រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន សម្លាប់សត្វព្រៃ និងជីវចម្រុះ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន សម្លាប់សត្វព្រៃ និងជីវចម្រុះ

រដ្ឋមន្រ្តីក្រសួងបរិស្ថាន៖សង្គ្រាមឈ្លានពាននាំមកនូវការប្រព្រឹត្តឧក្រិដ្ឋកម្មបរិស្ថាន សម្លាប់សត្វព្រៃ និងជីវចម្រុះ

ភ្នំពេញ៖សង្គ្រាមឈ្លានពានដោយប្រើកម្លាំងយោធា ដើម្បីរំលោភបំពានបូរណភាពទឹកដីនៃរដ្ឋអធិបតេយ្យមួយទៀតគឺមិនត្រឹមតែជាការរំលោភសិទ្ធិមនុស្ស និងច្បាប់អន្តរជាតិប៉ុណ្ណោះទេ តែជាអំពើឧក្រិដ្ឋប្រឆាំងនឹងបរិស្ថានផងដែរ។ នេះជាការលើកឡើងពីសំណាក់ ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។
ថ្លែងក្នុងវិចារណកថាស្តីពីសង្រ្គាម និងបរិស្ថាននាព្រឹកថ្ងៃទី ២ ខែ មករា ឆ្នាំ ២០២៥នេះ ឯកឧត្តម អ៊ាង សុផល្លែតបានឱ្យដឹងថាសកម្មភាពសង្រ្គាមទាំងអស់នេះបានបង្កឲ្យមានការបំផ្លិចបំផ្លាញប្រព័ន្ធអេកូឡូស៊ី ការបំពុលបរិស្ថាននិងជីវៈចម្រុះក្នុងទ្រង់ទ្រាយធំ និងមានលក្ខណៈយូរអង្វែង ហើយឈានដល់មិនអាចស្តារមកវិញបានឡើយ។ ផលប៉ះពាល់ទាំងនេះ មិនបញ្ចប់ត្រឹមតំបន់សមរភូមិនោះទេ ប៉ុន្តែអាចបន្តរយៈពេលជាច្រើនជំនាន់។ ការឈ្លានពានដែលជាអំពើឧក្រិដ្ឋកម្មបរិស្ថាននេះ គឺទាមទារចាំបាច់ឲ្យមានការទទួលខុសត្រូវលើការការពារបរិស្ថាននិងធនធានធម្មជាតិ និងការយកចិត្តទុកដាក់កាន់តែខ្លាំងក្នុងពេលមានជម្លោះ រួមទាំងបន្ថែមនូវការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព ដើម្បីពង្រឹងការអនុវត្តច្បាប់ និងធានាចីរភាពបរិស្ថាននិងធនធានធម្មជាតិសម្រាប់មនុស្សជំនាន់ក្រោយនិងពេលអនាគត
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងថាប្រតិបត្តិការយោធា ដែលបង្កជាសង្គ្រាម គឺជាមូលហេតុសំខាន់មួយនាំឲ្យមានការបំផ្លាញប្រព័ន្ធអេកូឡូស៊ីនិងទីជម្រកធម្មជាតិយ៉ាងធ្ងន់ធ្ងរ។ ការប្រើប្រាស់សព្វាអាវុធធន់ធ្ងន់ ការបាញ់ផ្សែងពុល ការបំផ្ទុះគ្រាប់បែក និងសកម្មភាពយោធានានា បានបំផ្លាញព្រៃឈើ ដីស្រែ ទន្លេ និងតំបន់សមុទ្រ ដែលជាមូលដ្ឋានសម្រាប់ជីវិតរបស់មនុស្ស សត្វព្រៃ និងមច្ឆជាតិ។ ពេលប្រព័ន្ធអេកូឡូស៊ីត្រូវបានបំផ្លាញ សមតុល្យធម្មជាតិក៏ដួលរលំបណ្ដាលឲ្យបាត់បង់ជីវៈចម្រុះ និងការផុតពូជសត្វនិងរុក្ខជាតិជាច្រើនប្រភេទ។ ក្រៅពីការបំផ្លាញដោយផ្ទាល់ សង្គ្រាមក៏បង្កការបំពុលបរិស្ថានយ៉ាងធ្ងន់ធ្ងរផងដែរ។ សំណល់អាវុធ សារធាតុគីមី ប្រេង និងសម្ភារៈយោធាផ្សេងៗ អាចជ្រៀតចូលទៅក្នុងដី និងប្រភពទឹក បង្កគ្រោះថ្នាក់ដល់សុខភាពមនុស្ស និងសត្វ។ ការបំផ្លាញទីជម្រកធម្មជាតិ ធ្វើឲ្យសត្វព្រៃខ្វះជម្រករស់នៅ និងអាហារ បង្ខំឲ្យមានការផ្លាស់ទី ឬត្រូវស្លាប់បាត់បង់។ ជាមួយគ្នានេះ សហគមន៍មនុស្សដែលអាស្រ័យលើធនធានធម្មជាតិ ក៏រងផលប៉ះពាល់ដូចគ្នា ដោយបាត់បង់ដីធ្លីកសិកម្ម និងជីវភាពប្រចាំថ្ងៃ។ ផលវិបាកទាំងនេះអាចបន្តពីជំនាន់មួយទៅជំនាន់មួយ បង្កជាបញ្ហាបរិស្ថាន សង្គម និងសេដ្ឋកិច្ចយ៉ាងស្មុគស្មាញ។
រដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងដោយបញ្ជាក់ថាសង្គ្រាមឈ្លានពានជាមូលហេតុដ៏សំខាន់មួយដែលបង្កការបំពុលបរិស្ថានក្នុងទ្រង់ទ្រាយធំ ជាពិសេស លើ ដី ដែនអាកាស និងទឹក។ ការប្រើប្រាស់អាវុធ ការបំផ្ទុះគ្រាប់បែក សកម្មភាពយោធា និងសំណល់សង្គ្រាម បានបញ្ចេញសារធាតុពុលចូលទៅក្នុងធម្មជាតិ បង្កផលប៉ះពាល់យូរអង្វែងដល់សុខភាពមនុស្ស ប្រព័ន្ធអេកូឡូស៊ី និងជីវភាពសហគមន៍។ ការបំពុលដី គឺសារធាតុទាំងនេះអាចជ្រៀតចូលទៅក្នុងដី បំផ្លាញគុណភាពដីកសិកម្ម ធ្វើឲ្យដំណាំលូតលាស់មិនបានល្អ និងបង្កហានិភ័យដល់សុវត្ថិភាពអាហារ។ ការបំពុលអាកាស កើតឡើងពីលម្អង និងឧស្ម័នគីមីពុលដែលបានបាញ់ស្រោចពីយន្តហោះចម្បាំង ឬបញ្ចេញពីការបំផ្ទុះ និងការដុតសម្ភារៈយោធា។ ផ្សែងពុល និងធូលីល្អិតអាចប៉ះពាល់ដល់ប្រព័ន្ធផ្លូវដង្ហើមនឹងបង្កជំងឺរ៉ាំរ៉ៃ។ ការបំពុលអាកាសក៏អាចរាលដាលឆ្ងាយពីតំបន់ សង្គ្រាម តាមរយៈខ្យល់ បង្កផលប៉ះពាល់ដល់តំបន់ជិតខាងផងដែរ។ការបំពុលទឹក គឺជាបញ្ហាធ្ងន់ធ្ងរមិនអាចមើលរំលងបាន។ ប្រេង សារធាតុគីមី និងសំណល់ សង្គ្រាមអាចហូរចូលទៅក្នុងប្រភពទឹកធម្មជាតិដែលមនុស្សនិងសត្វពឹងអាស្រ័យ ដូចជាទន្លេ បឹង និងសមុទ្រ បំផ្លាញជីវិតសត្វទឹក និងធ្វើឲ្យប្រភពទឹកស្អាតក្លាយជាមិនសុវត្ថិភាពសម្រាប់ប្រើប្រាស់។ សហគមន៍ដែលអាស្រ័យលើទឹកសម្រាប់ផឹក កសិកម្ម និងនេសាទ តែងរងផលប៉ះពាល់យ៉ាងខ្លាំង ព្រមទាំងមានហានិភ័យជំងឺឆ្លងផ្សេងៗ។ក្រៅពីនេះការការបំពុលដោយសំឡេង គឺជាបញ្ហាបរិស្ថានមួយដែលកើតឡើងនៅពេលមានសំឡេងខ្លាំងលើសកម្រិតធម្មតា ហើយប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងបរិស្ថានជុំវិញ។ ក្នុងស្ថានភាពសង្គ្រាម ការបំពុលដោយសំឡេងកើតមានយ៉ាងខ្លាំង ពិសេសពីការបំផ្ទុះគ្រាប់បែក កាំភ្លើងធន់ធ្ងន់ និងការហោះហើររបស់យន្តហោះចម្បាំង។ ការបំផ្ទុះគ្រាប់បែក ស្នូរកាំភ្លើងធន់ធ្ងន់ និងសំឡេងយន្តហោះចម្បាំង បង្កសំឡេងខ្លាំងបំផុត ដែលអាចឮឆ្ងាយជាច្រើនគីឡូម៉ែត្រ។ សំឡេង បែបនេះអាចធ្វើឲ្យមនុស្សមានអារម្មណ៍ភ័យខ្លាច ធុញថប់ ស្ត្រេស និងបាត់បង់សមត្ថភាពស្តាប់ជាបណ្ដោះអាសន្ន ឬយូរអង្វែង។ ចំពោះសត្វព្រៃ សំឡេងផ្ទុះអាចរំខានដល់ការរស់នៅធម្មតា បណ្តាលឲ្យពួកសត្វព្រៃរត់គេចចេញពីទីជម្រក បាត់បង់ទីកន្លែងស្វែងរកអាហារ និងការបន្តពូជ។
ជាមួយគ្នានេះរដ្ឋមន្រ្តីក្រសួងបរិស្ថានបានលើកឡើងពីផលប៉ះពាល់ដល់សត្វព្រៃ និងជីវៈចម្រុះ។ ផលប៉ះពាល់យូរអង្វែងដល់អាកាសធាតុ និងសុខភាព។ ការរំលោភកាតព្វកិច្ចការពារបរិស្ថាន

Advertisement

បទដ្ឋានគតិយុត្តអន្តរជាតិស្តីពីបរិស្ថានទាំងឡាយ មិនត្រូវបានគោរពនៅពេលមានការឈ្លានពានដោយប្រដាប់អាវុធ ដើម្បីសម្រេចគោលដៅយោធារបស់គេ។
ជាងនេះទៅទៀតរដ្ឋមន្រ្តីក្រសួងបរិស្ថានលើកឡើងពីបញ្ហាច្បាប់ និងគោលការណ៍អន្តរជាតិទាក់ទងនឹងបរិស្ថាន និងសង្គ្រាម ច្បាប់អន្តរជាតិផ្តល់ការការពារសំខាន់ៗសម្រាប់បរិស្ថានធម្មជាតិក្នុងអំឡុងពេលជម្លោះប្រដាប់អាវុធ។ ការការពារទាំងនេះត្រូវបានឆ្លុះបញ្ចាំងនៅក្នុងច្បាប់មនុស្សធម៌អន្តរជាតិ ច្បាប់ព្រហ្មទណ្ឌអន្តរជាតិ ។
ក្រសួងបរិស្ថានបានឱ្យដឹងដែរពី សង្គ្រាមមិនដែលនាំមកនូវផលវិជ្ជមានដល់បរិស្ថានទេ វាតែងបង្កនូវវិនាសកម្មទាំងសត្វ និងទាំងមនុស្សជាតិទាំងមូល។ ក្នុងន័យនេះ រាល់ជម្លោះទាំងអស់ គប្បីប្រើយន្តការចរចា និងគោលការណ៍ច្បាប់ មកដោះស្រាយដោយសន្តិវិធី ដើម្បីរក្សាឱ្យខាងតែបាននូវសន្តិភាព និងសុខដុមរមនីយកម្ម រវាងមនុស្សនឹងមនុស្ស និងមនុស្សនឹងធម្មជាតិ។ ការការពារបរិស្ថានក្នុងពេលមានជម្លោះ មិនមែនជាជម្រើសនោះទេ ប៉ុន្តែវាជា កាតព្វកិច្ចមនុស្សធម៌។ យើងត្រូវរួមគ្នាពង្រឹងការអនុវត្តច្បាប់អន្តរជាតិ និងបង្កើនការប្តេជ្ញាចិត្តសកលចំពោះសន្តិភាព៕ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ

អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា