កម្ពុជា បន្តបញ្ជាក់ជំហរលើសិទ្ធិមនុស្ស និងស្នើឱ្យពលរដ្ឋភៀសសឹកបានត្រឡប់ទៅផ្ទះវិញ នៅក្នុងអង្គការសហប្រជាជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កម្ពុជា បន្តបញ្ជាក់ជំហរលើសិទ្ធិមនុស្ស និងស្នើឱ្យពលរដ្ឋភៀសសឹកបានត្រឡប់ទៅផ្ទះវិញ នៅក្នុងអង្គការសហប្រជាជាតិ

កម្ពុជា បន្តបញ្ជាក់ជំហរលើសិទ្ធិមនុស្ស និងស្នើឱ្យពលរដ្ឋភៀសសឹកបានត្រឡប់ទៅផ្ទះវិញ នៅក្នុងអង្គការសហប្រជាជាតិ


នៅក្នុងអង្គការសហប្រជាជាតិ នៅថ្ងៃទី ៨ តុលា កម្ពុជាបានបន្តបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការការពារសិទ្ធិមនុស្ស និងបានអំពាវនាវឲ្យមានការវិលត្រឡប់របស់ពលរដ្ឋភៀសសឹកដោយសារការឈ្លានពានរបស់ភាគីថៃ ទៅកាន់ផ្ទះសម្បែងវិញដោយសុវត្ថិភាព និងស្របតាមច្បាប់អន្តរជាតិ។
 
នៅក្នុងសម័យប្រជុំលើកទី៦៣ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (HRC) នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កម្ពុជាបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្ស។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជា នៅថ្ងៃទី ៨ តុលា គណៈប្រតិភូកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងកិច្ចសន្ទនា និងធ្វើសេចក្តីថ្លែងការណ៍ចំនួន ២០ គ្របដណ្តប់លើបញ្ហាសិទ្ធិមនុស្សជាច្រើន រួមមានសិទ្ធិស៊ីវិល នយោបាយ សេដ្ឋកិច្ច ការប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស បញ្ហាស្ត្រី និងកុមារក្នុងស្ថានភាពជម្លោះ។
 
ក្នុងកិច្ចសន្ទនាជាមួយលោក Thomas Andrews អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា កម្ពុជាបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការវាយតម្លៃប្រកបដោយយុត្តិធម៌ និងតុល្យភាពចំពោះវឌ្ឍនភាពផ្នែកសិទ្ធិមនុស្ស។ ជាមួយគ្នានេះ កម្ពុជាបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់អ្នករាយការណ៍ពិសេសលើផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ដោយបានអំពាវនាវឱ្យមានការសម្របសម្រួលឱ្យពលរដ្ឋភៀសសឹកកម្ពុជាជាង ២០.០០០ នាក់ អាចវិលត្រឡប់ទៅកាន់លំនៅឋានវិញដោយសុវត្ថិភាព និងសេចក្តីថ្លៃថ្នូរ ស្របតាមច្បាប់អន្តរជាតិ និងសេចក្តីថ្លែងការណ៍រួមនាពេលកន្លងមក។
 
ពាក់ព័ន្ធនឹងបញ្ហាឧក្រិដ្ឋកម្មឆ្លងដែន កម្ពុជាបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ តាមរយៈការអនុវត្តច្បាប់ និងលទ្ធផលនៃ «សេចក្តីប្រកាសទីក្រុងភ្នំពេញ» ដែលត្រូវបានអនុម័តក្នុងសន្និសីទអន្តរជាតិកាលពីចុងខែកញ្ញា ដើម្បីបង្ក្រាបបណ្តាញឧក្រិដ្ឋជន និងការពារជនរងគ្រោះ។
 
ទន្ទឹមនឹងការបង្ហាញរបាយការណ៍របស់អគ្គលេខាធិការអង្គការសហប្រជាជាតិ កម្ពុជាបានរំលេចពីកិច្ចសហប្រតិបត្តិការជិត ៣០ឆ្នាំជាមួយការិយាល័យឧត្តមស្នងការសិទ្ធិមនុស្ស និងការចូលជាភាគីនៃសន្ធិសញ្ញាសិទ្ធិមនុស្សអន្តរជាតិស្នូលចំនួន ៨។ កម្ពុជាបានបញ្ជាក់ថា ការរក្សាសន្តិភាព ស្ថិរភាព ការអភិវឌ្ឍ និងការពង្រឹងនីតិរដ្ឋ គឺជាអាទិភាពធំបំផុតរបស់ជាតិ ខណៈសេរីភាពមូលដ្ឋានរបស់ប្រជាជនត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ ហើយការអនុវត្តច្បាប់ចំពោះបុគ្គលគឺធ្វើឡើងដោយផ្អែកលើអង្គហេតុជាក់ស្តែង និងនីតិវិធីត្រឹមត្រូវ។
 
បន្ថែមពីនេះ កម្ពុជាបានអំពាវនាវឱ្យអង្គការសហប្រជាជាតិដើរតួនាទីកាន់តែសកម្មក្នុងការដោះស្រាយបញ្ហាជនភៀសសឹក និងបានរួមដៃជាមួយបណ្តាប្រទេសសមាជិកអាស៊ាន ព្រមទាំងដៃគូអន្តរជាតិ ដើម្បីជំរុញសកម្មភាពលើការងារសិទ្ធិមនុស្សសំខាន់ៗ ដូចជាការលុបបំបាត់ការរើសអើងពូជសាសន៍ សិទ្ធិទទួលបានទឹកស្អាត សុខភាពផ្លូវកាយនិងចិត្ត និងការឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ក្នុងគោលដៅលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកបដោយចីរភាព៕

ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា