អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ | APSARA MEDIA SERVICES

បណ្ដាញផ្សព្វផ្សាយយើងខ្ញុំផ្សេងទៀត

EconomyEducationSportsInfotainmentKhmer CivilizationPolitico 360 Dark ModeAMS ONE-MINUTEកម្ពុជាមាតុភូមិខ្ញុំសច្ចធម៌ប្រវត្តិសាស្ត្រAPSARA TV 11សម្លេងយុវជនសម្លេងមាតុភូមិ
APSARA Media Services Light Logo
អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ
នយោបាយ 12/02/2026

អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន៖ ហ្វីលីពីនត្រៀមខ្លួនរួចរាល់ក្នុងការបន្តដឹកនាំក្រុម AOT ដើម្បីសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ

នាព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៦, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម នាយឧត្តមសេនីយ៍ Romeo S. Brawner Jr. អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្ដិភាព។

Advertisement

ក្នុងឱកាសនៃជំនួបនេះ, ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គមេបញ្ជាការកងទ័ពហ្វីលីពីន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ សម្ដេចធិបតី ដែលបានអនុញ្ញាតឱ្យរូបឯកឧត្តម និងគណៈប្រតិភូ ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ។ ឯកឧត្តមអគ្គមេបញ្ជាការ ក៏បានរំលឹកឡើងវិញនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ និងយូរអង្វែង រវាងប្រទេសទាំងពីរ ជាពិសេសរវាងកងទ័ព និងកងទ័ព។ ក្នុងន័យនេះ, ឯកឧត្តមបានគូសបញ្ជាក់អំពីការប្ដេជ្ញាចិត្តក្នុងការបន្តជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកងទ័ព រវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។

ជាការឆ្លើយតប, សម្ដេចធិបតី បានសម្ដែងនូវការស្វាគមន៍យ៉ាងកក់ក្ដៅចំពោះ ឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជា និងរីករាយដែលបានជួបជាមួយ ឯកឧត្តមអគ្គមេបញ្ជាការជាថ្មីម្តងទៀត។ សម្ដេចធិបតី ក៏បានសម្ដែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការពារជាតិ នៃប្រទេសទាំងពីរ ជាពិសេស កិច្ចសហប្រតិបត្តិការក្នុងការចែករំលែកបទពិសោធន៍ និងការកសាងសមត្ថភាពរវាងកងទ័ពនៃប្រទេសទាំងពីរ។ សម្ដេចធិបតី បានបង្ហាញនូវក្ដីសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការរវាងកងទ័ពទាំងពីរ នឹងត្រូវបានពង្រឹង និងពង្រីកបន្ថែមទៀត ទាំងផ្នែកកងទ័ពជើងគោក ជើងទឹក និងជើងអាកាស។

ពាក់ព័ន្ធនឹងសភាពការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ, សម្ដេចធិបតី ក៏បានបញ្ជាក់ជូនឯកឧត្តមអគ្គមេបញ្ជាការ និងគណៈប្រតិភូនូវការវិវត្តថ្មីៗ នៃសភាព ការណ៍ព្រំដែន កម្ពុជា-ថៃ និងបញ្ជាក់ពីជំហររបស់កម្ពុជាក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើកិច្ចព្រមព្រៀងទ្វេភាគី អនុសញ្ញា និងសន្ធិសញ្ញាដែលមានស្រាប់ ព្រមទាំងច្បាប់អន្តរជាតិ។ កម្ពុជាប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការគោរពនូវកិច្ចព្រមព្រៀងដែលប្រទេសទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ បន្ថែមលើនេះ, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះតួនាទីរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT) និងជឿជាក់ថា ក្រោមការដឹកនាំរបស់ហ្វីលីពីន ក្រុម AOT នឹងបន្តចូលរួមចំណែកយ៉ាងសកម្មថែមទៀតក្នុងការសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន កម្ពុជា-ថៃ ដោយសន្តិវិធី។

ឯកឧត្តមអគ្គមេបញ្ជាការ បានលើកឡើងថា ហ្វីលីពីនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះបញ្ហានេះ និងបានត្រៀមខ្លួនរួចជាស្រេចក្នុងការបន្តដឹកនាំក្រុម AOT ក្នុងគោលបំណងសម្របសម្រួលដោះស្រាយបញ្ហាព្រំដែនដោយអព្យាក្រឹត្យ សំដៅនាំមកនូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសទាំងពីរ ក៏ដូចជាតំបន់ទាំងមូលផងដែរ៕

ទាវ សារៈមុនី

ទាវ សារៈមុនី

ទាវ សារៈមុនី មានអាជីពក្នុងវិស័យសារព័ត៌មានជាច្រើនឆ្នាំ ។ជាមួយបទពិសោធន៍ និងការគោរពដោយខ្ជាប់ខ្ជួននូវក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន លោកនឹងផ្តល់នូវព័ត៌មានទុកចិត្តបាន និងជាគុណប្រយោជន៍៕

ពាណិជ្ជកម្មទីតាំងទ៣ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ពាណិជ្ជកម្មទីតាំងទី១ - Advertisement
ឆ្នាំ២០២៥ © រក្សាសិទ្ធិគ្រប់យ៉ាងដោយ៖ អគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍អប្សរា