ត្រីកម្រចំនួនពីរប្រភេទ ត្រូវបានលែងចូលទីធម្មជាតិវិញ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ត្រីកម្រចំនួនពីរប្រភេទ ត្រូវបានលែងចូលទីធម្មជាតិវិញ

ត្រីកម្រចំនួនពីរប្រភេទ ត្រូវបានលែងចូលទីធម្មជាតិវិញ

ភ្នំពេញ៖ត្រីដ៏កម្រចំនួនពីរប្រភេទដែលកំពុងរស់នៅប្រទេសកម្ពុជាគឺត្រីរាជ និងត្រីគល់រាំង តែងត្រូវបានសមត្ថកិច្ចធ្វើការ​លែងចូល​ក្នុងជម្រកធម្មជាតិរបស់វាវិញ ក្រោយអ្នកនេសាទចាប់បានមកនោះ។ការលែងចូលទឹកទន្លេធម្មជាតិ​វិញនេះធ្វើ​ឡើងដើម្បីអភិរក្ស​សត្វត្រីទឹកសាបទាំងនេះឱ្យគង់វង្សយូរអង្វែង។

Advertisement

អាន៖អង្គការអច្ឆរិយៈនៃទន្លេមេគង្គ(Wonders of the Mekong)ឱ្យដឹងនៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៥ នេះថា​ត្រីរាជមួយ​ក្បាលមានទម្ងន់ចំនួន ៦០គីឡូក្រាម មានប្រវែង១,៧០ម៉ែត្រម៉ែត្រ ដែលជាប្រភេទត្រីកម្រជិតផុតពូជត្រូវអ្នកនេសាទចាប់បាន​ដោយឧបកណ៍នេសាទ «លបឡុក»។បន្ទាប់ពីចាប់បានអ្នកនេសាទបានរាយការណ៍ និងប្រគល់ជូនសមត្ថកិច្ចដើម្បី​អភិរក្ស​ត្រីប្រភេទនេះ

អង្គការអច្ឆរិយៈនៃទន្លេមេគង្គបានបង្ហាញឈ្មោះអ្នកនេសាទបានត្រីរាជមួយក្បាលខាងលើគឺលោក ឈិត សេងហ៊ឹង ភេទប្រុស អាយុ ៥៩ឆ្នាំ រស់នៅឃុំកំពង់លួង ស្រុកក្រគរ ខេត្ដពោធិ៍សាត់ ។ត្រីរាជមួយក្បាលនេះបានចូលក្នុងលបឡុករបស់គាត់។
អ្នកនេសាទរូបនេះក៏បានរាយការណ៍ដោយស្ម័គ្រចិត្តអំពីការចាប់បានត្រីរាជមួយក្បាលនេះ ដើម្បីឱ្យក្រុមការងារអភិរក្ស​ចុះទៅ​បំពាក់ស្លាក និងលែងចូលទៅកន្លែងអភិរក្សជលផលវិញ។

ដោយឡែកត្រីគល់រាំងមួយក្បាលទៀតដែលមានទម្ងន់៦,២គីឡូក្រាម និងប្រវែង៦៧សង់ទីម៉ែត្រ ក៏ត្រូវបានគេលែងចូល​ក្នុង​ជម្រកធម្មជាតិផងដែរនាចុងសប្តាហ៍កន្លងមក។ត្រីគល់រាំងមួយក្បាលនេះត្រូវបានលោកស្រី ញឹក ស៊ីយ៉ុន អាយុ៥៨ឆ្នាំ ម្ចាស់​គន្លងដាយ៤ដេ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញចាប់បាន ហើយគាត់បានប្រគល់ឱ្យសមត្ថកិច្ចដើម្បីលែងក្នុងជម្រកធម្មជាតិ។

គួរបញ្ជាក់ថា ត្រីគល់រាំង និងត្រីរាជទាំងពីរក្បាល ត្រូវបានលែងទៅក្នុងដែនធម្មជាតិវិញដោយលោក លឹម សុខតូ អភិបាល​រង​ខេត្តពោធិ៍សាត់កាលពីចុងសប្តាហ៍កន្លងមក ។

សូមរំលឹកដែរថា«ត្រីរាជ» ជាប្រភេទត្រីទឹកសាប ដែលចូលចិត្តរស់នៅតាមបឹងទន្លេសាប និងតំបន់មេគង្គលើ ជាពិសេសតាមអន្លង់នៅក្នុងទន្លេមេគង្គ ក្នុងខេត្តក្រចេះ និងស្ទឹងត្រែង។ បច្ចុប្បន្នត្រីនេះ ត្រូវបានចាត់ថ្នាក់ក្នុងបញ្ជីក្រហម ជាត្រីកំពុងរងការគំរាមកំហែងយ៉ាងខ្លាំង ឈានទៅរកការផុតពូជ របស់អង្គការសហភាពអន្តរជាតិ ដើម្បីអភិរក្សធម្មជាតិ IUCN។ ត្រីរាជ ក៏ត្រូវបានហាមឃាត់ការនេសាទ ទិញលក់ និងដឹកជញ្ជូន ចាប់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ។
ដោយឡែកត្រីគល់រាំង ជាមច្ឆជាតិនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា។ ឈ្មោះជាភាសាជាតិ «ត្រីកាហោ ឬត្រីក្បាលឡាន»។

ត្រីគល់រាំងវាជាប្រភេទត្រីមានទំហំធំជាងគេក្នុងចំណោមត្រី ៣ ប្រភេទនៅកម្ពុជាក្នុងនោះមានត្រីរាជ ត្រីគល់រាំង និងត្រីបបែលយក្ស។ ត្រីកម្រប្រភេទនេះវាអាចមានទម្ងន់ពី១៥០-៣០០គីឡូក្រាម និងប្រវែងដងខ្លួនពី២-៣ម៉ែត្រ។ ជាប្រភេទត្រីមានស្រកាធំៗគ្របដណ្តប់លើផ្ទៃដងខ្លួនទាំងមូល លើកលែងតែផ្នែកក្បាល និងព្រុយប៉ុណ្ណោះ។
ត្រីប្រភេទនេះ ត្រូវការពារដោយក្រឹត្យច្បាប់ ស្តីពី ការគ្រប់គ្រងវិស័យជលផល ។ ត្រីគល់រាំង គេឃើញមានរស់នៅតាមដងទន្លេមេគង្គ ជាពិសេសសំបូរជាងគេនៅបឹងទន្លេសាប។លើសពីនេះត្រីគល់រាំងគេឃើញបុព្វបុរសខ្មែរយើងឆ្លាក់ជារូបចម្លាក់ដាក់លើប្រាង្គប្រាសាទអង្គរវត្ត។ក្រៅពីនេះគេនិយមយកស្រកាត្រីគល់រាំងមកធ្វើជាសីទាត់ក្នុងល្បែងប្រជាប្រិយខ្មែរទៀតផង៕
ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា