្រានចោល (ការសម្រេចរបស់ហ្វ៊ីលីពីន)»។ ចៅក្រមភាគច្រើនបានច្រានចោលចំណុចទាំងបួនរបស់សាលាឧទ្ធរណ៍នៅទីក្រុងម៉ានីល ក្នុងនោះរួមមាន ការអះអាងថា ICC មិនមានយុត្តាធិការនៅក្នុងប្រទេសហ្វ៊ីលីពីន។

លោក ព្រីយ៉ូនី ឡៅ (Bryony Lau) នាយករងប្រចាំតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស (HRW) បានសង្កត់ធ្ងន់នៅក្នុងសេចក្តីថ្លែងការណ៍មួយថា «សេចក្ដីសម្រេចរបស់ចៅក្រមតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) គឺជាជំហានឆ្ពោះទៅរកយុត្តិធម៌សម្រាប់ជនរងគ្រោះពីការសម្លាប់ដោយគោលនយោបាយ «សង្គ្រាមប្រឆាំងគ្រឿងញៀន» និងសម្រាប់ក្រុមគ្រួសាររបស់ពួកគេ»។

ការសម្រេចនេះបានធ្វើឱ្យក្រុមគ្រួសារជនរងគ្រោះដោយសារគោលនយោបាយនេះមួយចំនួន បានស្រក់ទឹកភ្នែកបន្ទាប់ពីពួកគេបានដឹងពីការបើកការស៊ើបអង្កេតរបស់តុលាការ ICC សារជាថ្មី។ មេធាវីតំណាងឱ្យពួកគេ គឺលោកស្រី គ្រីស្ទីណា ខូនទី (Kristina Conti) បាននិយាយថា «យើងសប្បាយចិត្តណាស់ ប៉ុន្តែក្នុងពេលជាមួយគ្នានេះដែរ យើងក៏មានការភ័យខ្លាចចំពោះបញ្ហាប្រឈមដែលនឹងកើតមានឡើងនៅពេលខាងមុខ»។

យោងតាមអាជ្ញាធរហ្វ៊ីលីពីនបានឱ្យដឹងថា ជនសង្ស័យប្រមាណជាជាង ៦២០០ នាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលបង្រ្កាបដ៏ឃោរឃៅដែលបានធ្វើឡើងបន្ទាប់ពីការជាប់ឆ្នោតរបស់លោក ឌូទ័រតេ ក្នុងឆ្នាំ២០១៦ ប៉ុន្តែពួកគេបានច្រានចោលការចោទប្រកាន់ដោយក្រុមសិទ្ធិមនុស្ស ថាមានការប្រហារជីវិតជាប្រព័ន្ធ និងការបិទបាំងព័ត៌មានជាដើម។

លោក ព្រីយ៉ូនី ឡៅ បាននិយាយថា រដ្ឋបាលរបស់ប្រធានាធិបតី ហ្វឺឌីណាន់ ម៉ាកូស (Ferdinand Marcos Jr) គួរតែគាំទ្រឡើងវិញនូវការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសិទ្ធិមនុស្ស ដោយសហការជាមួយនឹងការស៊ើបអង្កេតរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ៕ ប្រែសម្រួល៖ ធា សុណា

ads banner