ប្រទេសកម្ពុជាកំពុងជំរុញការពង្រីកស្ថានីយសាកបញ្ចូលថាមពលយានយន្តអគ្គិសនី EV ខណៈចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុក។ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
ប្រទេសកម្ពុជាកំពុងជំរុញការពង្រីកស្ថានីយសាកបញ្ចូលថាមពលយានយន្តអគ្គិសនី EV ខណៈចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុក។

ប្រទេសកម្ពុជាកំពុងជំរុញការពង្រីកស្ថានីយសាកបញ្ចូលថាមពលយានយន្តអគ្គិសនី EV ខណៈចំនួនអ្នកប្រើប្រាស់កើនឡើងយ៉ាងគំហុក។

ទួន សុផល

Advertisement

រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវវិធានការក្តៅក្នុងការជំរុញឱ្យប្រតិបត្តិករអគ្គិសនីពង្រីកបណ្តាញស្ថានីយបញ្ចូលថាមពលយានយន្តអគ្គិសនី (EV) នៅទូទាំងប្រទេសឱ្យបានឆាប់រហ័ស ដើម្បីឆ្លើយតបទៅនឹងកំណើននៃការប្រើប្រាស់ដែលបានហក់ឡើងដល់ជិត ១ម៉ឺន ៣ពាន់ គ្រឿង គិតត្រឹមឆ្នាំ២០២៥។

អាជ្ញាធរអគ្គិសនីកម្ពុជា (EAC) បានអំពាវនាវដល់អ្នកផ្តល់អាជ្ញាបណ្ណសេវាផ្គត់ផ្គង់អគ្គិសនីទាំងអស់ ឱ្យពិនិត្យលទ្ធភាពវិនិយោគបង្កើតស្ថានីយសាកថាមពលនៅក្នុងតំបន់ប្រតិបត្តិការរបស់ខ្លួន ព្រមទាំងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីផ្ទាល់ ក្នុងសកម្មភាពអាជីវកម្ម ដើម្បីជាគំរូ និងជំរុញប្រព័ន្ធអេកូឡូស៊ីបៃតងឱ្យកាន់តែរឹងមាំ។

យោងតាមទិន្នន័យពីឯកឧត្តម ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន គិតត្រឹមឆ្នាំ២០២៥ យានយន្តអគ្គិសនីដែលបានចុះបញ្ជីមានចំនួនសរុបជិត ១ម៉ឺន ៣ពាន់គ្រឿង ក្នុងនោះរួមមានរថយន្ត ៩ ០៦៥ គ្រឿង ម៉ូតូ ៣ ២០៣ គ្រឿង និងត្រីចក្រយាន ៧០០ គ្រឿង។

កំណើននេះគឺជាសញ្ញាវិជ្ជមានមួយឆ្ពោះទៅរកការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រជាតិឆ្នាំ២០២៤-២០៣០ ដែលកម្ពុជារំពឹងថា នឹងមានយានយន្តអគ្គិសនីរហូតដល់ ៧៧ម៉ឺនគ្រឿង ចរាចរណ៍លើដងផ្លូវក្នុងឆ្នាំ២០៣០។ ដើម្បីគាំទ្រដល់ចក្ខុវិស័យនេះ រដ្ឋាភិបាលក៏បានត្រៀមដាក់ឱ្យដំណើរការស្ថានីយបញ្ចូលថាមពលថ្មីៗបន្ថែមទៀតនៅតាមបណ្តាខេត្តទាំង ២៥ នាពេលខាងមុខ។

ទន្ទឹមនឹងការពង្រីកហេដ្ឋារចនាសម្ព័ន្ធ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល បានគូសបញ្ជាក់អំពីផែនការប្រើប្រាស់កញ្ចប់ថវិកាវិនិយោគដ៏ធំ ដើម្បីធានាឱ្យមានស្ថានីយសាកបញ្ចូលថាមពលតាមដងផ្លូវធំៗទូទាំងប្រទេស។ លើសពីនេះ ក្រសួងក៏មានគម្រោងសិក្សាកាត់បន្ថយថ្លៃសេវាបញ្ចូលថាមពលពីតម្លៃបច្ចុប្បន្ន ១ ៦០០ ទៅ ១ ៧០០ រៀល មកនៅកម្រិតទាបជាងមុន ដើម្បីកាត់បន្ថយបន្ទុកចំណាយ និងលើកទឹកចិត្តឱ្យសាធារណជនងាកមកប្រើប្រាស់យានយន្តអគ្គិសនីកាន់តែច្រើនឡើង។

ផែនការយុទ្ធសាស្ត្រនេះ មិនត្រឹមតែផ្ដោតលើតែយានយន្តឯកជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគ្របដណ្ដប់ដល់វិស័យដឹកជញ្ជូនទំនិញ ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការកាត់បន្ថយការបំភាយឧស្ម័នពុល និងកសាងអនាគតប្រកបដោយចីរភាពនៅកម្ពុជា៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា