អ្នកបើករថយន្តក្រុងលះបង់ការជួបជុំគ្រួសារ ដើម្បីដឹកពលរដ្ឋទៅលេងស្រុកកំណើតរដូវភ្ជុំបិណ្ឌ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អ្នកបើករថយន្តក្រុងលះបង់ការជួបជុំគ្រួសារ ដើម្បីដឹកពលរដ្ឋទៅលេងស្រុកកំណើតរដូវភ្ជុំបិណ្ឌ

អ្នកបើករថយន្តក្រុងលះបង់ការជួបជុំគ្រួសារ ដើម្បីដឹកពលរដ្ឋទៅលេងស្រុកកំណើតរដូវភ្ជុំបិណ្ឌ

ក្នុងរដូវកាលដែលពលរដ្ឋខ្មែរទូទៅរីករាយជួបជុំក្រុមគ្រួសារ ក្រុមអ្នកបើករថយន្តក្រុងសាធារណៈសុខចិត្តលះបង់ពេលវេលាផ្ទាល់ខ្លួន ដើម្បីបម្រើបេសកកម្មដឹកជញ្ជូនប្រជាពលរដ្ឋទៅកាន់ស្រុកកំណើតដោយឥតគិតថ្លៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។

​រាជរដ្ឋាភិបាលកម្ពុជាបានរៀបចំរថយន្តក្រុងសាធារណៈចំនួន ៦០០គ្រឿង ដើម្បីជួយដឹកជញ្ជូនប្រជាពលរដ្ឋធ្វើដំណើរក្នុងរាជធានីភ្នំពេញ និងទៅតាមបណ្តាខេត្តនានា ដោយឥតគិតថ្លៃ រយៈពេល ៥ថ្ងៃ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌ។

នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ត្រូវជាថ្ងៃចាប់ផ្តើមការដឹកជញ្ជូន ក្រុមអ្នកបើកបររថយន្តក្រុងបានសម្តែងនូវក្តីរីករាយ ចំពោះបេសកកម្មបម្រើប្រជាពលរដ្ឋនេះ នៅក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះ។
លោក យស់ សៀ អ្នកបើកបររថយន្តក្រុងនៅស្ថានីយរង្វង់មូលគួចកាណុង ក្បែរស្ពានជ្រោយចង្វារ បានឱ្យដឹងថា ថ្វីដ្បិតតែអ្នកដទៃបានទៅជួបជុំគ្រួសារ ប៉ុន្តែរូបលោក និងក្រុមការងារបានស្ម័គ្រចិត្ត និងចូលរួមបម្រើពលរដ្ឋជិត ៥ឆ្នាំមកហើយ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងចូលឆ្នាំថ្មី។

លោកបានបន្ថែមថា ការមិនបានឈប់សម្រាកនៅថ្ងៃបុណ្យ មិនបានធ្វើឱ្យលោកអាក់អន់ចិត្តឡើយ ដោយសារខាងអង្គភាពមានការរៀបចំថ្ងៃឈប់សម្រាកសងវិញនៅក្រោយពិធីបុណ្យនេះវិញ

ដូចគ្នានេះដែរ លោក ឈឿង មុន្និន្ទ ដែលជាអ្នកចាត់ចែង និងជាអ្នកបើករថយន្តក្រុង ដឹកអ្នកដំណើរទៅតាមបណ្តាខេត្ត បានសម្តែងនូវក្តីសប្បាយរីករាយ ដែលបានចូលរួមបម្រើ និងដឹកជញ្ជូនប្រជាពលរដ្ឋទៅស្រុកកំណើតដោយសុវត្ថិភាព និងឥតគិតថ្លៃ តាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ រួសរាន់មកទទួលសេវាធ្វើដំណើរដោយសេរី និងឥតបង់ប្រាក់នេះផងដែរ។

លោកបានបន្ថែមថា បើទោះជាលោកមិនបានជួបជុំគ្រួសារនៅថ្ងៃបុណ្យនេះ ប៉ុន្តែក្រុមគ្រួសារលោកនៅតែអាចទៅវត្ត និងលេងស្រុកកំណើតបានធម្មតា ខណៈរូបលោកត្រូវឈប់សម្រាកសងវិញនៅក្រោយចប់ពិធីបុណ្យ។ លោកចាត់ទុកបេសកកម្មនេះ មិនខុសពីអាជីវករ ឬអ្នកបម្រើសេវាសាធារណៈ និងឯកជនដទៃទៀតឡើយ គឺធ្វើឡើងដោយក្តីស្រឡាញ់ និងពេញចិត្តក្នុងការបម្រើប្រជាពលរដ្ឋ។

ចំណែក លោក ហួត ណារ៉ា ប្រធានក្រុមអ្នកបើកបររថយន្តក្រុងនៅស្ថានីយរង្វង់មូលគួចកាណុង បានឱ្យដឹងថា ថ្វីដ្បិតតែមិនបានឈប់សម្រាកក្នុងអំឡុងពេលបុណ្យភ្ជុំបិណ្ឌនេះក៏ដោយ តែលោកពេញចិត្តនឹងការងារនេះ។ លោកបានបន្ថែមថា រៀងរាល់ពិធីបុណ្យចូលឆ្នាំ និងភ្ជុំបិណ្ឌ មានពលរដ្ឋយ៉ាងច្រើនកុះករមកប្រើប្រាស់សេវាដឹកជញ្ជូនឥតគិតថ្លៃនេះ ដោយរថយន្តក្រុងទាំង ៦០០គ្រឿង ត្រូវបានពលរដ្ឋជិះពេញៗស្ទើរតែគ្មានសល់កន្លែងឡើយ។

គួរបញ្ជាក់ថា ក្នុងរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៦ ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ សេវាដឹកជញ្ជូនសាធារណៈឥតគិតថ្លៃ បានប្រើប្រាស់រថយន្តក្រុងសរុប ៦០០គ្រឿង ក្នុងនោះ ១០០គ្រឿងសម្រាប់ដឹកជញ្ជូនក្នុងរាជធានីភ្នំពេញ និងទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ ខណៈ ៥០០គ្រឿងទៀត សម្រាប់ដឹកជញ្ជូនពលរដ្ឋពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត និងត្រឡប់មកវិញ តាមគោលដៅធំៗចំនួន ៦៕

ដោយ៖ម៉ាដេប៉ូ,
រូបភាព៖ លោក អ៊ូច ចិត្រ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា