កំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
កំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ

កំណើនទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជា ឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចជាតិ

ទោះបីសេដ្ឋកិច្ចសាកលបន្តស្ថិតក្នុងស្ថានភាពមិនទាន់ច្បាស់លាស់ក៏ពិតមែន ប៉ុន្តែការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសកម្ពុជាជាមួយដៃគូពាណិជ្ជកម្មនានា​ នៅតែរក្សាបានកំណើនជាវិជ្ជមាន ដែលឆ្លុះបញ្ចាំងពីភាពរឹងមាំនៃសេដ្ឋកិច្ចរបស់កម្ពុជា។
 
ជាក់ស្ដែង នៅរយៈពេល ៩ខែ ឆ្នាំ២០២៦ ទំហំពាណិជ្ជកម្មអន្តរជាតិកម្ពុជាសរុប សម្រេចបានប្រមាណ ៥៧ ពាន់លានដុល្លារ កើនឡើងជាង ២១ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ ប្រទេសចិន អាមេរិក និងវៀតណាម គឺជាដៃគូពាណិជ្ជកម្មធំបំផុតរបស់កម្ពុជា។ នេះបើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
 
ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានអះអាងថា ស្ថិតក្នុងប្រឈមជាច្រើន ពិសេសជម្លោះនៅមជ្ឈឹមបូព៌ាដែលធ្វើឲ្យតម្លៃប្រេងឥន្ធនៈឡើងថ្លៃ រួមទាំង ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ ក៏ពិតមែន ប៉ុន្តែ កម្ពុជានៅតែអាចរក្សាបានទីផ្សារនាំចេញធំៗ ក៏ដូចជា ពង្រីកទីផ្សារនាំចេញថ្មីៗ បន្ថែម។
 
បើតាមឯកឧត្តម សុជាតិ ៖«យើងនៅរក្សាទីផ្សារធំៗរបស់យើងបានល្អ។ ទីផ្សារសហរដ្ឋអាមេរិក ទីផ្សារប្រទេសចិន ទីផ្សារ RCEP ទីផ្សារក្នុងតំបន់ និងការពង្រីកទីផ្សារថ្មីៗទៀតទៅកាន់ជ្រុងមជ្ឈឹមបូព៌ា និងអាហ្វ្រិក។ ស្ថានភាពកើនឡើងនៃការនាំចេញរបស់យើងទៅកាន់ទីផ្សារទាំងនោះវាបញ្ជាក់ពីសុខភាពសេដ្ឋកិច្ចរបស់យើង»។

ឯកឧត្តម ប៉ែន សុវិជាតិ បញ្ជាក់ថា ក្រៅពីការកើនឡើងនៃតម្លៃដឹកជញ្ជូន មិនមានបញ្ហាអ្វីគួរឲ្យកត់សម្គាល់នោះទេ ក្នុងការធ្វើពាណិជ្ជកម្មរបស់កម្ពុជា ក្នុងឆ្នាំ២០២៦នេះ។

អ្នកឧកញ៉ា ស៊ិន ចន្ធី អនុប្រធានសមាគមភស្តុភារកម្មកម្ពុជា បានកត់សម្គាល់ឃើញថា តម្លៃដឹកជញ្ជូនសាកល រួមទាំងនៅកម្ពុជា បានកើនឡើងខ្លាំងបន្ទាប់ពីជម្លោះនៅជម្ឈឹមបូព៌ា ដែលធ្វើឲ្យតម្លៃដឹកជញ្ជូនទាំងតាមផ្លូវទឹក ផ្លូវគោក និងផ្លូវអាកាស សុទ្ធតែមានកំណើន។

អាមេរិក វៀតណាម និងចិន គឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់កម្ពុជា។ យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំទំនិញទៅកាន់ទីផ្សារអាមេរិក ក្នុងទំហំទឹកប្រាក់ជិត ១២ពាន់លានដុល្លារ។ ទីផ្សារបន្ទាប់របស់កម្ពុជា គឺប្រទេសវៀតណាម ជាមួយទំហំទឹកប្រាក់ជាង ៣ពាន់លានដុល្លារ និងចិន ជាង ១,៥ពាន់លានដុល្លារ៕

ខន ណារី AMS

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា