តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

តម្លៃប្រេងឆៅធ្លាក់ថ្លៃលើកទី៣ជាប់ៗគ្នា ហើយត្រៀមនឹងចុះប្រចាំសប្តាហ៍

បរទេស ៖ តម្លៃប្រេងឆៅបានចុះថោក នៅថ្ងៃទី ១៨ ខែកញ្ញា ដែលជាការធ្លាក់ថ្លៃលើកទីបីជាប់ៗគ្នា ហើយ ត្រៀមនឹងបន្តធ្លាក់ជាប្រចាំសប្តាហ៍ ដោយសារតែការកាត់បន្ថយក្តីបារម្ភជុំវិញការរំខានដល់សកម្មភាពផ្គត់ផ្គង់ ពីសំណាក់ អារ៉ាប៊ី សាអូឌីត ខណៈដែលប្រទេសនាំចេញប្រេងដ៏ធំលើពិភពលោកមួយនេះបង្កើនការដឹកជញ្ជូនប្រេងឆៅ តាមច្រកអូម៉ង់ ព្រមជាមួយនឹង ការបង្កើនស្តុកប្រេងរបស់បណ្តាប្រទេសនានា។

បើតាម straitstimes, តម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ ១,៦៥ ដុល្លារអាមេរិក ឬ ១,៦ ភាគរយ មកនៅត្រឹម ១០៣,១៧ ដុល្លារក្នុងមួយបារ៉ែល។ ចំណែកតម្លៃកិច្ចសន្យាអនាគតសម្រាប់ប្រេងឆៅប្រភេទអាមេរិក US West Texas Intermediate ឬ WTI បានធ្លាក់ចុះ ៦១ សេន ឬ ០,៦ ភាគរយ មកនៅត្រឹម ១០១,៣០ ដុល្លារ។

ប្រភពបន្តថា តម្លៃប្រេង Brent ដែលជាតម្លៃគោល កំពុងស្ថិតក្នុងនិន្នាការធ្លាក់ចុះប្រចាំសប្តាហ៍ ជាលើកដំបូង ក្នុងរយៈពេលបីសប្តាហ៍ ដោយបានធ្លាក់ចុះ ១,៤ ភាគរយ។

លោក Tamas Varga អ្នកវិភាគ នៅក្រុមហ៊ុន PVM Oil Associates បានលើកឡើងថា ក្តីបារម្ភជាបន្ទាន់អំពីភាពខ្វះខាតនៃការផ្គត់ផ្គង់ត្រូវបានកាត់បន្ថយ ដោយសារកត្តារួមផ្សំមួយចំនួនដូចជា ៖ អារ៉ាប៊ីសាអូឌីតបង្កើនការដឹកជញ្ជូនប្រេងឆៅតាមរយៈប្រទេសអូម៉ង់, ការកើនឡើងនៃស្តុកផលិតផលប្រេងនៅក្នុងសហរដ្ឋអាមេរិក សិង្ហបុរី និងអឺរ៉ុប ព្រមទាំង ការកើនឡើងនៃការនាំចេញប្រេងឥន្ធនៈពីប្រទេសចិន។

គួររម្លឹកថា អារ៉ាប៊ីសាអូឌីត និងក្រុមឧទ្ទាម Houthi របស់យេម៉ែន ដែលគាំទ្រដោយអ៊ីរ៉ង់ បានបើកការវាយប្រហារគ្នាទៅវិញទៅមកនៅតាមបណ្តោយព្រំដែន កាលពីថ្ងៃទី ១៧ ខែកញ្ញា ដែលធ្វើឱ្យជម្លោះសង្គ្រាមនៅមជ្ឈិមបូព៌ាកាន់តែរីករាលដាលក៏ដោយ។

កាលពីដើមសប្តាហ៍នេះ តម្លៃប្រេងបានកើនឡើងដល់កម្រិតខ្ពស់បំផុត ក្នុងរយៈពេលជិត ៤ ខែ បន្ទាប់ពីមានប្រភពព័ត៌មានបង្ហាញឱ្យដឹងថា ការដឹកជញ្ជូនប្រេងឆៅនៅកំពង់ផែនាំចេញ Yanbu របស់អារ៉ាប៊ី សាអូឌីត ជាប់សមុទ្រក្រហមត្រូវបានផ្អាក ហើយទីក្រុងរីយ៉ាដបានលុបចោលការដឹកជញ្ជូនមួយចំនួន ទៅកាន់អឺរ៉ុប បន្ទាប់ពីបំពង់បង្ហូរប្រេង East-West របស់ខ្លួនត្រូវបានខូចខាតនៅក្នុងការវាយប្រហារមួយ កាលពីសប្តាហ៍មុន៕

ប្រភព ៖ straitstimes ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត

លន់ សារ៉ាត

ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា