ក្រុមហ៊ុនរបស់ជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងនឹងដើមឈើប្រណិតលំដាប់ផ្កាយ ៥ ពិភពលោកនៅលើភ្នំគូលែន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ក្រុមហ៊ុនរបស់ជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងនឹងដើមឈើប្រណិតលំដាប់ផ្កាយ ៥ ពិភពលោកនៅលើភ្នំគូលែន

ក្រុមហ៊ុនរបស់ជប៉ុន គ្រោងសាងសង់ផ្ទះបន្តោងនឹងដើមឈើប្រណិតលំដាប់ផ្កាយ ៥ ពិភពលោកនៅលើភ្នំគូលែន

ភ្នំពេញ៖ ក្រុមហ៊ុនTree​Ful របស់ប្រទេសជប៉ុនគ្រោងបោះទុនវិនិយោគសាងសង់ផ្ទះបន្តោងលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោក នឹងដើមឈើប្រណិតនៅលើភ្នំគូលែននៃទឹកដីខេត្តសៀមរាប ដើម្បីឱ្យទីតាំងនេះក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា ក្នុងការទាក់ទាញទេសចរពីគ្រប់ទិសទី។

Advertisement

គម្រោងវិនិយោគនេះបន្ទាប់ពីក្រុមហ៊ុន Tree​​Ful បានបំបែកឯតទគ្កកម្មផ្ទះបន្តោង (Tree house) ប្រណិតកម្រិតសណ្ឋាគារផ្កាយ៥ពិភពលោក(Guinness World Records) នៅកោះអូគីណាវ៉ា កាលពីដើមសីហាឆ្នាំ២០២២កន្លងមកនេះ។ លោក ណាបេសស៊ីណា កាត្សូហ៊ីតូ(Nabesshima Katsuhito) តំណាងក្រុមហ៊ុន TreeFul បានឱ្យដឹងថា ក្រោយបំបែកកំណត់ត្រារួចមក កាលពីដើមឆ្នាំ២០២៣នេះ លោក សាតូរ៉ូ គីគូហ្គាវ៉ា(Satoru Kikugawa) ជាវិស្វករដ៏ល្បីម្នាក់លំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន TreeFul បានអញ្ជើញមកប្រទេសកម្ពុជាដោយលោកបានចុះទៅផ្ទាល់នៅតាមទីតាំងមួយចំនួននៅក្នុងប្រទេសកម្ពុជា។ នេះបើតាមប្រភពមន្ទីរព័ត៌មានខេត្តសៀមរាបកាលពីថ្ងៃទី ២៦ ខែកក្កដាឆ្នាំ២០២៣។

តំណាងក្រុមហ៊ុន TreeFul បន្តទៀតថា បន្ទាប់ពីឃើញនូវសក្តានុពលរបស់ភ្នំគូលែនដោយផ្ទាល់ភ្នែក លោក សាតូរ៉ូ គីគូហ្គាវ៉ា  ក៏មានចំណាប់អារម្មណ៍ក្នុងសាងសង់ផ្ទះបន្តោងប្រណិត នៅលើភ្នំប្រវត្តិសាស្ត្រ ព្រមទាំងបានបញ្ជូនអ្នកជំនាញទាំងផ្នែកកសិកម្ម ផ្នែកបរិស្ថាន និងផ្នែកបច្ចេកទេស ខណៈតំបន់ភ្នំគូលែននេះ មានដើមឈើធំៗ មានទឹក មានសត្វព្រៃ។ ដូច្នេះវាត្រូវនឹងគំនិតនៃការបង្កើត ផ្ទះបន្តោងដើមឈើនេះ។

លោកឱ្យដឹងថា៖«អ្នកជំនាញបានមកពិនិត្យវាយតម្លៃអំពីសក្តានុពល និងផលប៉ះពាល់នៅតំបន់នេះ និងឈានដល់ការកសាងផែនការមេ ដាក់ជូនក្រសួងពាក់ព័ន្ធដើម្បីសុំការអនុញ្ញាតសម្រាប់ការវិនិយោគមួយនេះ»។ លោក កាត្សូហ៊ីតូ បញ្ជាក់ផងដែរថា ក្នុងករណីទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាល គម្រោងនេះ នឹងផ្តល់ផលចំណេញច្រើនដល់កម្ពុជា ទាំងផ្នែកសេដ្ឋកិច្ច បរិស្ថាន និងការកាត់បន្ថយភាពក្រីក្ររបស់ពលរដ្ឋនៅក្នុងតំបន់ផងដែរ។ ព្រោះថាផ្ទះបន្តោងនេះ វាក្លាយជាកញ្ចប់ផលិតផលទេសចរណ៍មួយថ្មីនៅកម្ពុជា  ពិសេសវានឹងជួយទាក់ទាញអ្នកទេសចរដែលមានគុណភាពឱ្យមកលេង និងពន្យាពេលស្នាក់នៅកម្ពុជា ក្នុងនោះខេត្តសៀមរាបផ្ទាល់។

លោកបានលើកឡើងថា ផ្ទះបន្តោងនេះ វានឹងត្រូវរចនាឡើងដោយប្រណិតភាព។ វាក៏ជាគម្រោងមួយដែលមានមេត្រីភាពជាមួយបរិស្ថាន ខណៈប្រទេសជប៉ុន ជាប្រទេសដែលស្រឡាញ់បរិស្ថាន ដូច្នេះគម្រោងនេះ វាមិនបានបំផ្លាញបរិស្ថាននោះទេ ហើយវាក៏ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព(SDG)។

តំណាងក្រុមហ៊ុន TreeFul បន្ថែមថា ហេតុនេះពេលគម្រោងនេះអនុវត្ត កម្ពុជាក៏អាចក្លាយជាគោលដៅដាក់ទុនវិនិយោគរបស់ក្រុមហ៊ុនជប៉ុនដទៃទៀត ដែលគេបានស្គាល់កម្ពុជា តាមរយៈផ្ទះបន្តោងដើមឈើ (Tree house) របស់ក្រុមហ៊ុន TreeFul នេះ។

ជុំវិញគម្រោងវិនិយោគនេះលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) បានឱ្យដឹងថា គម្រោងវិនិយោគនេះគឺជារឿងល្អសម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប និងសម្រាប់ប្រទេសកម្ពុជាទាំងមូលផងដែរ។ លោកស្រីមើលឃើញថា៖« ភាគច្រើនក្រុមហ៊ុនរបស់ជប៉ុនប្រសិនជាពួកគាត់បោះទុនវិនិយោគហើយ គឺទទួលបានទាំងគុណភាព ព្រមទាំងបានរួមចំណែកជួយទៅដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន»។

លោកស្រីបន្តទៀតថា​ រាល់ការវិនិយោគរបស់ក្រុមហ៊ុនជប៉ុន តែងតែអត្ថប្រយោជន៍ច្រើនដល់ពលរដ្ឋខ្មែរ ពីព្រោះជប៉ុន គឺមិនសូវយកបុគ្គលិកពីប្រទេសរបស់ពួកគាត់នោះទេ ស្របពេលដែលការវិនិយោគរបស់ពួកគាត់ ផ្ដោតខ្លាំងទៅលើគុណភាព ហើយក៏ជៀសវាងនូវផលប៉ះពាល់លើបរិស្ថានជាដើម។

ក្រៅពីនេះទៀត លោកស្រីថា ការបោះទុនវិនិយោគទៅលើការសាងសង់ផ្ទះបន្តោងដើមឈើប្រណិតលំដាប់សណ្ឋាគារផ្កាយ៥ពិភពលោកនៅកម្ពុជា​ វានឹងបង្កើនការចាប់អារម្មណ៍ដល់ភ្ញៀវទេសចរណ៍មកទស្សនានៅកម្ពុជាផងដែរ។ លោកស្រីថ្លែងថាកស្រីថា សណ្ឋារកិច្ច។ងមូល មានឱកាសការងារុនជប៉ុននេះដែរ នឹងធ្វើឱ្យប្រជាពលរដ្ឋទាំងក្នុងតំបន់ និងក្បែរតំបន់ទាំងនោះ៖ «ប្រសិនជាបដិសណ្ឋារកិច្ចបែបលក្ខណៈលំដាប់ផ្កាយ៥នេះកើតឡើង វានឹងធ្វើការទាក់ទាញភ្ញៀវទេសចរណ៍ច្រើនទូទាំងពិភពលោក ហើយក៏កាន់តែធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់កម្ពុជា គឺកាន់តែល្បីរន្ទឺផងដែរ តាមរយៈការវិនិយោគសេវាកម្មបែបនេះ»៕ដោយ៖ ជា សុខនី

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា