ចម្លាក់ «ប្រេត» នៅប្រាសាទតានៃ មរតកសិល្បៈដ៏កម្រទាង់ទងនឹងប្រពៃណីបោះបាយបិណ្ឌរបស់ខ្មែរតាំងពីបុរាណ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ចម្លាក់ «ប្រេត» នៅប្រាសាទតានៃ មរតកសិល្បៈដ៏កម្រទាង់ទងនឹងប្រពៃណីបោះបាយបិណ្ឌរបស់ខ្មែរតាំងពីបុរាណ

ចម្លាក់ «ប្រេត» នៅប្រាសាទតានៃ មរតកសិល្បៈដ៏កម្រទាង់ទងនឹងប្រពៃណីបោះបាយបិណ្ឌរបស់ខ្មែរតាំងពីបុរាណ


ចម្លាក់ «ប្រេត» នៅលើហោជាងខ្លោងទ្វារខាងកើតប្រាសាទតានៃ ក្នុងតំបន់អង្គរ គឺជាមរតកសិល្បៈដ៏កម្របំផុតមួយក្នុងប្រវត្តិសាស្ត្រខ្មែរ ដែលនៅបន្តគង់វង្សរហូតមកដល់សព្វថ្ងៃ។ កសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ នាចុងសតវត្សរ៍ទី១២ ចម្លាក់នេះគឺជាភស្តុតាងប្រវត្តិសាស្ត្រដ៏សំខាន់ ដែលឆ្លុះបញ្ចាំងពីជំនឿសាសនា ផ្សារភ្ជាប់នឹងពិធីបោះបាយបិណ្ឌរបស់ខ្មែរតាំងពីបុរាណកាលមក។

នៅលើហោជាងនៃខ្លោងទ្វារខាងកើតប្រាសាទតានៃ​ក្នុងតំបន់បេតិកភណ្ឌអង្គរ មានរំលេចនូវចម្លាក់ «ប្រេត» ដែលអ្នកស្រាវជ្រាវជឿថា មានតែមួយគត់ និងចាស់ជាងគេក្នុងប្រវត្តិសាស្ត្រសិល្បៈខ្មែរ ដែលនៅបន្តគង់វង្សមកដល់សព្វថ្ងៃ។ ​ចម្លាក់ប្រេតដ៏វិសេសវិសាលនេះត្រូវបានកសាងឡើងតាំងពីចុងសតវត្សរ៍ទី១២ ក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដែលជានិមិត្តរូបនៃជំនឿ និងអត្តសញ្ញាណវប្បធម៌ខ្មែរយ៉ាងរឹងមាំ។
 
បុរាណវិទូ អ៊ឹម សុខរិទ្ធី ប្រធាននាយកដ្ឋានស្រាវជ្រាវ បណ្តុះបណ្តាល និងផ្សព្វផ្សាយនៃអាជ្ញាធរជាតិអប្សរា បានពន្យល់ថា ដើមហេតុនៃការកសាងចម្លាក់នេះកើតឡើងបន្ទាប់ពីសង្គ្រាមបណ្តេញទ័ពចម្ប៉ាចេញពីរាជធានីអង្គរ ដែលបានបណ្តាលឱ្យមន្ត្រី ពលទាហាន និងប្រជានុរាស្ត្រជាច្រើនបានពលីជីវិត។ ដោយក្តីបារម្ភក្រែងវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងនោះមិនបានស្ងប់សុខ ឬក្លាយជាប្រេតតែលតោល ព្រះបាទជ័យវរ្ម័នទី៧ បានប្រតិបត្តិតាមគម្ពីរ Karandavyuha នៃព្រះពុទ្ធសាសនាមហាយាន ដោយបញ្ជាឱ្យកសាងចម្លាក់ «ព្រះអវលោកិតេសូរប្រោះប្រេត» ដោយជឿថាព្រះអង្គអាចសង្គ្រោះព្រលឹងទាំងនោះឱ្យបានទៅកាន់ឋានសុគតិភព ឬអាចចាប់កំណើតជាមនុស្សលោកវិញ។
 
ម្យ៉ាងទៀត ចម្លាក់ប្រេតក៏មានទំនាក់ទំនងនឹងពិធី «បោះបាយបិណ្ឌ» ដែលជាប្រពៃណីរបស់បុព្វបុរសខ្មែរផងដែរ។ ដោយផ្អែកលើសិលាចារឹកថ្នល់បារាយណ៍ K.279 លោក អ៊ឹម សុខរិទ្ធី បានគូសបញ្ជាក់ថា ទំនៀមបោះបាយបិណ្ឌនេះមានអាយុកាលជាង ១ពាន់ឆ្នាំមកហើយ។ ការបោះបាយបិណ្ឌមិនមែនជាការបោះឱ្យប្រេតនោះទេ ប៉ុន្តែពំនូតបាយដំណើបទាំង ១៩ដុំ តំណាងឱ្យរូបកាយមនុស្ស ដើម្បីឱ្យប្រេតអាចតោងចាប់យកទៅកកើតជាភូតរូបសម្រាប់ចាប់ជាតិជាមនុស្សឡើងវិញ។
 
ការបញ្ជាក់របស់អ្នកជំនាញ ខ្មែរជឿថា មនុស្សគ្រប់រូបមានធាតុពីរគឺនាម ឬព្រលឹង និងរូប ឬរាងកាយ ហើយនៅពេលស្លាប់ទៅ រាងកាយនឹងរលាយទៅជាដី នៅសល់តែព្រលឹងប៉ុណ្ណោះ។ ដូច្នេះ គេជឿថា ដើម្បីឱ្យអ្នកស្លាប់អាចវិលមកកើតជាមនុស្សវិញបាន គឺទាល់តែធ្វើឱ្យនាម និងរូបបានភ្ជាប់គ្នាឡើងវិញ។
 
ពិធីបោះបាយបិណ្ឌក្នុងសម័យបុរាណ មិនមែនធ្វើតែក្នុងរដូវភ្ជុំបិណ្ឌដូចបច្ចុប្បន្នឡើយ គឺគេអាចធ្វើឡើងនៅពេលមានបាតុភូតយប់វែងជាងថ្ងៃ ថ្ងៃវែងជាងយប់ ឬបាតុភូតសមរាត្រី ថ្ងៃនិងយប់ស្មើគ្នា ដែលកើតឡើង ២ដងក្នុងមួយឆ្នាំ។ ដូច្នេះការបោះបាយបិណ្ឌគឺជាទំនៀមទម្លាប់ដូនតាដ៏ប្រពៃ ហើយការបោះបង់ចោលប្រពៃណីនេះ គឺស្មើនឹងការបោះបង់ចោលអត្តសញ្ញាណវប្បធម៌ផ្ទាល់ខ្លួនយ៉ាងដូច្នោះដែរ៕ ទួន សុផល

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា