ក្រសួងព័ត៌មាន៖ កម្ពុជាមិនមានការរឹតត្បិតសេរីភាពសារព័ត៌មានមុនការបោះឆ្នោតជាតិឡើយ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មានបានគូសបញ្ជាក់ថា លំហសេរីភាពសារព័ត៌មាននៅកម្ពុជានៅតែរក្សាបានភាពល្អប្រសើរ និងត្រូវបានធានា ការពារដោយច្បាប់ស្ដីពីរបបសារព័ត៌មាន ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដោយគ្មានការរឹតត្បិត។

ឯកឧត្តម មាស សុភ័ណ្ឌ អ្នកនាំពាក្យក្រសួងព័ត៌មានបានប្រាប់ឱ្យដឹងនៅថ្ងៃទី១៩ ខែកក្កដាថា វិស័យសារព័ត៌មាននៅកម្ពុជា នូវតែរក្សាបាននូវភាពចម្រុះគ្រប់ទស្សនៈ គ្រប់និន្នាការ ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន ដើម្បីផ្សព្វផ្សាយព័ត៌មានយ៉ាងសម្បូរបែប និងទូលំទូលាយពីគ្រប់មធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយទាំងបែបប្រពៃណី និងតាមប្រព័ន្ធអ៊ីនធឺណេត ដែលអាចឱ្យសាធារណជន ទទួលបានព័ត៌មានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ឯកឧត្តម មាស សុភ័ណ បានថ្លែងថា ការសម្តែងការព្រួយបារម្ភឬចោទប្រកាន់មកលើរាជរដ្ឋាភិបាលថា រំលោភបំពានលើសិទ្ធិទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋនេះ គឺគ្រាន់តែចង់ជួយបិទបាំងនូវកំហុសរបស់សារព័ត៌មានដែលបំពានទាំងច្បាប់ផ្សាយដោយគ្មានច្បាប់អនុញ្ញាតពីក្រសួង បំពានទាំងវិជ្ជាជីវៈដោយផ្សាយព័ត៌មានគ្មានតុល្យភាព បំផ្លើសបំភ្លៃ បំពានក្រមសីលធម៌ ប្រមាថចោទប្រកាន់ដោយគ្មានមូលដ្ឋាន តាមតែអំពើចិត្តរបស់ពួកគេមកលើថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជាប៉ុណ្ណោះ។

អ្នកនាំពាក្យអះអាងថា នៅកម្ពុជាគ្មានការរឹតត្បិតលំហសេរីភាពសារព័ត៌មាននោះទេ គឺមានតែសារព័ត៌មានដែលបំពានច្បាប់ គ្មានក្រមសីលធម៌ និងមិនគោរពវិជ្ជាជីវៈប៉ុណ្ណោះ ដែលចោទថាលំហសេរីភាពសារព័ត៌មានត្រូវបានរឹតត្បិត។

ដោយឡែកឯកឧត្តម ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌ ក៏បានលើកឡើងដែរថា បើពិនិត្យមើលតាមទិដ្ឋភាពផ្លូវច្បាប់ សំខាន់ឱ្យស្ថាប័នសារព័ត៌មានទាំងនោះ ត្រូវផ្សព្វផ្សាយឱ្យបានត្រឹមត្រូវ គោរពតាមគោលការណ៍ច្បាប់ គោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ នោះមិនមានការរឹតត្បិតសេរីភាពសារព័ត៌មាន ឬបិទស្ថាប័នសារព័ត៌មានណាមួយឡើយ។

ឯកឧត្តម ជិន ម៉ាលីន បានថ្លែងថា ដូច្នេះហើយកុំឱ្យតែមានការផ្សាយញុះញង់ បំផុសបំផុល និងបង្កចលាចលក្នុងសង្គម ដែលខុសពីក្រមសីលធម៌វិជ្ជាជីវៈអ្នកសារព័ត៌មាន អាហ្នឹងទើបប្រឈមមុខតាមផ្លូវច្បាប់។ អ៊ីចឹងវាអត់មានការរឹតត្បិតអីនោះទេ៕ ដោយ៖ ជា សុខនី

ads banner