វត្ថុបុរាណខ្មែរជាង ២ពាន់ត្រូវបានប្រទេសចំនួន១៧បញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល១០ឆ្នាំ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
វត្ថុបុរាណខ្មែរជាង ២ពាន់ត្រូវបានប្រទេសចំនួន១៧បញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល១០ឆ្នាំ

វត្ថុបុរាណខ្មែរជាង ២ពាន់ត្រូវបានប្រទេសចំនួន១៧បញ្ជូនមកកម្ពុជាវិញក្នុងរយៈពេល១០ឆ្នាំ

គិតចាប់ពីឆ្នាំ១៩៩៦ រហូតមកដល់ដើមខែ តុលាឆ្នាំ២០២៦នេះ វត្ថុសិល្បៈខ្មែរសរុបចំនួន ២ ៤៣៣ ត្រូវបានបញ្ជូនត្រឡប់ពីបរទេសមកកម្ពុជាវិញ តាមរយៈរូបភាពផ្សេងៗគ្នា ដូចជាការប្រគល់ដោយស្ម័គ្រចិត្ត ការចរចា ការរឹបអូស ការទាមទារ និងការប្ដឹងតាមផ្លូវតុលាការ។ នេះបើយោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈដែលឯកឧត្តម ស៊ុ ម៉ាប់ អ្នកនាំពាក្យក្រសួងវប្បធម៌ បានផ្ដល់ជូនបណ្ដាញព័ត៌មាន AMS។
 
របាយការណ៍បញ្ជាក់ថា ប្រទេសសរុបចំនួន ១៧ បានប្រគល់វត្ថុសិល្បៈខ្មែរទាំងនោះត្រឡប់មកកម្ពុជា​វិញ តាមរយៈកិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាជាមួយ​ដៃគូអន្តរជាតិ។ ប្រទេសទាំងនោះមានដូចជា ៖ អូស្ត្រាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស កាណាដា ដាណាម៉ាក បារាំង អាឡឺម៉ង់ ហុងហ្គារី ឥណ្ឌូណេស៊ី ជប៉ុន ហូឡង់ ណ័រវ៉េ សឹង្ហបុរី ស្វីស ថៃ កូរ៉េខាងត្បូង និងចិន (តៃវ៉ាន់)។
 
ក្នុងចំណោមវត្ថុបុរាណទាំងអស់ខាងលើនេះ មានវត្ថុសិល្បៈខ្មែរចំនួន ៩១២ បានប្រគល់ត្រឡប់មកវិញពីសហរដ្ឋអាមេរិក។ វត្ថុបុរាណទាំងនេះភាគច្រើនជាបដិមា ដែលពាក់ព័ន្ធនឹងព្រហ្មញ្ញសាសនា ព្រះពុទ្ធសាស​នា គ្រឿងសក្ការៈសម្រាប់ប្រើប្រាស់ក្នុងពិធីសាសនា គ្រឿងបង្គុំស្ថាបត្យកម្មបុរាណ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ផ្សេងៗ ដែលមានកាលបរិច្ឆេទតាំងពីសម័យបុរេប្រវត្តិសាស្ត្រ សម័យមុនអង្គរ រហូតដល់សម័យក្រោយអង្គរ។
 
ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្តធ្វើការស្រាវជ្រាវ ប្រមូលភស្តុតាងនៃសម្បត្តិវប្បធម៌ខ្មែរដែលត្រូវបានលួចយកចេញពីកម្ពុជាដោយខុសច្បាប់ និងដំណើរការទាមទារ ដោយសហការជាមួយសហគមន៍អន្តរជាតិ និងគ្រប់ភាគីពាក់ព័ន្ធ តាមមធ្យោបាយចរចា ដំណើរការផ្លូវទូត រដ្ឋបាល ឬតុលាការក្នុងករណីចាំបាច់ ដើម្បីនាំយកសម្បត្តិវប្បធម៌ខ្មែរដែលបានបាត់បង់ទាំងនោះ ត្រឡប់មកមាតុភូមិកំណើតវិញ។
 
សូមបញ្ជាក់ថា បច្ចុប្បន្នក្រសួងកំពុងរៀបចំបែបបទនីតិវិធីបញ្ជូនត្រឡប់មកកម្ពុជាវិញនូវវត្ថុសិល្បៈខ្មែរមួយចំនួនពីសហរដ្ឋអាមេរិក និងមួយចំនួនទៀតពីបណ្តាប្រទេសនៅអឺរ៉ុប ក្នុងនោះមានបារាំង ស្វីស និងអាល្លឺម៉ង់​ ដែលទទួលពីការ​ប្រគល់ដោយស្ម័គ្រចិត្ត និងការចរ​ចាតាមរយៈកិច្ចសហប្រតិបត្តិការជាមួយសមត្ថកិច្ចនៃប្រទេសទាំងនោះផងដែរ៕

សេង បារាំង AMS

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា