អាជ្ញាធរជាតិអប្សរា កំពុងស្តារស្រះទឹកចំនួនពីរនៅតំបន់ប្រាសាទបាយ័នឱ្យដូចទៅនឹងអត្តសញ្ញាណដើម | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អាជ្ញាធរជាតិអប្សរា កំពុងស្តារស្រះទឹកចំនួនពីរនៅតំបន់ប្រាសាទបាយ័នឱ្យដូចទៅនឹងអត្តសញ្ញាណដើម

អាជ្ញាធរជាតិអប្សរា កំពុងស្តារស្រះទឹកចំនួនពីរនៅតំបន់ប្រាសាទបាយ័នឱ្យដូចទៅនឹងអត្តសញ្ញាណដើម

សៀមរាប៖ មន្រ្តីជំនាញនៃអាជ្ញាធរជាតិអប្សរាកំពុងតែខិតខំប្រឹងប្រែងរុះរើផ្ទាំងថ្មនៃប្រាសាទបុរាណជាច្រើនម៉ឺនដុំ ចេញពីគំនរដែលធ្លាប់តែធ្លាក់នៅក្នុងស្រះទឹកនាភាគខាងកើត ឈៀងខាងជើងនៃប្រាសាទបាយ័នដើម្បីរៀបចំថ្មឱ្យមានសណ្តាប់ធ្នាប់ខណៈគម្រោងរើថ្មប្រាសាទចេញនេះអាចនឹងបញ្ចប់នៅប៉ុន្មានខែខាងមុខ។

Advertisement

បុគ្គលិកបច្ចេកទេសនាយកដ្ឋានអភិរក្សប្រាសាទនិងបុរាណវិទ្យានៃអាជ្ញាជាធរជាតិអប្សរា លោកស្រី ទឹម ធីតា និយាយថា ការរុះរើបំណែកថ្មនៃប្រាសាទបុរាណចេញពីស្រះទឹកនេះ គឺក្នុងបំណងរៀបចំសណ្តាប់ធ្នាប់គំនរថ្ម និងដឹកជញ្ជូនទៅរក្សាទុកនៅទីតាំងសមស្រប។ ម្យ៉ាងទៀត គឺដើម្បីលើកតម្លៃ និងស្តារស្រះទឹកទាំង២នៅភាគខាងកើតប្រាសាទបាយ័នឡើងវិញឱ្យដូចទៅនឹងអត្តសញ្ញាណដើម និងទម្រង់ស្ថាបត្យកម្មដើមនៃប្រាសាទបាយ័នទាំងមូលផង។ នេះបើអាជ្ញាធរជាតិអប្សរា។

លោកស្រីឱ្យដឹងទៀតថា  គំនរថ្មនៃប្រាសាទបុរាណនេះ មួយផ្នែកធ្លាប់បានប្រមូលនៅក្នុងបរិវេណរួតទី៣ និងនៅរោងទងទី១នៃប្រាសាទបាយ័នដោយអ្នកអភិក្សជនជាតិបារាំង កាលពីចន្លោះឆ្នាំ១៩១៩-១៩៣០ម្ដងមកហើយ។
ក្រុមអ្នកជំនាញឱ្យដឹងថា ថ្មប្រាសាទបុរាណភាគច្រើនដែលធ្លាក់ជាគំនរនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ននោះ គឺជាប្រភេទថ្មដំបូល៥០ភាគរយ ក្រៅពីនេះមាន ថ្មហោជាង ធ្នឹម សសរ ថ្មកំពូលព្រហ្ម ខឿន និងថ្មចម្លាក់តូចៗដែលបានបាក់បែកមុខជាដើម។ ស្ថានភាពថ្មមុនពេលរើ គឺមានសភាពនៅរាយប៉ាយគរគ្នា និងគុណភាពថ្ម ឃើញនៅល្អភាគច្រើន។

អាជ្ញាធរជាតិអប្សរា បញ្ជាក់ថា៖«ដំណាក់កាលដំបូង គឺក្រុមការងារនឹងរើគំនរថ្មយកទៅដាក់នៅបរិវេណមុខប្រាសាទសិន បន្ទាប់ពីរើថ្មអស់ហើយ គឺក្រុមការងារនឹងត្រូវបែងចែកប្រភេទថ្មថា មួយណាជាប្រភេទថ្មដំបូល ថ្មណាជាសសរ ដោយត្រូវយកទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន។ រហូតមកដល់ពេលនេះ ក្រុមការងារនៃអាជ្ញាធរជាតិអប្សរាបានរើផ្ទាំងថ្ម នៃប្រាសាទបុរាណទៅដាក់នៅផ្នែកខាងជើងនៃប្រាសាទបាយ័ន បានចំនួនប្រហែលជាង៤ពាន់ដុំហើយ»។

អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាលោក ឡុង កុសល មានប្រសាសន៍ថា ការចងក្រង អភិរក្ស ការថែទាំប្រាសាទ​ ជួសជុល និងការរៀបចំសណ្តាប់ធ្នាប់ផ្សេងៗនៅតំបន់ប្រាសាទដែលជាសម្បត្តិបេតិកភណ្ឌជាតិ និងពិភពលោក គឺជារឿងសំខាន់ដែលអាជ្ញាធរជាតិអប្សរាតែងតែយកចិត្តទុកដាក់។ លោកថ្លែងថា៖‍«ក្រុមការងារតាមជំនាញគ្រប់ផ្នែក បានធ្វើការយ៉ាងយកចិត្តទុកដាក់ទាំងការថែទាំ សម្អាត ការរៀបចំថ្មប្រាសាទ និងផ្គុំថ្មប្រាសាទជាដើម ព្រោះវាមានសារៈសំខាន់ណាស់សម្រាប់សេដ្ឋកិច្ច និយាយជារួម ជាពិសេសលើកតម្លៃប្រាសាទរបស់យើង»។

ក្រុមការងារបានសន្និដ្ឋានថា ថ្មប្រាសាទបុរាណ ដែលគេត្រូវរើចេញពីគំនរទាំងអស់មានប្រហែល២ម៉ឺនដុំ។ការងាររុះរើផ្ទាំងថ្មនៃប្រាសាទបុរាណចេញពីគំនរដែលធ្លាប់តែនៅក្នុងស្រះទឹកនាភាគខាងកើតឈៀងខាងជើងនៃប្រាសាទបាយ័ន គឺបានចាប់ផ្តើមតាំងពីដើមឆ្នាំ២០២៣មកម៉្លេះ ដោយដំណាក់កាលដំបូងចាប់ផ្តើមពីការសិក្សាស្វែងរកឯកសារ ការសម្រង់ប្លង់ ថតរូបស្ថានភាពថ្មមុនពេលរើ ហើយក៏គ្រោងនឹងបញ្ចប់នៅខែសីហាឬខែកញ្ញាខាងមុខនេះ។  នេះបើតាមអាជ្ញាធរជាតិអប្សរា៕ដោយ៖សុខ រក្សា

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា