សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentAMS TravelKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន

សម្ដេចធិបតី ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន

ភ្នំពេញ៖ តបតាមការអញ្ជើញរបស់ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១០-១១ ខែកុម្ភៈ ឆ្នាំ២០២៥។

Advertisement

ឯកឧត្តម មាស សុភ័ណ្ឌ ប្រធានក្រុមអ្នកនាំពាក្យរបស់នាយករដ្ឋមន្រ្តី បានបញ្ជាក់ថា ដំណើរទស្សនកិច្ចផ្លូវការនាពេលនេះ នឹងផ្តល់នូវសន្ទុះថ្មីក្នុងការពង្រឹង និងពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដល់ល្អ ដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តថា គណៈប្រតិភូជាន់ខ្ពស់ ដែលអញ្ជីញអមដំណើរសម្ដេចបវរធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសនេះ រួមមាន៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ឯកឧត្តម លោកជំទាវ ជា រដ្ឋមន្ត្រី, រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ព្រមទាំងមន្ត្រីជាន់ខ្ពស់ក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួន រួមនឹងគណៈប្រតិភូសភាពាណិជ្ជកម្មកម្ពុជា និងសមាគមឧកញ៉ាកម្ពុជាផងដែរ។

ឯកឧត្តម មាស សុភ័ណ្ឌ បានបន្តទៀតថា ក្នុងដំណើរទស្សនកិច្ចផ្លូវការនេះ សម្តេចបវរធិបតី នឹងមានជំនួបទ្វេភាគីជាមួយ ឯកឧត្តម Ferdinand R. Marcos Jr ប្រធានាធិបតី នៃសាធារណរដ្ឋហ្វីលីពីន ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី តំបន់ និងអន្តរជាតិ។ បន្ទាប់ពីជំនួបទ្វេភាគីនេះ ថ្នាក់ដឹកនាំទាំងពីរ នឹងចូលរួមជាអធិបតីក្នុងពិធីផ្លាស់ប្តូរឯកសារកិច្ចសហប្រតិបត្តិការដែលបានចុះហត្ថលេខាមួយចំនួន។ សម្តេចធិបតី ក៏នឹងជួបពិភាក្សាការងារដាច់ដោយឡែកជាមួយ ឯកឧត្តម Francis “Chiz” G. Escudero ប្រធានព្រឹទ្ធសភា និងឯកឧត្តម Ferdinand Martin Gomez Romualdez ប្រធានរដ្ឋសភា នៃសាធារណរដ្ឋហ្វីលីពីន ផងដែរ។ ក្រៅពីកម្មវិធីខាងលើ សម្ដេចបវរធិបតី នឹងអញ្ជើញផ្តល់កិត្តិយសថ្លែងសុន្ទរកថាបើកវេទិកាធុរកិច្ចកម្ពុជា-ហ្វីលីពីន និងទទួលជំនួបសម្តែងការគួរសមជាបន្តបន្ទាប់ពីបណ្តាក្រុមហ៊ុនវិនិយោគហ្វីលីពីនមួយចំនួនទៀត។

ឯកឧត្តម មាស សុភ័ណ្ឌ បានបញ្ជាក់ថា សម្ដេចមហាបវរធិបតី នាយករដ្ឋមន្រ្តី នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាល ធ្វើមាតុភូមិនិវត្តន៍មកដល់ព្រះរាជាណាកម្ពុជាវិញ នៅល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥៕
ដោយ៖ពលជ័យ
រូបភាព៖ហ្វេសប៊ុកផេកសម្តេចធិបតី ហ៊ុន ម៉ាណែត

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា