ACU បញ្ជូនខ្លួនអតីតអភិបាលក្រុងកែបទៅតុលាការពាក់ព័ន្ធករណីសម្អាតប្រាក់និងរំលោភអំណាច | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ACU បញ្ជូនខ្លួនអតីតអភិបាលក្រុងកែបទៅតុលាការពាក់ព័ន្ធករណីសម្អាតប្រាក់និងរំលោភអំណាច

ACU បញ្ជូនខ្លួនអតីតអភិបាលក្រុងកែបទៅតុលាការពាក់ព័ន្ធករណីសម្អាតប្រាក់និងរំលោភអំណាច

ភ្នំពេញ៖ អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយ លោក សយ ច័ន្ទវិចិត្រ បានមានប្រសាសន៍ AMS នៅរសៀលថ្ងៃទី១៣ ខែមករានេះថា លោក ខេង យ័ន ដែលជាអតីតអភិបាលក្រុងកែប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ម៉ោងប្រមាណ ៤:៣០នាទីរសៀល ហើយនៅរសៀលនេះ អង្គភាពប្រឆាំងអំពើពុករលួយនឹងបញ្ជូនសំណុំរឿងរបស់គាត់ និងរូបគាត់ទៅកាន់តុលាការ។

អ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបញ្ជាក់ថា “ចំពោះសំណុំរឿងរបស់គាត់ដែលអង្គភាពប្រឆាំងអំពើពុករលួយបញ្ជូនទៅតុលាការនេះគឺមានជាប់ពាក់ព័ន្ធទៅនឹងករណី ចំពោះពីរ ទី១.ពីបទរំលោភអំណាចដែលមានចែងក្នុងមាត្រា ៣៥ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ និងទី២.ពីបទលាងសម្អាតប្រាក់”។

សូមជម្រាបថា កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប។ ការបញ្ចប់មុខតំណែងនេះ គឺមួយថ្ងៃបន្ទាប់ពីអង្គភាពប្រឆាំងអំពើពុករលួយបានឃាត់ខ្លួនលោកខេង យ័ន កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤។ ជាមួយនឹងការចេញអនុក្រឹត្យបញ្ចប់តំណែងលោក ខេង យ័ន ពីអភិបាល នៃគណៈអភិបាលក្រុងកែប នៃខេត្តកែប សម្តេចធិបតី ហ៊ុន ម៉ាណែត បានសរសេរនៅលើបណ្តាញតេឡេក្រាមថា ថ្ងៃនេះ (១២មករា) សម្តេចមានការចាំបាច់ត្រូវអនុវត្តអភិក្រមទី៥ គឺ “ការវះកាត់” តាមរយៈការចុះហត្ថលេខា ដើម្បីបញ្ចប់មុខតំណែងរបស់អភិបាលក្រុងកែប ដែលបានប្រើប្រាស់អំណាចនៃតួនាទីរបស់ខ្លួនប្រព្រឹត្តអំពើដែលនាំឲ្យប៉ះពាល់ដល់ផលប្រយោជន៍រដ្ឋ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋជាច្រើន។ ការសម្រេចចិត្តនេះ គឺផ្អែកទៅលើមូលដ្ឋានច្បាស់លាស់ នៃការស៊ើបអង្កេតរបស់អង្គភាពប្រឆាំងអំពើពុករលួយ។ សម្តេចធិបតីនាយករដ្ឋមន្ត្រីសង្ឃឹមថា មន្ត្រីទាំងអស់របស់រាជរដ្ឋាភិបាលទាំងថ្នាក់ជាតិ និងក្រោមជាតិ នឹងប្រកាន់ខ្ជាប់នូវអភិក្រមទី១ រហូតដល់ទី៤ ឲ្យបានជាប់ជាប្រចាំ ជាពិសេសក្នុងការបម្រើប្រជាពលរដ្ឋឲ្យបានល្អ និងដើម្បីជៀសវាងការឈានទៅដល់ការអនុវត្តអភិក្រមទី៥។ ទោះជាយ៉ាងណាក៏ដោយ រាជរដ្ឋាភិបាលនឹងបន្តប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការវះកាត់(អភិក្រមទី៥) ចំពោះមន្ត្រីដែលប្រព្រឹត្តអំពើខុសឆ្គងនាំឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាតិនិងប្រជាជន៕
ដោយ៖ពលជ័យ

ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា