ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ស្នើដល់វិស័យអប់រំឯកជន សហការ គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ស្នើដល់វិស័យអប់រំឯកជន សហការ គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព
នយោបាយ 17/07/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ស្នើដល់វិស័យអប់រំឯកជន សហការ គ្រប់ស្ថាប័នពាក់ព័ន្ធ ដើម្បីបណ្តុះបណ្តាលធនធានមនុស្សប្រកបដោយគុណភាព

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី លើកទឹកចិត្តសាកលវិទ្យាល័យអប់រំឯកជនបន្តប្រើគ្រប់មធ្យោបាយជួយអភិវឌ្ឍមូលធនមនុស្សដែលជាការងារអាទិភាពទី១ ដោយប្រើប្រាស់ បច្ចេកវិទ្យា ជាអាទិភាពគន្លឹះថ្មីសម្រាប់លើកកម្ពស់ការអភិវឌ្ឍមូលធនមនុស្ស និងចង្អុលបង្ហាញពីការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឱ្យចំគោលដៅ ប្រកបដោយប្រសិទ្ធភាព និងសុវត្ថិភាព។

Advertisement

ការចង្អុលបង្ហាញនេះធ្វើឡើងខណៈ និស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត ចំនួន ១,៨០៩អង្គ/នាក់ បានទទួលសញ្ញាប័ត្រពីសាកលវិទ្យាល័យប៊ែលធីអន្តរជាតិ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ និងមានការចូលរួមពី ឯកឧត្តមបណ្ឌិត លី ឆេង តំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ ស្ថាបនិក-អគ្គនាយក ប៊ែលធី គ្រុប និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ រួមទាំង ឯកឧត្តម លោកជំទាវ ជាតំណាងក្រសួង-ស្ថាប័ននានា គណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាល ស.ស.យ.ក. ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ព្រមទាំងថ្នាក់ដឹកនាំ បុគ្គលិក សាស្ត្រាចារ្យ និស្សិតជ័យលាភី និងមាតាបិតា អាណាព្យាបាល សរុបប្រមាណ ,៥០០អង្គ/នាក់

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ពីទិសដៅរបស់រាជរដ្ឋាភិបាល ដើម្បីប្រែក្លាយខ្លួនជាប្រទេសដែលមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០ ដើម្បីជួយជ្រុមជ្រែង ដល់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា សម្រេចបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់យកអាទិភាពគន្លឹះ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា

យោងតាមរបាយការណ៍ ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ បានឱ្យដឹងថា និស្សិតជ័យលាភី ដែលទទួលសញ្ញាបត្រនាពេលនេះមានចំនួន ១,៨០៩អង្គ/នាក់ ក្នុងនោះ ថ្នាក់បណ្ឌិត ១នាក់, បរិញ្ញាបត្រជាន់ខ្ពស់ ៥៣នាក់, ថ្នាក់បរិញ្ញា បត្រ ១,៤១០នាក់ និងថ្នាក់បរិញ្ញាបត្ររង ៣៤៥នាក់។ បច្ចុប្បន្ន សាកលវិទ្យាល័យ មាន ៣ទីតាំង ក្នុងរាជធានីភ្នំពេញ៖ ទីតាំងទី១-ទួលស្លែង, ទីតាំងទី២-ស្ពានអាកាសចោមចៅ (កន្លែងកំពុងប្រារព្ធពិធី) និង ទីតាំងទី៣-ទួលពង្រ ដែលកំពុងសាងសង់ ស្ថិតនៅសង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ។ សាកលវិទ្យាល័យមាន ១៣មហាវិទ្យាល័យ (៤៥ជំនាញ)៖ ១-គ្រប់គ្រងពាណិជ្ជកម្ម, ២-ហិរញ្ញវត្ថុ និង ធនាគារ, ៣-សេដ្ឋកិច្ច, ៤-ច្បាប់, ៥-អប់រំ សិល្បៈ និងមនុស្សសាស្ត្រ, ៦-ទេសចរណ៍ និងបដិសណ្ឋារកិច្ច, ៧-ព័ត៌មានវិទ្យា និងវិទ្យាសាស្ត្រ, ៨-បច្ចេកវិទ្យាឌីជីថល និងទូរគមនាគមន៍, ៩-វិស្វកម្ម, ១០-ស្ថាបត្យកម្ម, ១១-ទំនាក់ទំនងអន្តរជាតិ, ១២-អាកាសចរស៊ីវិល និង ១៣-ភាសាចិន។ ថ្មីៗនេះ សាកលវិទ្យាល័យក៏បានចុះកិច្ចព្រមព្រៀងជាមួយ MONASH University ដែលជាសាកលវិទ្យាល័យដ៏ល្បី មានស្តង់ដាខ្ពស់ និងមានការទទួលស្គាល់ជុំវិញពិភពលោក មកពីប្រទេសអូស្ត្រាលី ដើម្បីបើកថ្នាក់ឆ្នាំមូលដ្ឋាន (Foundation Year) នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ខាងមុខនេះ ដែលមានទីតាំងស្ថិតនៅស្នាក់ការកណ្តាល ប៊ែលធី គ្រុប (ជាន់ទី៥) ដោយនិស្សិតសិក្សា១ឆ្នាំ នៅ MONASH – BELTEI IU Cambodia និងអាចបន្តសិក្សា៣ឆ្នាំ នៅ MONASH University នៅប្រទេសអូស្ត្រាលី។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បញ្ជាក់ថា បេសកកម្មនៃមាគ៌ាជីវិតរបស់និស្សិតបន្ត គឺនាំកិត្តិយសសម្រាប់ខ្លួនឯង សម្រាប់គ្រួសារ និង ផ្សាភ្ជាប់ខ្លួនទៅលើ សុខទុក្ខរបស់ប្រទេសជាតិ ព្រោះថា និស្សិតទាំងអស់ នឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិយើង ហើយការបញ្ចប់ការសិក្សានៅពេលនេះ បានបើកឱកាសនៃការប្រកបអាជីព វិជ្ជាជីវៈនានា ដែលនឹងរួមចំណែកយ៉ាងសំខាន់ដល់ការអភិវឌ្ឍកម្ពុជា។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បន្តថា ការអប់រំទៅលើជំនាញតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ឡើយ ប្អូនៗត្រូវមានទាំងចំណេះ និងវិន័យ ទើបអាចក្លាយជាមន្រ្តីដែលពោរពេញទៅដោយសមត្ថភាព និងគុណភាព ដោយ ឯកឧត្តម បានសង្កត់ធ្ងន់ថា «ការបណ្តុះបណ្តាលមន្រ្តីតែសមត្ថភាព មិនគ្រប់គ្រាន់ឡើយ ត្រូវបណ្តុះបណ្តាលបន្ថែមលើឥរិយាបទ និងអាកប្បកិរិយា (វិន័យ)»។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់នូវអនុសាសន៍ដល់និស្សិតជ័យលាភី ត្រូវបន្តពង្រឹងសមត្ថភាពជាប្រចាំ (Lifelong learning), ការប្រែក្លាយចំណេះដឹងទៅជាការអនុវត្តជាក់ស្តែង, ការរក្សាសីលធម៌ វិន័យនៅក្នុងការបំពេញតួនាទី និងវិជ្ជាជីវៈ ការប្រកាន់ខ្ជាប់នូវស្មារតីសាមគ្គីភាពនៅគ្រប់កាលៈទេសៈ និងបន្តលើកកម្ពស់ស្មារតីស្នេហាជាតិ ការចូលរួមថែរក្សា និងលើកស្ទួយអត្តសញ្ញាណជាតិ ដែលជាស្នូលនៃភាពជាខ្មែរ ហើយត្រូវរួមគ្នាបំផុសស្មារតីស្រឡាញ់ ថែរក្សា មានមោទនភាព និងរួមគ្នាគាំទ្រ ក៏ដូចជាការពារអ្វីៗ ដែលជារបស់ខ្មែរ។ អនាគតរបស់របស់ប្រទេសជាតិមិនមែនជាអ្វីដែលយើងត្រូវរង់ចាំមើលនោះទេ ប៉ុន្តែជាអ្វីដែលយើងត្រូវរួមគ្នាបន្តកសាង យើងគួរតែធ្វើកិច្ចសន្យាជាមួយជាតិយើង ដើម្បីជាតិយើង សម្រាប់ជាតិយើង។ ជាពិសេសសូមបន្តគាំទ្រ ជឿជាក់ និងចូលរួមជាមួយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្តេចធិបតី ក្នុងការថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍឱ្យបានជាដាច់ខាត ដោយបន្តគាំទ្រជំហរ និងវិធានការរបស់រាជរដ្ឋាភិបាលក្នុងការការពារអធិបតេយ្យភាព បូរណភាពទឹកដី ការពារអាយុជីវិត និងភាពរុងរឿងរបស់ជាតិ និងប្រជាជនយើងនៅគ្រប់កាលៈទេសៈ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានផ្តល់កិត្តិយសដ៏ឧត្តុង្គឧត្តមប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភី និងថតរូបអនុស្សាវរីយ៍ជាមួយគណៈគ្រប់គ្រង បុគ្គលិក សាស្ត្រាចារ្យ មាតាបិតា អាណាព្យាបាល និងនិស្សិតជ័យលាភីនាពេលនោះផងដែរ៕

ហេង វណ្ណា

ហេង វណ្ណា

ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា